កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករកំពូល១០រូបដែលខកខានចូលរួមប្រកួត World Cup នៅប្រទេសកាតា
11, Apr 2022 , 8:29 am        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតមួយដែលនឹងបង្ហាញពីសមត្ថភាពកីឡាករកំពូលលំដាប់ថ្នាក់ពិភពលោកមកប្រមូលផ្តុំគ្នា ដើម្បីប្រកួតប្រជែងនៅប្រទេសកាតានាចុងឆ្នាំ ២០២២។



កាលពីមុនៗមកទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់អន្តរជាតិមួយនេះបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅតំបន់មជ្ឈិមបូព៌ាលើកដំបូង ក៏បានក្លាយជារឿងមួយដ៏ចម្រូងចម្រាសខ្លាំងនៅក្នុងពិភពបាល់ទាត់។
 
ទោះជាយ៉ាងនេះក្តីផ្តោតទៅលើក្រុមជម្រើសជាតិនីមួយៗវិញនិងតារាបាល់ទាត់ជាច្រើនដែលនឹងត្រូវបង្ហាញវត្តមាននៅប្រទេសកាតាក្នុងពេលខាងមុខផងនោះ ក្នុងនោះក៏កំពូលកីឡាករផ្សេងៗជាច្រើនដែលនឹងត្រូវអវត្តមានពីការប្រកួតបាល់ទាត់ដ៏ធំមួយនេះ ដោយសារតែមិនអាចប្រជែងកៅអីបានតាមតំបន់។
 
វីរៈបុរសបាល់ទាត់ដូចជា​ Eric Cantona, George Weah, Ryan Giggs, George Best ព្រមទាំង Alfredo Di Stefano ក៏ស្ថិតក្នុងចំណោមជាកីឡាករកំពូលៗដែលមិនធ្លាប់បានលេងក្នុងការប្រកួត World Cup។ 
 
ខាងក្រោមនេះជាកីឡាករកំពូលៗ ១០ រូបពេលបច្ចុប្បន្នដែលនឹងត្រូវខកខានការប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា៖ បើតាមគេហទំព័រ The Sporting News
 
១. Erling Haaland សញ្ជាតិន័រវែស វ័យ២១ឆ្នាំ​ ប្រទេសន័រវែសធ្លាក់ចេញពីការប្រកួតជម្រុះ World Cup ក្នុងពូល G តំបន់អឺរ៉ុប។
 
២. Mohamed Salah សញ្ជាតិអេហ្ស៊ីប វ័យ២៩ឆ្នាំ អេហ្ស៊ីបធ្លាក់ចេញពីការជម្រុះផ្តាច់ព្រ័ត្រ Play-off តំបន់អាហ្រ្វិកដោយចាញ់ក្រោមថ្វីជើងក្រុមសេណេហ្គាល់ដោយបាល់ពិន័យ១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៣-១។
 
៣. Zlatan Ibrahimovic សញ្ជាតិស៊ុយអែត វ័យ៤០ឆ្នាំ អ៊ុយអែតខកខានកៅអី World Cup ត្រឹមវគ្គជម្រុះផ្តាច់ព្រ័ត្រ Play-off តំបន់អឺរ៉ុប ក្រោយចាញ់ក្រុមប៉ូឡូញ ក្នុងលទ្ធផល ២-១។
 
៤. Luis Diaz សញ្ជាតិកូឡំប៊ី វ័យ ២៥ឆ្នាំ លេងឱ្យក្រុម Liverpool ប្រទេសកូឡំប៊ីធ្លាក់ចេញពីការប្រជម្រុះ World Cup តំបន់ទ្វីបអាម៉េរិកខាងជើង ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្រោមប៉េរូលេខ៥ ទទួលបានកៅអី Play-off អន្តរទ្វីប។
 
៥. Pierre-Emerick Aubameyang សញ្ជាតិហ្គាបុង ជម្រើសជាតិហ្គាបុងធ្លាក់ចេញពីការប្រកួតជម្រុះ World Cup តំបន់អាហ្រ្វិលត្រឹមវគ្គចែកពូល ដោយប្រទេសអេហ្ស៊ីបឈរលេខមួយក្នុងពូលទទួលបានកៅអី Play-off ផ្តាច់ព្រ័ត្រ។
 
៦. Martin Odegaard សញ្ជាតិន័រវែស ជាកីឡាករដ៏សំខាន់មួយរូបពេលបច្ចុប្បន្ននៅក្លិបកាំភ្លើងធំ Arsenal ហើយក៏ជាប្រធានក្រុមជម្រើសជាតិន័រវែស នឹងជាដៃគូរជាមួយខ្សែប្រយុទ្ធ Erling Haaland។
 
៧. David Alaba សញ្ជាតិអូទ្រីស តារារបស់ក្រុម Real Madrid រូបនេះមិនបានទៅកាន់ការប្រកួត World Cup ដោយសារតែជម្រើសជាតិអូទ្រីសបានធ្លាក់ចេញក្រោយចាញ់ វែលស៍ លទ្ធផល ២-១ វគ្គជម្រុះពាក់កណ្តាល់ផ្តាច់ព្រ័ត្រតំបន់អឺរ៉ុប។
 
៨. Patrick Schick សញ្ជាតិឆែក អំឡុងការប្រកួតពានរង្វាន់ Euro 2020 រូបគេត្រូវបានពិភពបាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែការប្រកួតជម្រុះ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អឺរ៉ុប សាធារណៈរដ្ឋឆែកធ្លាក់ចេញក្រោមថ្វីជើង ស៊ុយអែតលទ្ធផល ១-០។
 
៩. Marca Varatti សញ្ជាតិអ៊ីតាលី ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលអ៊ីតាលីជាក្រុមម្ចាស់ឯក Euro 2020 បែរជាមិនអាចឆ្លងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup នៅកាតា ដោយត្រូវបានក្រុមម៉ាសេដ្វានខាងជើងទម្លាក់ក្នុងលទ្ធផល ១-០ ពីការប្រកួតជម្រុះតំបន់អឹរ៉ុប។
 
១០. Riyad Mahrez សញ្ជាតិអាល់ហ្សេរី កីឡាកររូបនេះមានបទពិសោធន៍យ៉ាងច្រើនក្នុងការប្រកួតព្រឹត្តិការណ៍ធំៗជាមួយ Manchester City ប៉ុន្តែការប្រកួត World Cup អាល់ហ្សេរីបានបរាជ័យត្រឹមការប្រកួតជម្រុះក្រោមថ្វីជើងកាមេរូនលទ្ធផល ២-១៕
 

Tag:
 World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com