អន្តរជាតិ
ព្រឹទ្ធសភាអាម៉េរិក​​បោះឆ្នោត​ឲ្យ​លោកស្រី Jackson ​ក្លាយ​ជា​ចៅក្រម​ស្រ្តី​ស្បែកខ្មៅ​ដំបូង​​​នៅ​តុលាការ​កំពូល​​
09, Apr 2022 , 2:29 pm        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន - លោកស្រី Ketanji Brown Jackson ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​គាំទ្រ​កាលពីថ្ងៃ​ព្រហស្បតិ៍ ​ឲ្យក្លាយ​ជា​ចៅ​ក្រមស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេនៅ​តុលាការ​កំពូល​អាមេរិក​ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក និង​ជា​ជោគជ័យ​មួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​បានធ្វើ​ទៅតាម​ការសន្យា​របស់​លោក​ក្នុង​អំឡុង​ពេល​នៃ​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​លោកធ្លាប់​បាន​សន្យា​ថា នឹង​ដាក់​បញ្ជូល​ចៅក្រម​ដែល​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​សហព័ន្ធ​អាមេរិក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

 
ការបោះឆ្នោត​គាំទ្រ​លោកស្រី​ចៅក្រម​តុលាការ​ឧទ្ធរណ៍​ដែល​មាន​វ័យ​៥១ឆ្នាំ​រូប​នោះ​ដើម្បី​ឲ្យ​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិកដែល​មាន​អាណត្តិ​មួយ​ជីវិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការគាំទ្រពី​សមាជិកព្រឹទ្ធសភា​អាមេរិក​ក្នុង​សំឡេង​ឆ្នោត​៥៣ទល់​នឹង​៤៧​សំឡេង។ 
 
សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣រូបនៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​លោកស្រី Susan Collins លោក​ស្រី Lisa Murkowski និង​លោក Mitt Romney បាន​បោះ​ឆ្នោត​គាំទ្រចៅក្រម​រូប​នេះ​ជាមួយ​បណ្តា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​អស់​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Joe Biden។
 
ការបោះឆ្នោត​នេះ​ ត្រូវការ​សំឡេង​គាំទ្រ​ភាគច្រើន​៥០% បូក​មួយ ហើយ​លោកស្រី Jackson បានយក​ឈ្នះ​លើ​ការប្រឆាំង​របស់​សមាជិកព្រឹទ្ធសភា​អាមេរិក​ភាគ​ច្រើន​នៃគណបក្ស​សាធារណរដ្ឋ​នៅក្នុង​ដំណើរការ​អនុម័តលើ​ការតែង​តាំង​ចៅក្រម​តុលាការ​កំពូលរបស់​លោកស្រី​ដែល​នៅតែ​មាន​ការបែងចែក​ប្រកាន់​គណបក្សយ៉ាងខ្លាំង​នោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com