ជាតិ
«ភូមិសង្រ្កាន្ត» តម្រូវឱ្យអ្នកទៅកម្សាន្តស្លៀកឈុតប្រពៃណីខ្មែរ
09, Apr 2022 , 3:59 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប រៀបចំសៀមរាបសង្រ្កាន្ត រយៈពេល៥ថ្ងៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា។ ក្នុងពិធីនេះ ក៏មានរៀបចំ «ភូមិសង្រ្កាន្ត» ដោយតម្រូវឱ្យអ្នកចូលរួម ត្រូវស្លៀកពាក់ប្រពៃណី ឬខោអាវតាមទម្រង់ជាជនជាតិខ្មែរ។

 
អភិបាលខេត្តសៀមរាប បានឱ្យសារព័ត៌មានថ្មីៗដឹងថា ភូមិសង្រ្កាន្ត នឹងរៀបចំនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នៃរមណីយដ្ឋានអង្គរ ដោយតម្រូវឱ្យអ្នកចូលរួមកម្សាន្ត​ ស្លៀកសម្លៀកបំពាក់ប្រពៃណី ឬខោអាវខ្មែរជាចាំបាច់។ 
 

 
លោក ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះថា៖« យើងមានបំណងរៀបចំ ថ្ងៃខ្មែរ តាមពិតយើងចង់រៀបចំតាំងពីឆ្នាំ២០២០ តែដោយសារកូវីដ១៩ ក៏អាក់ខានទៅ ហើយយើងយកមករៀបចំឆ្នាំ២០២២ នេះ ប៉ុន្តែយើងហៅថា ភូមិសង្រ្កាន្ត នៅប្រាសាទចៅសាយទេវតា និងធម្មនន្ទ ហើយយើងដាក់ជាតំបន់មួយជាខ្មែរបុរាណសុទ្ធសាធតែម្ដង ចឹងភ្ញៀវទេសចរជាតិ ទាំងអន្តរជាតិ ចូលទៅក្នុងតំបន់នោះ មានលក្ខខណ្ឌមួយ គឺត្រូវតែស្លៀកពាក់ខ្មែរតែម្ដង»។
 

 
លោកអភិបាលបន្ថែមថា ភ្ញៀវទេសចរ អាចជួល ឬទិញសម្លៀកបំពាក់ខ្មែរ នៅទីតាំងដែលរៀបចំពិធីក៏បាន ឬជាវតាមផ្សារដែលមានដាក់លក់ ដូចជាប្រភេទ ខោជាវ អាវខ្មែរ តាមផ្សារចាស់ ឬផ្សារលើ តាមតម្រូវការជាក់ស្ដែង ដែលកត្តានេះ នឹងជួយសេដ្ឋកិច្ចដល់អាជីវករតាមទីផ្សារមួយផ្នែកផងដែរ ខណៈដែលកន្លងមកពួកគេមានការលំបាកដោយបញ្ហាជំងឺកូវីដ១៩។
 
សូមបញ្ជាក់ថា សៀមរាបសង្រ្កាន្ត នឹងរៀបចំនៅទីតាំងសំខាន់ៗចំនួន៣ ទី១ តំបន់មាត់ស្ទឹងសៀម រាប ទី២ ផាប់ស្រ្ទីត និងទី៣ នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ៕
 

 
 

Tag:
 សៀមរាបសង្រ្កាន្ត
  ភូមិសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com