អន្តរជាតិ
ស្លូវ៉ាគី ថាខ្លួនបានផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ុយក្រែន
09, Apr 2022 , 7:29 pm        
រូបភាព
ប្រព័ន្ធការពារមីស៊ីល S-300។ រូបភាព៖ AP
ប្រព័ន្ធការពារមីស៊ីល S-300។ រូបភាព៖ AP
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger នៅថ្ងៃទី​៨​ ខែមេសា បានអះអាងថា ស្លូវ៉ាគីបានផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 របស់ខ្លួនដល់អ៊ុយក្រែន ដើម្បីជួយការពារនឹងការវាយប្រហាររបស់រុស្ស៊ី។ យ៉ាងណាមិញមេដឹកនាំរូបនេះ បានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយដល់អ៊ុយក្រែន មិនមែនមានន័យថា សមាជិកអង្គការណាតូបានចូលរួមក្នុងសង្គ្រាមនោះទេ។

 
ក្នុងសារមួយដែលបានបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី​៨​ ខែមេសា លោក Eduard Heger បានសរសេរថា ស្លូវ៉ាគីបា នបរិច្ចាគអាវុធប្រឆាំងយន្តហោះចម្បាំងដែលផលិតដោយសូវៀត ទៅអ៊ុយក្រែន។ ប៉ុន្តែ ការបរិច្ចាគនេះ មិនមែនមានន័យថាសហភាពអឺរ៉ុប (EU) និងសមាជិកអង្គការណាតូ បានចូលរួមក្នុងជម្លោះជាមួយរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤​ ខែកុម្ភៈនោះទេ។
 
«ខ្ញុំអាចបញ្ជាក់បានថា សាធារណរដ្ឋស្លូវ៉ាគី បានបរិច្ចាគប្រព័ន្ធការពារដែនអាកាស S-300 ដល់អ៊ុយក្រែន តាមសំណើសុំ»។ លោក Heger បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការបរិច្ចាគខាងលើ មិនមែនមានន័យថា សាធារណរដ្ឋស្លូវ៉ាគី បានក្លាយជាផ្នែកមួយនៃជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនទេ។
 
លោក Heger បាននិយាយថា ស្លូវ៉ាគីកំពុងផ្តល់ S-300 ដល់អ៊ុយក្រែន ដោយជឿថាប្រព័ន្ធនេះនឹងជួយសង្រ្គោះជីវិតប្រជាជនអ៊ុយក្រែនស្លូតត្រង់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នៅខែមីនាកន្លងទៅ ស្លូវ៉ាគី បានអះអាងថាខ្លួននឹងផ្តល់ប្រព័ន្ធការពារដល់អ៊ុយក្រែន តែក្នុងលក្ខខណ្ឌដែលខ្លួនទទួលបានអាវុធជំនួសប៉ុណ្ណោះ។
 
គួរបញ្ជាក់ ចាប់តាំងពីផ្ទុះសង្គ្រាម អ៊ុយក្រែន​បាន​អំពាវនាវ​ដល់​ប្រទេស​លោក​ខាង​លិច​ឱ្យជួយគាំទ្រផ្នែកយោធា ដោយបញ្ជូនអាវុធ និងឧបករណ៍​ការពារ​ដែន​អាកាស ដើម្បី​​ទប់ទល់​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី។
 
​នៅថ្ងៃទី៨ ខែមេសាដដែល រដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានចេញមុខបញ្ជាក់ថា ខ្លួននឹងបញ្ជូនប្រព័ន្ធសព្វាវុធថ្មីទៅកាន់អ៊ុយក្រែន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសណាតូបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល និងយល់ព្រមពន្លឿនការផ្តល់អាវុធជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
 
ក្រោយមានការជំរុញពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba​ លើបញ្ហាពន្លឿនការបញ្ជូនអាវុធ រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លិងខិន បាននិយាយថា អាម៉េរិក និងប្រទេសចំនួន៣០ ផ្សេងទៀតកំពុងបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ហើយដំណើរការនោះនឹងកាន់តែខ្លាំងក្លាជាងមុន៕ 
 

Tag:
 ស្លូវ៉ាគី
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com