អន្តរជាតិ
វិធានការចំនួន៣ ជួយដោះស្រាយវិបត្តិចំណីអាហារសកល ក្រោយសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន
09, Apr 2022 , 8:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
តាមទិន្នន័យបានចុះផ្សាយលើទំព័រ Our World in Data តម្លៃចំណីអាហារអន្តរជាតិ​បានកើនឡើងជាលំដាប់ក្នុងឆ្នាំ ២០២២។ បញ្ហានេះបានកើតឡើង ដោយសារវិបត្តិអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត ខណៈ​ប្រទេសទាំងពីរ គឺជាអ្នកផលិត និងនាំចេញចំណីអាហារជាច្រើនមុខទៅពិភពលោក។ ប្រទេសជា​ច្រើនបានជួបបញ្ហាខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ ក្រៅ​ពីបញ្ហាខ្វះថាមពល។ វិធានការចំនួន៣ ត្រូវបានលើកឡើង ដើម្បីជួយទប់ស្កាត់​ហានិភ័យនៃភាពអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារនៅថ្ងៃអនាគត។

 
អ៊ុយក្រែន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារម្ហូបអាហារពិភពលោក។ អ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកនាំចេញដំណាំធញ្ញជាតិប្រមាណ ៣០ភាគរយនៃការនាំចេញ​សកលដែលមានដូចជា ស្រូវសាលី ពោត និងដំណាំផ្សេងទៀតជាច្រើន។ លើសពីនេះ អ៊ុយក្រែនក៏បានគ្រប់​គ្រងការនាំចេញប្រេងផ្កាឈូករ័ត្នពាក់កណ្ដាលនៃពិភពលោកដែរ។ 
 
ទន្ទឹមនេះ អ៊ុយក្រែនបានរួមចំណែកដ៏ធំជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលជាទី​ភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្តល់ជំនួយស្បៀងអាហារដល់ប្រទេសដែល​មានវិបត្តិ។ ប្រធាន WFP លោក David Beasley បានប៉ាន់ប្រមាណថា កន្លងមកអ៊ុយក្រែន​បានផ្គត់ផ្គង់ស្រូវសាលី ៤០ភាគរយនៃទិន្នផលសរុបរបស់ខ្លួនទៅឱ្យកម្មវិធីមនុស្សធម៌​មួយនេះ។ 
 
យ៉ាងណាមិញ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំឱ្យមានការរំខានយ៉ាងខ្លាំងលើ​ប្រព័ន្ធចំណីអាហារពិភពលោក តាមរយៈការបំផ្លាញដោយសង្រ្គាមផ្ទាល់ និងការដាក់ទណ្ឌកម្មពី​សំណាក់បណ្ដាប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀតលើរុស្ស៊ី។ នេះមានន័យថា ឆ្នាំ២០២២ កំពុងក្លាយជាឆ្នាំដ៏​លំបាកសម្រាប់ប្រព័ន្ធស្បៀងអាហារពិភពលោក។
 
ពិភពលោកកំពុងព្រួយបារម្ភថាវិបត្តិនេះ នឹងអាចដូចទៅនឹងវិបត្តិកាលពីឆ្នាំ២០០៧។ នៅពេល​នោះតម្លៃម្ហូបអាហារ នឹងកើនឡើងយ៉ាងខ្លាំងដោយសារការកើនឡើងតម្លៃប្រេង ថ្លៃដឹកជញ្ជូនខ្ពស់ តម្រូវការអេតា​ណុលដែលចម្រាញ់ពីពោត ផ្ទុះឡើង​ ទុនបំរុងសម្រាប់គ្រាប់ធញ្ញជាតិទាប ហើយ​បញ្ហាអាកាសធាតុក៏រំខានវិស័យផលិតគ្រាប់ធញ្ញជាតិទៀត។ ដូច្នេះ អ្នកជំនាញបានលើកឡើង​ពីវិធានការចំនួនបីដែលអាចជួយទប់ស្កាត់ការដួលរលំប្រព័ន្ធផ្គត់ផ្គង់អាហារសកលក្រោយវិបត្តិអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយលើទំព័រព័ត៌មាន The Conversation។
 
ទីមួយ ក្រុមអ្នកផលិតគ្រាប់ធញ្ញជាតិត្រូវតែធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីបង្កើន​ការផ្គត់ផ្គង់ស្បៀងអាហារ ទោះបីមានការរឹតត្បិតការនាំចេញក៏ដោយ។ ពួកគេត្រូវដោះស្រាយ​ការកកស្ទះផ្នែកដឹកជញ្ជូន និងត្រូវបញ្ចេញផលិតផលក្នុងស្តុក។ ជាពិសេសបណ្តាប្រទេសអាស៊ី​អាគ្នេយ៍ត្រូវតែរួបរួមគ្នា ដើម្បីចៀសវាងវិបត្តិស្រូវអង្ករតាមរយៈការរឹតបន្តឹងពាណិជ្ជកម្ម។
 
ទីពីរ ក្នុងរយៈពេលខ្លី ពិភពលោកត្រូវការប្រទេសផលិតប្រេងដើម្បីបង្កើនការផ្គត់ផ្គង់ប្រេង​ឥន្ធនៈ ដែលអាចជួយបញ្ចុះថ្លៃប្រេងឥន្ធនៈ ជី និងថ្លៃដឹកជញ្ជូន។ ការណ៍នេះនឹងផ្តល់អត្ថ​ប្រយោជន៍ដល់ប្រព័ន្ធស្បៀងអាហារពិភពលោកទាំងមូល។ ក្រុមហ៊ុននាំចេញប្រេងក៏អាចចូល​រួមជួយ ជាពិសេសក្នុងទម្រង់ជាជំនួយមនុស្សធម៌។ 
 
ទីបីរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងវិស័យឯកជនត្រូវតែផ្តល់សុខុមាលភាពសង្គមតាមរយៈ​ជំនួយអាហារ ឬជំនួយហិរញ្ញវត្ថុ ព្រោះជនក្រីក្រនឹងក្លាយជាអ្នកប្រឈមហានិភ័យធ្ងន់ធ្ងរជាង​គេ ខណៈពេលជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បាត់រលត់ទៅទាំងស្រុង៕ 
 
 

Tag:
 សន្តិសុខស្បៀង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com