ជាតិ
​ខេត្តសៀមរាប ត្រូវបានរំពឹងថា នឹងទទួលបានទេសចរច្រើនលើសលប់ក្នុងពេល​ចូលឆ្នាំខ្មែរ
10, Apr 2022 , 7:59 am        
រូបភាព
ចរាចរណ៍ក្នុងក្រុងសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ចរាចរណ៍ក្នុងក្រុងសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ការរៀបចំលម្អក្រុងសៀមរាប ដើម្បីស្វាគមន៍ទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ បានជិតរួចរាល់ស្ទើរទាំងស្រុងហើយដែរ។ ក្នុងនោះ ផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួនធំ ក៏ទទួលបានកក់ច្រើនដែរ ក្នុងពិធីមួយនេះ ដោយអាជ្ញាធររំពឹងថា ទេសចរនឹងសម្រុកមកលេង សៀមរាបសង្រ្កាន្ត ក្នុងចំនួនដ៏ច្រើនលើសលប់ គឺច្រើនជាងពិធីបុណ្យឆ្លងឆ្នាំសកលទៅទៀត។

 
ប្រធានផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ ស្ដារី អង្គរ អ្នកស្រី សេង ស្រីរិទ្ធ បានឱ្យដឹងថា គិតត្រឹមចុងសប្ដាហ៍ទី១ នៃខែ មេសា ការកក់បន្ទប់របស់ភ្ញៀវដែលគ្រោងដើរកម្សាន្តនារដូវចូលឆ្នាំខាងមុខនេះ គឺស្ទើរពេញ១០០ភាគរយទៅហើយ នៃចំនួនសរុប ១២៧ បន្ទប់។ អ្នកស្រីបន្តថា ភ្ញៀវ៩៥ភាគរយ គឺជាភ្ញៀវខ្មែរ និងស្នាក់នៅរវាងថ្ងៃទី១៤ ដល់ទី១៦ ខែមេសា។ 
 
អ្នកជំនាញវិស័យសណ្ឋាគាររូបនេះ មានការកត់សម្គាល់ថា ការដើរកម្សាន្តរបស់ទេសចរក្នុងស្រុកនៅពេលនេះ មានការខុសប្លែកពីរាល់ដង។ ខុសប្លែកត្រង់ថា ពួកគេចាប់ផ្តើមទម្លាប់ការកម្សាន្តមានផែនការច្បាស់លាស់ ដូចជាការកត់បន្ទប់រយៈពេលយូរ មុនការមកកម្សាន្តរបស់ពួកគេ។
 
អ្នកស្រី សេង ស្រីរិទ្ធ រៀបរាប់ថា៖« ការដើរមុនៗ យ៉ាងយូរកក់មួយអាទិត្យមុន និងកក់មិនច្រើនទេ ដូចបុណ្យអុំទូក ថ្ងៃឆ្លងឆ្នាំ ដោយសារចូលឆ្នាំនេះ ទើបសម្ពោធផ្លូវ និងមានការផ្សព្វផ្សាយច្រើន... ការកក់ភាគច្រើន ចូល៩៥ភាគរយភ្ញៀវខ្មែរ ពួកគាត់កក់បន្ទប់នៅស្ដារីអង្គរ គឺកក់ទុកយូរណាស់តាំងពីចុងខែ៣មក ជាងកន្លះខែ ភាគច្រើន ១៤ ១៥ ១៦ ពេញហ្មង»។ អ្នកស្រីបន្ថែមថា វាជាសញ្ញាល្អ និងជួយសម្រួលដល់អ្នករកស៊ីក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋានជាដើម ងាយស្រួលរៀបចំសម្រាប់ការទទួលទេសចរទាំងនោះ ដូចជាត្រៀមបុគ្គលិក និងរៀបចំក្រុមការងារក្នុងក្រុមហ៊ុនបន្ថែមជាដើម។
 
ចំណែកប្រធានផ្នែកលក់នៃសណ្ឋាគារ អេមព្រីស អង្គរ ដែលជាសណ្ឋាគារផ្កាយ៥ វិញ ក៏ទទួលការកក់បន្ទប់ច្រើនគួរសមដែរ នាឱកាសបុណ្យចូលឆ្នាំនេះ។ អ្នកស្រី សុខ កែវដាវីន មានប្រសាសន៍ថា សណ្ឋាគារ អេមព្រីស អង្គរ មាន ៣៩០បន្ទប់ ក្នុងឱកាសបុណ្យ សៀមរាបសង្រ្កាន្ត នេះ មានភ្ញៀវកក់បន្ទប់ប្រមាណ ៤០ភាគរយហើយ ភាគច្រើនភ្ញៀវខ្មែរ។ អ្នកស្រីបន្តថា ចាប់ពីកម្ពុជាបើកប្រទេសឡើងវិញ សន្ទុះនៃទេសចរក្នុងស្រុកមកលេងសៀមរាបច្រើនគួរសម ពិសេសនៅថ្ងៃបុណ្យទានសំខាន់ៗ ដែលជួយឱ្យវិស័យសណ្ឋាគារដែលមានភាពអាប់អួរដោយសារជំងឺកូវីដ១៩ ពីរឆ្នាំមកនេះ មានដង្ហើមខ្លះៗសម្រាប់ទប់អាជីវកម្ម។ 
 
អ្នកស្រី សុខ កែវដាវីដ៖« ភ្ញៀវក្នុងស្រុកមកលេង ច្រើនបានតែពេលរដូវកាលបុណ្យទានទេ សម្រាប់ខេត្តសៀមរាប ព្រោះបើថ្ងៃសៅ៍ អាទិត្យ ធម្មតាខេត្តសៀមរាបរាងឆ្ងាយបន្ដិច ចឹងភ្ញៀវក្នុងស្រុក ច្រើនគាត់ទៅប៉ែកសមុទ្រជាង តែបុណ្យចូលឆ្នាំដូច្នេះ អាចមកសៀមរាបច្រើន»។ 
 
តាមរបាយការណ៍ត្រួសៗរបស់មន្ទីរទេសចរណ៍ ដែលជម្រាបទៅអភិបាលខេត្ត ឃើញថា តាមបណ្ដាផ្ទះសំណាក់ សណ្ឋាគារ ទទួលបានការកក់បន្ទប់ពេញៗ ដែលជាសញ្ញាបញ្ជាក់ថា ខេត្តទេសចរណ៍វប្បធម៌មួយនេះ នឹងមានទេសចរមកលេងច្រើននាបុណ្យចូលឆ្នាំនេះ។
 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា៖« តាមការប៉ាន់ស្មាន អាចច្រើនជាងចូលឆ្នាំសកល ព្រោះតាមបណ្ដាអូតែលមួយចំនួន ទទួលបានការកក់សឹងទាំងអស់។ ការផ្សព្វផ្សាយតៗគ្នា សង្ឃឹមថា មានមនុស្សច្រើន»។
 
តាមការសង្កេតរបស់លោក ទៀ សីហា មូលហេតុចម្បងៗដែលរុញឱ្យទេសចរមកលេងសៀមរាបច្រើន ព្រោះសៀមរាបទើបសម្ពោធផ្លូវ៣៨ខ្សែ ដែលពលរដ្ឋទូទាំងប្រទេសចង់ឃើញ ការរៀបចំពិធីសម្បូរបែប កន្លែងសុវត្ថិភាពដែលមានការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ។ លោកអភិបាលខេត្តពន្យល់ថា៖« ទី១ ប្រជាជនខ្មែរត្រូវការសម្រាក និងរកទីតាំងដែលមានហានិភ័យទាបក្នុងការមកកម្សាន្ត ដោយឡែកខេត្តសៀមរាប យើងមានលក្ខណៈតឹងរឹងក្នុងការបង្ការជំងឺកូវីដ១៩តាំងពីដើមមកហើយ ដោយឡែកស្ថានភាពកូវីដ បានធូរស្រាល ណាមួយផ្លូវ៣៨ខ្សែ សម្ដេចទើបបានសម្ពោធ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋទូទៅប្រទេសគាត់ចង់មើលឃើញខេត្តសៀមរាប ហើយយើងមានព្រឹត្តិការណ៍ជាច្រើនដែលរៀបចំក្នុងពិធីនេះ»។
 
ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានរៀបចំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងក្រុងរួចរាល់ហើយដែរ ពិសេសតំបន់មមាញឹកខ្លាំងក្នុងការរៀបចំពិធី ដូចជានៅតំបន់ផាប់ស្រ្ទីត ផ្សារចាស់ជាដើម។ តាមការបញ្ជាក់ពីលោក ទៀ សីហា តំបន់ផាប់ស្រ្ទីត នឹងរៀបចំជាតំបន់ថ្មើរជើង និងអាចកំណត់ចំនួនមនុស្សចូលកម្សាន្តផង ដើម្បីងាយស្រួលគ្រប់គ្រង និងបង្ការពីហានិភ័យជំងឺកូវីដ១៩។ ចំណែកការលេងម្សៅ និងបាញ់ទឹក ក៏មិនអនុញ្ញាតដែរ៕
 
 
 
 
 
 
  
 

Tag:
 បុណ្យចូលឆ្នាំខ្មែរ
  សៀមរាបសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com