អន្តរជាតិ
រុស្ស៊ីបិទការិយាល័យអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលើកលែងទោសអន្តរជាតិនៅក្នុងប្រទេស
09, Apr 2022 , 9:29 pm        
រូបភាព
រូបភាព៖ Tass
រូបភាព៖ Tass
រុស្ស៊ី នៅថ្ងៃទី៨ ខែមេសា បានអះអាងថា ខ្លួនបានបិទការិយាល័យក្នុងស្រុករបស់អង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ ដែលបានប្រតិបត្តិការនៅក្នុងប្រទេសមួយនេះរយៈពេល ជាច្រើនឆ្នាំមកហើយ។ ការបិទអង្គការទាំងនេះ ធ្វើឡើងស្របពេលរុស្ស៊ីត្រូវបានព្យួរសមាជិកភាពនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។

 
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបើកទ្វារនៅរុស្ស៊ីរយៈពេល ៣០ឆ្នាំមកហើយ ខណៈអង្គការលើកលែងទោសមានវត្តមាននៅក្នុងប្រទេសមួយនេះ ចាប់តាំងពីឆ្នាំ ១៩៩៣។ យ៉ាងណាមិញ អង្គការទាំងពីរនេះ ត្រូវបានរុស្ស៊ីបិទ ក្រោមហេតុផលបំពានច្បាប់រុស្ស៊ី។ 
 
«សរុបទាំងអស់ អង្គការចំនួន ១៥ ត្រូវបានដកចេញពីបញ្ជី អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារតែបំពានច្បាប់រុស្ស៊ី»។ ក្រសួងយុត្តិធម៌រុស្ស៊ីបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែមេសា។ 
 
បន្ទាប់ពីរុស្ស៊ីបិទការិយាល័យ លោកស្រី Rachel Denber នាយករងប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាលរបស់អង្គការឃ្លាំសិទ្ធិមនុស្ស បានលើកឡើងថា វាមានការសង្ស័យមួយចំនួនជុំវិញការបិទការិយាល័យរបស់ខ្លួន ដែលទំនងជាការឆ្លើយតបនឹងរបាយការណ៍លើការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចំណែក លោកស្រី Agnes Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ បានប្តេជ្ញាបន្តកិច្ចខិតខំទប់ស្កាត់អំពើហិង្សារបស់រុស្ស៊ីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
 
សូមបញ្ជាក់ថា ការបិទការិយាល័យអង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិនៅរុស្ស៊ី ធ្វើឡើងតែមួយប៉ុណ្ណោះ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចព្យួរសមាជិកភាពរុស្ស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com