អន្តរជាតិ
សេដ្ឋវិទូរុស្ស៊ី និងអាល្លឺម៉ង់ ថា ទណ្ឌកម្ម​ជាបន្តបន្ទាប់ មិនមែនជាចំណុចខ្សោយ​របស់រុស្ស៊ីឡើយ
10, Apr 2022 , 11:29 am        
រូបភាព
លោក Mikhail Khazin សេដ្ឋវិទូ និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ដ៏ល្បីល្បាញ​របស់​រុស្ស៊ី
លោក Mikhail Khazin សេដ្ឋវិទូ និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ដ៏ល្បីល្បាញ​របស់​រុស្ស៊ី
ដោយ ពុធ មីនា 
 
លោក Mikhail Khazin សេដ្ឋវិទូ និងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ដ៏ល្បីល្បាញ​របស់​រុស្ស៊ី បាន​រិះគន់សហរដ្ឋអាម៉េរិក និង​ចក្រភពអង់គ្លេសដែលជំរុញ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ លោក​ថា កត្តានេះនាំឲ្យ​វិបត្តិ​ដែលមានរួចហើយ​នៅអឺរ៉ុប កាន់តែមានសភាពធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ សេដ្ឋវិទូអាល្លឺម៉ង់ លោក Andreas Beck លើកឡើងពី​ករណីប្រទេសមួយចំនួន ដូចជា ចិន ឥណ្ឌា អ៊ីស្រាអែល ដែល​មិនគាំទ្រ​វិធានការទណ្ឌកម្ម ដោយសារតែបណ្តាប្រទេសទាំងនោះ មើលឃើញច្បាស់ពីបញ្ហា​។

 
តាម​ការផ្សាយ​របស់សារព័ត៌មាន Izvesti News លោក Mikhail Khazin ចោទសហរដ្ឋអាម៉េរិកថា កំពុងមានចេតនា​ញុះញង់​ឲ្យ​សហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែលមិនមានភាពចំណេញ​ជាក់ស្តែង។ សេដ្ឋវិទូរុស្ស៊ី រូបនេះ លើកឡើង​ថា ក្រុងវ៉ាស៊ីនតោនពឹងផ្អែក​លំហូរចេញនៃដើមទុន​ពីបណ្តា​ប្រទេសអឺរ៉ុប​ចូលកាន់រដ្ឋខ្លួន ហើយព្យាយាមពន្យាពេលវេលានៃវិបត្តិ​យ៉ាងហោចណាស់រហូតដល់ខែវិច្ឆិកា។
 
លោក Khazin បញ្ជាក់ថា ចំពោះ​ភាពបែបនេះ រុស្ស៊ីចាំបាច់ត្រូវកសាងសេដ្ឋកិច្ចឡើងវិញ និងធានានូវដំណើរការវិនិយោគថ្មី។
 
កាលពីថ្ងៃទី៦ ខែមេសា សេដ្ឋវិទូអាល្លឺម៉ង់ លោក Andreas Beck បាននិយាយថា បញ្ហាពិតជាមួយទណ្ឌកម្មប្រឆាំងរុស្ស៊ីមិនមែនជាចំណុចខ្សោយរបស់ពួកគេនោះ​ទេ ហើយ​ក៏មិនបាន​ធ្វើឲ្យរុស្ស៊ីឯកោនោះដែរ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ ប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា អ៊ីស្រាអែល ក៏ដូចជាស្ទើរតែទាំងអស់នៅ​អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា មិនគាំទ្រវិធានការរឹតត្បិតនោះទេ។ រូបភាពស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញនៅអាមេរិកខាងត្បូង និងអាហ្វ្រិក។ 
 
សម្ពាធទណ្ឌកម្មលើរុស្ស៊ីកាន់តែខ្លាំងឡើងបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់ Donbass ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្មានថ្ងៃមុននេះ ស្ថានការណ៍ក្នុងតំបន់បានកើនឡើងខ្លាំង ខណៈអាជ្ញាធរនៃសាធារណរដ្ឋ Donetsk និង Luhansk បានប្រកាសពីការជម្លៀសអ្នកស្រុកទៅកាន់សហព័ន្ធរុស្ស៊ី ហើយក៏បានងាកទៅទីក្រុងម៉ូស្គូ ដើម្បីសុំជំនួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com