ជាតិ
កសិករឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ មមាញឹកហាលសម្ងួត​ថ្នាំជក់
10, Apr 2022 , 10:59 pm        
រូបភាព
ក្រូចឆ្មារ, ត្បូងឃ្មុំ៖ នៅដើមខែ មេសា នេះ ជាចុងរដូវនៃការប្រមូលផលថ្នាំជក់ទៅហើយសម្រាប់កសិករនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ការប្រមូលផលចាប់ផ្តើមពីខែ មីនាមក។ របរកសិកម្មថ្នាំជក់ ឬថ្នាំខ្មែរ ឬខ្លះហៅថ្នាំខ្លាំង មានភាពមមាញឹកបន្ដិច ធៀបនឹងរបរដទៃទៀត ព្រោះត្រូវហត់នឿយ តាំងពីចាប់ផ្តើមរៀបចំថ្នាលបណ្ដុះកូន  រហូតបានសរសៃថ្នាំជក់ដាក់នៅផ្ទះ។ នេះជារបរដែលមានភាពអំណោយផលល្អ សម្រាប់តំបន់វាលទំនាបជាប់ទន្លេមេគង្គ។



 
នៅឆ្នាំនេះ តាមគ្រួសារនីមួយៗ ទិន្នផលថ្នាំជក់ ធ្លាក់ចុះជាងពាក់កណ្ដាល ខ្លះជាងពាក់កណ្ដាលឯណោះ ដោយសារភ្លៀងច្រើន និងធ្វើឱ្យដើមថ្នាំជក់ ដែលកំពុងប្រមូលផលទៅហើយនោះ ងាប់ទាំងវាលៗ។ កសិករនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ បានត្អូញត្អែរស្ទើរគ្រប់គ្នាពីបញ្ហានេះ ខណៈដែលអ្នកខ្លះប្រឈម នឹងបំណុលផងដែរ។ រីឯតម្លៃវិញ ឈ្មួញចាប់ផ្តើមប្រមូលទិញថ្នាំជក់ស្ងួតក្នុងតម្លៃ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយមួយផ្នែកធំនៃពួកឈ្មួញទាំងនោះ សុំទិញជំពាក់ក្នុងរយៈពេលខ្លី ឬមធ្យម។ កសិករ គ្មានជម្រើសច្រើនទេ ដោយសារទីផ្សារចង្អៀត ហើយថ្នាំជក់មិនអាចទុកយូរបានទេ ក្រោយប្រមូលផល ព្រោះវាអាចស៊ី ឬខូចគុណភាពបាន។
 
និយាយពីការកាច់សន្លឹកថ្នាំជក់ ដើម្បីហាន់សន្លឹកថ្នាំជាសរសៃៗបាន គេត្រូវកាច់បន្ទំនៅក្នុងចម្ការរយៈពេល២យប់សិន មុននឹងដឹកយកមកដាក់ក្នុងរោង អ្នកខ្លះដាក់តាមផ្ទះ រួចមកសកឆ្អឹងវាចេញ និងរៀបទុកហាន់នៅយប់បន្ទាប់។ ពីមុនគេកាច់សន្លឹកថ្នាំបន្ទំតាមរោង ឬតាមផ្ទះតែម្ដង តែរបៀបនោះ ត្រូវបានពេលយូរបន្ដិច។ 
 
កសិករ ត្រូវងើបពីយប់ ចាប់ពីម៉ោង១យប់ ដើម្បីហាន់ និងហាលសរសៃថ្នាំ តាមទីវាលផ្សេងៗ រហូតដល់ម៉ោង៨ ឬ១០ ព្រឹក តាមបរិមាណតិចច្រើន។ ករណីកសិករនៅភូមិទី៥ ឃុំស្វាយឃ្លាំង បានយកទីលានបាល់ទាត់ក្នុងភូមិសម្រាប់ហាលតែម្ដង។ ពន្លឺថ្ងៃ ពិតជាសំខាន់ណាស់សម្រាប់សរសៃថ្នាំជក់ ហើយកសិករអាចប្រែកន្ទេលថ្នាំបាននៅអំឡុងម៉ោង១២ ឬម៉ោង១រសៀល។ បន្ទាប់ពីសរសៃថ្នាំឆ្អិនល្អហើយ នៅម៉ោង៤ រសៀល កសិករអាចប្រមូលសរសៃថ្នាំជក់ តែមុនប្រមូល គេត្រូវស្រោចទឹកក្នុងបរិមាណសមស្របមួយ មានបច្ចេកទេស ដើម្បីឱ្យសរសៃថ្នាំទន់ល្អ៕
 
ខាងក្រោមនេះ ជាទិដ្ឋភាពមួយផ្នែកនៃការហាលថ្នាំជក់ និងការប្រមូលថ្នាំជក់របស់កសិករនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយពេលហាលពេញមួយថ្ងៃរួចមក
 

 

 

 

Tag:
 ថ្នាំជក់
  ថ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com