សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមប្រទេសG7 ដើរតួយ៉ាងសំខាន់លើការគ្រប់គ្រងពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ
10, Apr 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ក្រុមប្រទេសទាំង៧​​ ជាវេទិកាអន្តររដ្ឋាភិបាលដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ និងប្រមូលផ្តុំទៅដោយប្រទេសមានឧស្សាហកម្មឈានមុខគេរបស់ពិភពលោក។ ក្រុមប្រទេសមួយនេះ បានដើរតួយ៉ាងសំខាន់លើការគ្រប់គ្រងពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។



ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧​(G7) មានសមាជិកដូចជាបារាំង ​អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និងកាណាដាជាដើម។ ចាប់តាំងពីឆ្នាំ១៩៩៨ មក G7 បានក្លាយជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៨ ដោយរួមបញ្ចូលទាំងរុស្ស៊ីមួយទៀត។ ប៉ុន្តែរុស្ស៊ីត្រូវបាន ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា និងបណ្តាមេដឹកនាំផ្សេងទៀតនៅឆ្នាំ២០១៤ បានមូលមតិគ្នាដករុស្ស៊ីចេញពីក្រុម ក្រោយពីរុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀ។ ចាប់ពីនោះមក ក្រុមប្រទេស G8 បានក្លាយជាក្រុមប្រទេស G7 ជាថ្មី។

គោលបំណងរបស់កិច្ចប្រជុំរបស់ G7

ជារៀងរាល់ឆ្នាំ​ G7 ​តែងតែបើកកិច្ចប្រជុំកំពូលដើម្បីពិភាក្សារកដំណោះស្រាយសកល ដោយផ្តោតជាពិសេសលើបញ្ហាសេដ្ឋកិច្ច​។ ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋនៃប្រទេសសមាជិកនីមួយៗ ព្រមទាំងប្រធានគណៈកម្មាការ និងប្រធានក្រុមប្រឹក្សានៃសហភាពអឺរ៉ុប តែងតែជួបប្រជុំគ្នាប្រចាំឆ្នាំ នៅឯកិច្ចប្រជុំកំពូល​G7។ អ្នកតំណាងនៃបណ្តារដ្ឋផ្សេងទៀត និងអង្គការអន្តរជាតិ ក៏ត្រូវបានអញ្ជើញជាភ្ញៀវចូលរួមផងដែរ។

ក្នុងឆ្នាំ២០២២​ អាល្លឺម៉ង់កាន់តំណែងជាប្រធានផ្លាស់វេនរបស់ G7 ហើយនឹងធ្វើជាម្ចាស់ផ្ទះបើក​កិច្ចប្រជុំកំពូលនាខែមិថុនា​ខាងមុខ នៅតំបន់ជួរភ្នំ Bavarian Alps។ ចាប់តាំងពីការបង្កើតឡើង ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននេះ បានជួយជ្រោមជ្រែងលើបញ្ហាជាច្រើនរួមមានវិបត្តិហិរញ្ញវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងវិបត្តិពិភពលោកសំខាន់ៗដូចជាកង្វះប្រេង ជំងឺកូវីដ-១៩​​ សន្តិសុខអន្តរជាតិ ​និងវិបត្តិបម្រែបម្រួលអាកាសធាតុផងដែរ។

ប្រវត្តិនៃការបង្កើតឡើងនៅក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧(G7)


នៅឆ្នាំ១៩៧៥​ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសឧស្សាហកម្មឈានមុខគេទាំង៦ បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ចពិភពលោកដ៏ដុនដាប ​ក្រោយពីការដួលរំលំប្រព័ន្ធសេដ្ឋកិច្ច​ Bretton Wood និងវិបត្តិប្រេងជាលើកដំបូង​ ( Oil shock) នៅឆ្នាំ១៩៧៣។ នៅពេលនោះ កាណាដា និងរុស្ស៊ី នៅមិនទាន់ក្លាយជាសមាជិកឡើយ ដោយកាណាដា ចូលជាសមាជិកនៅឆ្នាំ១៩៧៦ ហើយរុស្ស៊ី  ចូលនៅឆ្នាំ១៩៩៨។

ជំនួបរវាងក្រុមប្រទេសទាំង៦ជាលើកទី១ ត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីបារាំង លោក Valéry Giscard d’Estaing និងអធិការបតីអាល្លឺម៉ង់​ លោក Helmut Schmidt​ ។​ កិច្ចប្រជុំដំបូងក្នុងឆ្នាំ១៩៧៥ បានរៀបចំឡើងនៅ Chateau de Rambouillet​ ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងប៉ារីស។ ស្ថិតក្នុងកិច្ចប្រជុំនោះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់បារាំង ​អាល្លឺម៉ង់ខាងលិច ​អាម៉េរិក​ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានពិភាក្សាពីវិបត្តិប្រេង ​បញ្ហាហិរញ្ញវត្ថុ និងដំណោះស្រាយចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្រុមប្រទេសទាំងនោះ បានយល់ព្រមជួបប្រជុំគ្នារៀងរាល់ឆ្នាំ និងផ្លាស់ប្តូរប្រធានវិលជុំ។

បច្ចុប្បន្នសមាជិក​​​ របស់G7ទាំងអស់​ តំណាងឱ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកជិត៤០ភាគរយ និង១០ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក។ ប៉ុន្តែ វាត្រូវបានកត់សម្គាល់ថា មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ១៩៧៥​ ដែលកុ្រមប្រទេសនោះ តំណាង​រហូតដល់ចំនួន៧០ភាគរយនៃ GDPសរុបរបស់ពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com