អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីអង់គ្លេស ប្តេជ្ញាផ្តល់ជំនួយយោធាបន្ថែម ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន
10, Apr 2022 , 12:37 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (ខាងឆ្វេង) ជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (ខាងឆ្វេង) ជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃទី៩ ខែមេសា បានសន្យាផ្តល់់ជំនួយយោធា និងសេដ្ឋកិច្ចបន្ថែមទៀតទៅអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវ។



ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃទី៩ ខែមេសា បន្ទាប់ពីកងកម្លាំងយោធារុស្ស៊ី បានដកចេញពីតំបន់នោះ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកៀវ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនេះ លោកចនសុន បានសរសើរអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី និងរុញច្រានឱ្យកម្លាំងយោធារុស្ស៊ីចេញពីតំបន់ជុំវិញក្រុងកៀវថែមទៀត។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ អង់គ្លេសនឹងផ្តល់ជំនួយបន្ថែមទៀតទៅអ៊ុយក្រែន។

«យើងនឹងបង្កើនជំនួយយោធា និងសេដ្ឋកិច្ច រួមទាំងជំរុញឱ្យសហគមន៍អន្តរជាតិបញ្ចប់មហន្តរាយនេះ»។ លោក ចនសុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សហគមន៍អន្តរជាតិ នឹងធានាផងដែរថា អ៊ុយក្រែននឹងមានអធិបតេយ្យភាព និងសេរីភាព។ មិនតែប៉ុណ្ណោះ មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា អង់គ្លេស នឹងឈរជាមួយអ៊ុយក្រែនដោយមិនរុញរា ហើយអង់គ្លេស នឹងគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលយូរ។

ទន្ទឹមនេះ លោកចនសុន បានបន្តថា ជំនួយរបស់អង់គ្លេស គឺដើម្បីធានាថា អ៊ុយក្រែនមិនត្រូវបានប្រមាថ និងគំរាមកំហែងបែបនេះម្តងទៀត។

ស្របគ្នានឹងដំណើរទស្សនកិច្ចនឹងមេដឹកនាំរបស់ខ្លួននៅកៀវ អង់គ្លេស បានបញ្ជូនរថពាសដែកចំនួន ប្រព័ន្ធប្រឆាំងមីស៊ីលចំនួន ១២០គ្រឿង។ ប្រព័ន្ធមីស៊ីលទាំងនោះ អាចធ្វើឱ្យខូចខាតនាវាចម្បាំងរុស្ស៊ី រួមទាំងបំផ្លាញរថក្រោះផង។ ទស្សនកិច្ចរបស់លោកចនសុន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីខ្លួនបានចោទរុស្ស៊ីថា បានប្រើមីស៊ីលវាយប្រហារស្ថានីយរថភ្លើងនៅតំបន់ដូណេត្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com