អន្តរជាតិ
អ៊ុយក្រែន៖ សាកសពយ៉ាងហោចណាស់១,២២២នាក់ត្រូវរកឃើញនៅជិតក្រុងកៀវ
11, Apr 2022 , 2:25 pm        
រូបភាព
រណ្ដៅសាកសពរួមមួយនៅទីក្រុង Bucha ក្បែររដ្ឋធានីកៀវ។ រូបថត AFP
រណ្ដៅសាកសពរួមមួយនៅទីក្រុង Bucha ក្បែររដ្ឋធានីកៀវ។ រូបថត AFP
រដ្ឋអាជ្ញាអ៊ុយក្រែន លោកស្រី Iryna Venediktova នៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា សាកសពមនុស្សយ៉ាងហោចណាស់ ១ ២២២នាក់ ត្រូវបានរកឃើញ នៅក្បែរទីក្រុងកៀវ។ លោកស្រីក៏បញ្ជាក់ថា មន្ត្រីរុស្ស៊ីជាន់ខ្ពស់ប្រមាណ៥០០នាក់ ដែលរួមទាំងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ផង កំពុងស្ថិតក្រោ​ម​ការ​ស៊ើបអង្កេត ចំពោះ​ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។

 
ការលុកលុយលើអ៊ុយក្រែនពីសំណាក់រុស្ស៊ី ឈានដល់ប្រាំបីសប្ដាហ៍មកហើយ ចំណែកឯការប្រយុទ្ធ នៅ​តែបន្តនៅឡើយ ទោះបីជាសហគមន៍អន្តរជាតិ ព្យាយាមដាក់សម្ពាធជាច្រើនលើក្រុងមូស្គូក្ដី។ ក្រុងមូស្គូ រងការរិះគន់យ៉ាងខ្លាំង ចំពោះសោកនាដកម្មដែលកើតឡើងនៅ Bucha និងតំបន់ក្បែររដ្ឋធានីកៀវ ដែលជាសមរភូមិប្រយុទ្ធក្ដៅ មុនកងទ័ពរុស្ស៊ីប្ដូរទិសដៅទៅភាគខាងកើត។ នៅភាគខាងកើតនេះ មីស៊ីលរុស្ស៊ីបានវាយប្រហារ មកលើស្ថានីយ៍រថភ្លើងទីក្រុង Kramatorsk ដែលសម្លាប់​ប្រជាជន​យ៉ាង​ហោចណាស់៥៧​នាក់។ 
 
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេស លោកស្រី Iryna Venediktova រដ្ឋអាជ្ញាអ៊ុយក្រែនបានបញ្ជាក់ថា មកទល់បច្ចុប្បន្នសាកសពរហូតដល់ ១ ២២២ នាក់​ ត្រូវបានរកឃើញ នៅតំបន់ក្បែររដ្ឋធានីក្រុងកៀវ។ យ៉ាង​ណា​ក៏​ដោយ លោកស្រីមិន​បាន​បញ្ជាក់​ថា​ សាក​សព​ដែល​រក​ឃើញ​នោះ សុទ្ធតែ​ជា​ជន​ស៊ីវិល ឬយ៉ាងណាឡើយ។
 
លោកស្រីក៏សង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងតែពិនិត្យមើលការចោទប្រកាន់ លើមន្ត្រីរុស្ស៊ីជាន់ខ្ពស់ចំនួន ៥០០ នាក់ រួមទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម នៅ​អ៊ុយក្រែន​នេះ​។ លើសពីនេះ ការស៊ើបអង្កេតចំនួន ៥ ៦០០ ករណី ត្រូវបានដំណើរការ សម្រាប់ស្វែង​រក​ព័ស្តុតាង​ពេញលេញ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅខែកុម្ភៈមក។
 
ទាក់ទងការវាយប្រហារនៅ Kramatorsk​​ លោកស្រីរដ្ឋអាជ្ញារូបនេះអះអាងថា ជាស្នាដៃរបស់រុស្ស៊ី ហើយអ៊ុយក្រែនក៏មានព័ស្តុតាងបញ្ជាក់ដែរ។ លោកស្រីលើកឡើងថា ប្រជាជនទាំងនោះ គ្រាន់តែ​ចង់​រស់រានមានជីវិត និងចង់ភៀសខ្លួនតែប៉ុណ្ណោះ តែរុស្ស៊ីបាន វាយប្រហារពួកគេ។
 
«ពូទីនជា ឧក្រិដ្ឋជនសង្គ្រាមដ៏អាក្រក់់មួយក្នុងសតវត្សរ៍ទី២១នេះ»។ រដ្ឋអាជ្ញារូបនេះ ក៏បានរិះគន់លោកពូទីនចំៗបែបនេះ។ 
 
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា ជនស៊ីវិល សរុប​ចំនួន ៤ ២៣២នាក់ បានរងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងនោះប្រជាជន ១​ ៧៩៣​នាក់​ បាន​ស្លាប់ និង២ ៤៣៩នាក់បានរងរបួស៕
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com