អន្តរជាតិ
រដ្ឋាភិបាលអ៊ីតាលី ផ្តល់ប្រាក់​លើកទឹក​ចិត្តជាង៣០០០ដុល្លារ​រាល់ការទិញរថយន្តថ្មី
11, Apr 2022 , 8:29 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី អ៊ីតាលី Mario Draghi
លោកនាយករដ្ឋមន្ត្រី អ៊ីតាលី Mario Draghi
ដោយ: ធីតា
រដ្ឋាភិបាលអ៊ីតាលី បាន​ប្រកាស​ផ្តល់​ការ​បញ្ចុះតម្លៃ​ប្រមាណ​៣៣០០ដុល្លារសម្រាប់​ការទិញរថយន្ត​ថ្មី ដែលនេះជាគោលនយោបាយ​ថ្មី​មួយ​ដើម្បី​គាំទ្រ​វិស័យ​យានយន្តនៅក្នុង​ប្រទេស។

 
រដ្ឋាភិបាល​អ៊ីតាលី កាលពី​ថ្ងៃពុធ ប្រកាសកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច (stimulus package) ប្រមាណ​៧០០លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល​៣ឆ្នាំបន្ទាប់ ក្នុងការ​លើកទឹក​ចិត្ត​ការ​បញ្ជាទិញ​រថយន្តថ្មីៗ ដែល​ក្នុងនោះ​មាន​ម៉ូដែលអគ្គិសនីបញ្ចេញ​ឧស្ម័នតិច ឬ​ប្រភេទកូនកាត់ Hybrid ជាដើម។
 
យោងតាម​ការផ្សាយ​របស់សារព័ត៌មាន AFP និង The Local គម្រោ​ងកញ្ចប់ថវិកាជំរុញនេះ ត្រូវបាន​អនុម័ត​ដោយ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព​លោកនាយករដ្ឋមន្ត្រី Mario Draghi។ ទឹក​ប្រាក់​នេះ នឹងត្រូវ​​យក​ចេញពី​ «មូលនិធិយានយន្ត» ក្នុង​ចំណោម​ថវិកាសរុប​ ៩,២៧ពាន់លាន​ដុល្លារ​ ដែល​​ដំណើរការរហូត​ដល់ឆ្នាំ២០៣០។
 
សម្រាប់ក្រឹត្យ​ថ្មីនេះ រដ្ឋាភិបាលអ៊ីតាលី លើកទឹក​ចិត្ត​ចំពោះ​ការបញ្ជាទិញប្រភេទ​រថយន្ត​បំភាយឧស្ម័ន​កម្រិតទាប ពោល​គឺរថយន្តអគ្គិសនី ឬ​រថយន្តកូន​កាត់ ដោយ​អ្នក​ទិញនឹង​ទទួល​បាន​ការបញ្ចុះតម្លៃពីជាង​២០០០ ទៅជាង​៣០០០​ដុល្លារ។
 
យោងតាម​សារព័ត៌មានសេដ្ឋកិច្ច II Sole 23 Ore ថវិកា​នឹង​ត្រូវផ្ទេរទៅកាន់​បុគ្គល​ដោយផ្ទាល់ ប៉ុន្តែក្នុងលក្ខខណ្ឌ​ដែលពួក​គេ​ស្ថិតក្នុងភាពជាម្ចាស់យានយន្តយ៉ាងហោចណាស់​មួយ​ឆ្នាំ។
 
សម្រាប់​គោលនយោបាយ​ថ្មីនេះ លោក Giancarlo Giorgetti រដ្ឋមន្ត្រីអភិវឌ្ឍសេដ្ឋកិច្ចអ៊ីតាលី បាន​បញ្ជាក់ថា វាជាការ​ឆ្លើយ​តបទៅ​នឹង​ការ​ធ្លាក់​ចុះដ៏ជ្រៅ​នៃវិស័យ​យានយន្ត ដែល​បង្កឡើងដោយកូវីដ-១៩ ការ​ខ្វះខាត​វត្ថុធាតុដើម និង​បច្ចុប្បន្ន​ វិបត្តិ​រុស្សី-អ៊ុយក្រែន។
 
លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «វិធាន​ការ​សម្រាប់​រយៈពេល​ច្រើនឆ្នាំនេះ នឹងអនុញ្ញាតឲ្យ​ក្រុមហ៊ុន​នានា មាន​ទំនុក​ចិត្តខ្ពស់លើ​ការ​អភិវឌ្ឍផែន​ការ​ឧស្សហកម្ម​របស់ខ្លួន»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com