អន្តរជាតិ
រុស្ស៊ីបាញ់មីស៊ីលបំផ្លាញ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង Dnipro ភាគកណ្ដាលអ៊ុយក្រែន
11, Apr 2022 , 6:29 pm        
រូបភាព
ផ្សែងហុយចេញពីព្រលានយន្តហោះទីក្រុង Dnipro ក្រោយការវាយប្រហារដោយមីស៊ីលរុស្ស៊ី។ រូបថត AFP
ផ្សែងហុយចេញពីព្រលានយន្តហោះទីក្រុង Dnipro ក្រោយការវាយប្រហារដោយមីស៊ីលរុស្ស៊ី។ រូបថត AFP
មន្រ្តីអ៊ុយក្រែន អះអាងនៅថ្ងៃទី១០ ខែមេសា ថា ព្រលាន​យន្តហោះ​នៅ​ទីក្រុង Dnipro ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយមីស៊ីលរបស់​រុស្ស៊ី។ ក្នុងការវាយប្រហារនេះ​ បុគ្គលិកសង្គ្រោះបន្ទាន់៥នាក់ ក៏បានរងរបួសផងដែរ។​


«មានការវាយប្រហារមួយទៀតនៅលើអាកាសយានដ្ឋាន Dnipro ។ មិនមានអ្វីនៅសេសសល់នោះទេ»។ លោក Valentyn Reznichenko អភិបាលនៃតំបន់ Dnipropetrovsk ភាគកណ្ដាលអ៊ុយក្រែនបាននិយាយបែបនេះនៅថ្ងៃទី១០ ខែមេសា។ ក្រៅតែពីអាកាសយានដ្ឋាន​ ហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់នេះ​ក៏ត្រូវបានបំផ្លាញផងដែរ​។​ មីស៊ីលរុស្ស៊ីមួយគ្រាប់ទៀត ត្រូវបានបាញ់សំដៅលើអគារមួយនៅក្នុងសង្កាត់ Pavlohrad នៃទីក្រុង។
 
លើសពីនេះ ប្រធានក្រុមប្រឹក្សាតំបន់ Dnipro លោក Mykola Lukashuk និយាយថា បុគ្គលិកប្រាំនាក់នៃសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ ក៏បានរងរបួសដោយសារការវាយប្រហារនៅព្រលានយន្តហោះនេះផងដែរ។
 
យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីបានឆ្លើយតបថា មីស៊ីលដែលបានបាញ់នេះ បានបំផ្លាញមូលដ្ឋានយោធាអ៊ុយក្រែននៅ Zvonetsky ទៅវិញទេ ដែលថ្មីៗនេះ ទទួលទាហានស៊ីឈ្នួលបរទេស។ 
 
មកទល់ពេលនេះ សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី នៅមិនទាន់បញ្ចប់នៅឡើយ ទោះរុស្ស៊ីបានដកទ័ពចេញពីតំបន់ជុំវិញទីក្រុងកៀវ។ អង្គការណាតូ ព្រមានថា រុស្ស៊ីដកទ័ពដើម្បីប្រមូលផ្ដុំកម្លាំងវាយប្រហារនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែនវិញ។ 
 
នៅថ្ងៃទី១០ ខែមេសាដដែល​ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញ Twitter ថា លោកបានពិភាក្សាពីការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីនៅក្នុងជំនួបតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ។ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើការនាំចូលឧស្ម័ន និងប្រេងពីរុស្ស៊ី ដែលរហូតមកដល់ពេលនេះ អាល្លឺម៉ង់​មិនទាន់អនុវត្តនៅឡើយ។
 
លោក Scholz កាលពីសប្តាហ៍មុន លើកឡើងថា អាល្លឺម៉ង់អាចបញ្ចប់ការនាំចូលប្រេងពីរុស្ស៊ីនៅឆ្នាំនេះ ប៉ុន្តែការបញ្ឈប់ការនាំចូលឧស្ម័ននឹងមានភាពតឹងតែងជាងមុន ដោយសារតែប្រទេសនេះនឹងត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំចូលឧស្ម័នពីប្រភពជំនួស។ បច្ចុប្បន្ន អាល្លឺម៉ង់បានប្រើប្រាស់ប្រេងពីរុស្ស៊ីជាង២៥ភាគរយ ដោយកាត់បន្ថយពី៣៥ភាគរយមុនពេលការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ៕
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com