អន្តរជាតិ
កងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមឧទ្ទាមក្បែរព្រំដែនថៃ
11, Apr 2022 , 9:29 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា ជ្រកកោនតាមព្រំដែនជាមួយថៃ ដើម្បីគេចពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធា។ រូបថត AFP
ប្រជាជនមីយ៉ាន់ម៉ា ជ្រកកោនតាមព្រំដែនជាមួយថៃ ដើម្បីគេចពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធា។ រូបថត AFP
ដោយ:
យោធាមីយ៉ាន់ម៉ានៅថ្ងៃទី១០ ខែមេសាបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីដោយសំដៅទៅលើក្រុមឧទ្ទាមជនជាតិភាគតិចនៅរដ្ឋការ៉េន ដើម្បីដណ្តើមការគ្រប់គ្រងតំបន់ដែលនៅជិតព្រំដែនថៃ។

 
ស្រុក Lay Kay Kaw ដែលស្ថិតនៅក្នុងរដ្ឋការ៉េន និងនៅភាគអាគ្នេយ៍មីយ៉ាន់ម៉ា ភាគច្រើនគ្រប់គ្រងដោយសម្ព័ន្ធជាតិការ៉េនតាំងពីមិនទាន់មានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុងសាន​ ស៊ូជី មកម្ល៉េះ។ ប៉ុន្តែក្រោយរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាបានព្យាយាមវាយប្រហារយកតំបន់នេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ 
 
អ្នកនាំពាក្យសម្ព័ន្ធជាតិការ៉េន លោក Padoh Saw Taw Nee ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រុមឧទ្ទាមថា ការប៉ះទង្គិចគ្នានៅថ្ងៃទី១០ ខែមេសា កើតឡើង ខណៈសម្ព័ន្ធជាតិការ៉េនព្យាយាមវាយរុញច្រានកងទ័ពមីយ៉ាន់ម៉ាដែលបានចូលទៅក្នុងស្រុកមួយរបស់រដ្ឋ ។ ជាការតបតវិញ យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាស។ អ្នកស្រុកនៅ Mae Sot ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនថៃអះអាងថា ពួកគេបានឮសំឡេងកាំភ្លើង និងសំឡេងផ្ទុះ។
 
«ពួកគេមិនបានដកថយទាល់តែសោះ។ ពួកគេកំពុងបញ្ជូនទាហានបន្ថែមទៀត»។ លោក Padoh Saw Taw Nee​ បញ្ជាក់បែបនេះ ដោយបន្ថែមថា កងកម្លាំងរបស់ក្រុមនេះបានសម្លាប់ទាហានមីយ៉ាន់ម៉ា៤៥ នាក់ ហើយយោធារបស់ក្រុមនេ២នាក់បានស្លាប់អំឡុងការប្រយុទ្ធគ្នា។ បើតាមអ្នកនាំពាក្យរបស់សម្ព័ន្ធជាតិការ៉េនរូបនេះ កងទ័ពមីយ៉ាន់ម៉ាហាក់ដូចជាកំពុងពង្រឹងកងកម្លាំងនៅតំបន់នេះ។ 
 
បើតាមប៉ុស្តិ៍ទូរទស្សន៍ Public Voice ដែលបានបង្កើតឡើងតាំងពីរដ្ឋប្រហារ ហើយគាំទ្រដោយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា អំឡុងពេលប្រយុទ្ធគ្នានេះ ក្រុមឧទ្ទាមបានឃុំខ្លួនមេទ័ពមីយ៉ាន់ម៉ាម្នាក់។
 
គួររំឭកថា ការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជនជាតិភាគតិចការ៉េន និងយោធាមីយ៉ាន់ម៉ាបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់នៅស្រុក Lay Kay Kaw ដែលមានចម្ងាយត្រឹម ២០គីឡូម៉ែត្រ ពីព្រំដែនថៃ បានភៀសខ្លួនចេញពីស្រុក។ កាល​ពី​ខែ​ធ្នូ  សម្ព័ន្ធជាតិការ៉េន បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើត​តំបន់​គ្មានការ​ហោះហើរ​ពីលើ​តំបន់ជម្លោះនេះ​ដើម្បី​ការពារ​ជន​ស៊ីវិលទៀតផង៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com