អន្តរជាតិ
ក្រុងសៀងហៃ ដកវិធានការបិទខ្ទប់នៅតំបន់មួយចំនួន ទោះករណីឆ្លងជំងឺកូវីដ-១៩នៅតែធ្ងន់ធ្ងរ
11, Apr 2022 , 10:29 pm        
រូបភាព
ប្រជាជនទីក្រុងសៀងហៃ_ តម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។ រូបថត Xinhua
ប្រជាជនទីក្រុងសៀងហៃ_ តម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។ រូបថត Xinhua
ដោយ:
អាជ្ញាធរក្រុងសៀងហៃ ​នឹងដកវិធានការបិទខ្ទប់តំបន់មួយចំនួនចាប់ពីថ្ងៃទី១១ ខែមេសា បើទោះជាករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃថ្មី ត្រូវបានរាយការណ៍ច្រើនជាង២៥ ០០០ ករណីក្តី។ ចំណាត់ការថ្មីនេះ ធ្វើឡើងដើម្បីជួយសម្រួលផលប៉ះពាល់ដល់ប្រជាជនក្នុងទីក្រុង ក្រោយត្រូវបានបិទខ្ទប់អស់ពេលជាងច្រើនសប្តាហ៍មក។


វិធានការបន្ធូរបន្ថយនៅសៀងហៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់ចិន លេចឡើងក្រោយពីប្រជាជនតាមតំបន់មួយចំនួន បានចេញមុខត្អូញត្អែរពីការខ្វះស្បៀងប្រើប្រាស់ និងថ្នាំពេទ្យ ​បន្ទាប់ពីបិទខ្ទប់ជាង៣សប្តាហ៍ដើម្បីប្រយុទ្ធប្រឆាំងករណីឆ្លងដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅចិន។
 
ក្រៅពីបញ្ហាប្រជាជនចិនខ្លួនឯង​ អាម៉េរិក​​នៅថ្ងៃទី៩ ខែមេសា ក៏បានព្រមានចិនពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ តាមអំពើចិត្ត ហើយណែនាំឱ្យបុគ្គលិកមិនចាំបាច់មួយចំនួនចាកចេញពីស្ថានកុងស៊ុលសៀងហៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ Reuters។
 
ពាក់ព័ន្ធវិធានការថ្មី​​ ​សៀងហៃបានបែងចែងតំបន់ជា៣ប្រភេទផ្អែកទៅតាមកម្រិតហានិភ័យ ដើម្បីអនុញ្ញាតឱ្យតំបន់មួយចំនួនដែលគ្មានករណីឆ្លងក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា វិលត្រឡប់ទៅរកសកម្មភាពធម្មតាក្នុងតំបន់របស់ពួកគេ។ នេះបើតាមមន្រ្តីក្រុងសៀងហៃ​ គូ ហុងហួយ ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមេសា។
 
មន្រ្តីក្រុងខាងលើបានបន្តថា សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ការពារដែលមានការបន្ធូរបន្ថយ ត្រូវតែបន្តវិធានការរក្សាគម្លាតសុវត្ថិភាព បើទោះជាអាជ្ញាធរអនុញ្ញាតឱ្យពួកគេធ្វើដំណើរក្នុងសង្កាត់របស់ពួកគេក៏ដោយ។ តំបន់ដែលមានផ្ទុះករណីឆ្លងថ្មី អាចនឹងត្រូវបិទខ្ទប់ជាថ្មី។
 
នៅថ្ងៃទី១១ ខែមេសា សៀងហៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃថ្មី ២៦ ០៨៧ករណីដោយមានតែ៩១៤នាក់ប៉ុណ្ណោះដែលចេញរោគសញ្ញា។ គិតត្រឹមថ្ងៃទី១១ដដែល ​ចិនបានរាយការណ៍ករណីឆ្លងសរុបប្រមាណ១៦ម៉ឺននាក់ និងស្លាប់៤៦៣៨នាក់៕
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com