អន្តរជាតិ
ប៉ូលិសឥណ្ឌូណេស៊ី បាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកបាតុករប្រឆាំងការពន្យារអាណត្តិរបស់លោក វីដូដូ
12, Apr 2022 , 10:23 am        
រូបភាព
បាតុករជានិស្សិតតវ៉ានៅខាងមុខសភាឥណ្ឌូណេស៊ី។ រូបថត AFP
បាតុករជានិស្សិតតវ៉ានៅខាងមុខសភាឥណ្ឌូណេស៊ី។ រូបថត AFP
ដោយ:
ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃទី១១​ ខែមីនា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកដើម្បីបំបែកក្រុមបាតុករដែលកំពុងតវ៉ានៅក្រៅសភាក្នុងរដ្ឋធានីហ្សាការតាជុំវិញការឡើងថ្លៃទំនិញ និងការប៉ុនប៉ងពន្យារអាណត្តិរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដី ។​

 
ការឡើងថ្លៃទំនិញ និងការព្យាយាមពន្យារពេលអាណត្តិប្រធានាធិបតីលើសពី២​អាណត្តិ បង្កឱ្យនិស្សិតសាកលវិទ្យាល័យ ប្រមូលផ្ដុំធ្វើបាតុកម្មនៅពីក្រៅបរិវេណសភាឥណ្ឌូណេស៊ីកាលពីថ្ងៃទី១១​ ខែមេសា។
 
ការប្រមូលផ្តុំនេះ ជាផ្នែកមួយនៃការធ្វើបាតុកម្មជាច្រើនកន្លែងទៀតនៅទូទាំងឥណ្ឌូណេស៊ីរួមមាននៅ ខេត្តស៊ូឡាវេស៊ីខាងត្បូង ខេត្តេជ្វាខាងលិច និងក្រុងហ្សការតា។ និស្សិតរាប់រយនាក់ពាក់អាវពណ៌ neon ដើរដង្ហែទៅកាន់សភាដើម្បីតវ៉ា។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករទាំងអស់នេះ។ 
 
«អ្វីដែលច្បាស់នោះគឺថា ពួកអ្នកនយោបាយដែលមានឥទ្ធិពលទាំងនោះកំពុងពន្យារពេលការបោះឆ្នោត ហើយនោះជាអ្វីដែលធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ»។ និស្សិតឈ្មោះ Muhammad Lutfi ប្រាប់អ្នកកាសែតបែបនេះ។ 
 
ទាក់ទងការពន្យារអាណត្តិប្រធានាធិបតីនេះ លោក ចូកូ វីដូដូ នៅថ្ងៃទី១០ ខែមេសា ក៏ចេញច្រានចោលជាលើកទី២ ។ លោក វីដូដូ ប្រាប់បណ្ដារដ្ឋមន្រ្តីរបស់លោកឱ្យបញ្ឈប់ការពិភាក្សាអំពីគំនិតចង់ពន្យារអាណត្តិប្រធានាធិបតីមិនថាតាមរយៈការពន្យាពេលបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ សន្ទុះគាំទ្រគំនិតនេះកើនឡើងយ៉ាងខ្លាំងក្នុងចំណោមអ្នកនយោបាយនាពេលថ្មីៗនេះ។ 
 
កន្លងមក លោក វីដូដូ ដែលមានវ័យ ៦០ឆ្នាំ អះអាងថា លោកនឹងគោរពតាមរដ្ឋធម្មនុញ្ញ ហើយការបោះឆ្នោតប្រធានាធិបតីនឹងធ្វើឡើងនៅឆ្នាំ២០២៤។ ប៉ុន្តែ លោកត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះការបញ្ជាក់មិនច្បាស់របស់លោកដែលថានឹងបន្តតំណែងឬទេ ប្រសិនបើមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឱ្យលោកបន្តអាណត្តិទី៣៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com