ជាតិ
សាសនា / ធម៌
សីល៥ នាំឲ្យសង្គមមានសុខដុមរមនា
16, Apr 2024 , 9:40 pm        
រូបភាព
និច្ចសីល ឬ​បញ្ចសីល គឺជា​សីលធម៌​៥​ប្រការ ដែល​ព្រះពុទ្ធ​ទ្រង់​អប់រំ​មនុស្ស​ឲ្យ​រក្សាទុក​ក្នុង​ខ្លួន ដើម្បី​សុខសន្តិភាព​ក្នុង​ជីវិត​រស់នៅ​។ និច្ចសីល​នេះ គឺ​សំដៅលើ​សីលធម៌ ដែល​បុគ្គល​គ្រប់រូប​ត្រូវ​ប្រកាន់​ភ្ជាប់​ក្នុង​ខ្លួន​គ្រប់ពេល​ជានិច្ច ដោយ​មិនអាច​ខ្វះ​បាន​។



គ្រួសារ​មួយ សហគមន៍​មួយ ប្រទេសជាតិ​មួយ រហូតដល់​ពិភពលោក​ទាំងមូល ពិបាកនឹងមានសុខដុមរមនានិង​សុខសន្តិភាពណាស់ ប្រសិនបើ​មនុស្ស ប្រាសចាក​សីលធម៌​ទាំង​៥​ប្រការ​។ សីលធម៌​៥​យ៉ាងនេះ ថ្វីដ្បិតតែ​ជា​ព្រះ​ពុទ្ធឱវាទ​ក៏ពិតមែន តែ​មិនមែន​សម្រាប់តែ​ពុទ្ធសាសនិក​នោះទេ​។ និច្ចសីល​នេះ គឺជា​សីលធម៌​សាកល​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​លោក ប្រតិបត្តិ​ដើម្បី​សុខសន្តិភាព​។
 
​សីលធម៌​៥​ប្រការ​នោះ គឺ​៖
 
១. ការមិន​សម្លាប់ ការមិន​បៀតបៀន​ជីវិត​អ្នកដទៃ​

 
​ចៀសវាង​ដាច់ខាត​ពី​ការកាប់សម្លាប់ ការជិះជាន់ និង ការបៀតបៀន​ជីវិត​អ្នកដទៃ​។ ​ជីវិត​យើង​គ្រប់រូប​កើតមក​តែងតែ​ប្រាថ្នា​ចង់​រស់នៅក្នុង​ភាពសុខសាន្ត​និង​ការជួបជុំ​គ្រួសារ​។ គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​បាត់បង់​ជីវិត និរាស​ព្រាត់ប្រាស់​ពី​ខ្លួន ដោយសារ​ការជិះជាន់ ការ​បៀតបៀន ការ​គម្រាមកំហែង និង​ កាប់សម្លាប់​ពី​អ្នកដទៃ​នោះទេ​។​
 
២. មិន​លួច​ឆក់​ទ្រព្យ​អ្នកដទៃ​
 
​ត្រូវ​វៀរចាក​ពី​ការ​លួច​ឆក់​ទ្រព្យសម្បត្តិ មាស ប្រាក់​ដែលមាន​ម្ចាស់​ថែរក្សា​។ ​មិនត្រូវ​សម្លុត​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ដើម្បី​អូស​យក​ដី​ផ្ទះសម្បែង​របស់គេ​ឡើយ។
 
៣. មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទៅលើ​កូន​និង​ប្រពន្ធ​របស់​អ្នក​ទៃ​
 
​ហាម​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​កាម​លើ​សាច់ញាតិ​អ្នកដទៃ​។ យើង ​ហួងហែង​កូន ប្រពន្ធ ប្តី​សាច់ញាតិ និង​ មនុស្ស​ដែល​យើង​ស្រឡាញ់​យ៉ាងណា អ្នកដទៃ​ ក៏​ហួងហែង​កូន​ប្រពន្ធ ប្តី សាច់ញាតិ និង​មនុស្ស​ដែល​គេ​ស្រលាញ់​យ៉ាងនោះ​ដែរ។ ទាំង​យើង​ទាំង​គេ តែងតែ​ប្រាថ្នា​ចង់​ឲ្យ​ស្វាមីភរិយា បុត្រា បុត្រី រស់នៅ​ដោយ​សុភមង្គល មិន​ចង់​ឲ្យ​អ្នកណាម្នាក់​មក​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង រំលោភបំពាន​លើ​ក្រុមគ្រួសារ​ខ្លួន​នោះទេ​។​
 
៤. មិន​ភូតកុហក​អ្នកដទៃ​
 
​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​សច្ចៈ ដោយ​ចៀសវាង​ការ​កុហក​បោកប្រាស់​អ្នកដទៃ​។ ការនិយាយ​កុហក​ជាហេតុ​នាំមក​នូវ​ការបាត់បង់​តម្លៃ​របស់ខ្លួន​។ កុហក​គេ​ម្តង គេ អាចនឹង​លែង​ជឿ​មួយជីវិត​។ ពេល​អ្នក​កុហក​បោកប្រាស់​គេ គេ​អាច​នឹង​អធ្យាស្រ័យ​ឲ្យ​អ្នក តែ​គេ​នឹងមិន​ភ្លេច​ពី​ទង្វើ​បោកប្រាស់ និង​ពាក្យ​កុហក​របស់​អ្នក​ទេ​។ ការ​កុហក​អាច​នាំ​ឲ្យ​មនុស្ស​កើតការ​សង្ស័យ​គ្នា​គ្រប់ពេលវេលា​។​
 
៥. មិន​សេព​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​
 
​ហាម​ផឹកទឹក​ស្រវឹង​និង​សេព​គ្រឿងញៀន​។ ការទទួល​គ្រឿង​ស្រវឹង និង​ជក់​គ្រឿងញៀន ជាហេតុ​នាំ​ឲ្យ​ស្មារតី​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យប្រព្រឹត្ត​អំពើ​អកុសល និង​ទង្វើ​មិន​គប្បី​ផ្សេងៗ ។ ម្យ៉ាងទៀត​គ្រឿងញៀន​ក្តី​ឬ​គ្រឿង​ស្រវឹង​ក្តី អាច​បណ្តាល​ឲ្យ​បញ្ញា និង​ការចងចាំ​ធ្លាក់ចុះ ហើយក៏​អាច​ឲ្យ​បាត់បង់​​សតិសម្បជញ្ញៈ​ទៀង​ផង​។​
 
​អ្នក​គប្បី​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​សីលធម៌​ទាំង​៥​ប្រការនេះ ដោយ​ចៀសវាង​ការប្រព្រឹត្ត​អំពើ​បាប​ណាមួយ​ទៅលើ​អ្នកដទៃ​។ រស់នៅ ដោយ​មិន​សម្លាប់​ មិន​បៀតបៀន​ មិន​ឈ្នានីស​ មិន​ជិះ​ជាន់គ្នា​ មិន​ប្រាថ្នា​ទ្រព្យ​អ្នកដទៃ​ មិន​ប្រព្រឹត្ត​អំពើ​ថោកទាប​លើ​កូន​ប្រពន្ធ​អ្នកផង​ទាំងពួង​ មិន​កុហក​បោកប្រាស់​គេ នោះ​សហគមន៍​ និងប្រទេសជាតិទាំងមូល ច្បាស់​ជា​មិនមាន​ជម្លោះ មិន​បង្កចលាចលឡើយ៕


Tag:
 ពុទ្ធសាសនា
  សីល៥
© រក្សាសិទ្ធិដោយ thmeythmey.com