អន្តរជាតិ
អធិការបតីអូទ្រីសប្រាប់លោក ពូទីន ថា ទណ្ឌកម្មនឹងកាន់តែខ្លាំង ដរាបណាមនុស្សបន្តស្លាប់នៅអ៊ុយក្រែន
12, Apr 2022 , 3:28 pm        
រូបភាព
អធិការបតីអូទ្រីស Karl Nehammer នៅថ្ងៃទី១១ ខែមេសា បានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅរដ្ឋធានីមូស្គូ ហើយបានប្រាប់ប្រធានាធិបតីរុស្ស៊ីពីការទទួលខុសត្រូវ និងការរកយុត្តិធម៌ សម្រាប់ជនរងគ្រោះក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ លោក Nehammer ក៏​ព្រមាន​ពី​ទណ្ឌកម្ម​របស់លោកខាងលិចដែលអាចនឹងដាក់កាន់តែខ្លាំងជាងមុនដរាបណា មនុស្ស​នៅតែ​បន្ត​ស្លាប់​នៅ​អ៊ុយក្រែន។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយជំនួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន រយៈពេល៧៥នា​ទីនៅថ្ងៃទី១១ ខែមេសា អធិការបតីអូទ្រីសលោក Karl Nehammer បញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់​លោកទៅទីក្រុងមូស្គូមិនមែនជាដំណើរទស្សនកិច្ចមិត្តភាពនោះឡើយ​ ហើយអំឡុងកិច្ច​ពិភាក្សា ភាគី​ទាំងពីរបានជជែកគ្នាដោយចំៗ តឹងតែង ព្រមទាំងបើកចំហ។
 
«ខ្ញុំបានលើកឡើងពីឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរនៅទីក្រុង Bucha និងទីតាំងផ្សេងទៀត ហើយបាន សង្កត់ធ្ងន់ថា អ្នកដែលទទួលខុសត្រូវទាំងអស់ចំពោះរឿងនេះត្រូវតែទទួលទោស»។
លោក Nehammer បានសង្កត់ធ្ងន់បែបនេះ មុនក៏បន្តថា សាររបស់លោកដ៏សំខាន់​សម្រាប់លោក ពូទីន អំឡុងជំនួបនេះ គឺការតម្រូវឱ្យសង្គ្រាមបញ្ចប់ជាបន្ទាន់ដោយសារ​ភាគីទាំង​សង​ខាង​សុទ្ធ​តែ​ខាត​បង់​ផល​ប្រយោជន៍។
 
បន្ថែមពីនេះ ក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី១១ ខែមេសា មេដឹកនាំអូទ្រីសរូបនេះ ក៏​បញ្ជាក់​ថា​លោកបានប្រាប់មេដឹកនាំរុស្ស៊ីក្នុងករណីដែលសង្គ្រាមអូសបណ្ដាយពេលកាន់តែយូរទៅមុនទៀត និងបង្កឱ្យ​មាន​មនុស្សស្លាប់ជាបន្តបន្ទាប់ នោះទណ្ឌកម្មលោកខាងលិច ក៏នឹងបង្កើន​ច្រើន​ជាង​មុន​ផង​ដែរ។
 
បើយោងតាមទូរទស្សន៍ CNN ដែលស្រង់មន្ត្រីអូទ្រីសម្នាក់ អំឡុងជំនួបដដែល លោក Nehammer ក៏​បានលើកឡើងពីភាពត្រៀមខ្លួនជាស្រេចរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងការ​ពិភាក្សាផ្ទាល់ជាមួយលោក ពូទីន ។ យ៉ាងណាមិញ លោក ពូទីន មិនបានឆ្លើយតបអ្វីនោះឡើយ។ 
 
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីវិញបានបញ្ជាក់ថា ជំនួបមេដឹកនាំទាំងពីរបានធ្វើឡើងនៅនិវេសនដ្ឋានផ្លូវការ Novo-Ogaryovo នៅជិតទីក្រុងមូស្គូ ក្នុងទម្រង់ជាកិច្ចចរចាបិទទ្វារតាម​ការ​ចង់​បាន​របស់​ភាគី​អូទ្រីស។ ភាគីរុស្ស៊ីនៅតែបដិសេធដាច់ខាតចំពោះការចោទកងកម្លាំង​រុស្ស៊ីបង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន៕
 

Tag:
 អូទ្រីស
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com