អន្តរជាតិ
សភាប៉ាគីស្ថាន ជ្រើសតាំងលោក Shehbaz Sharif ជានាយករដ្ឋមន្រ្តីថ្មី
12, Apr 2022 , 4:27 pm        
រូបភាព
លោក Shehbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ AFP
លោក Shehbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ AFP
សភាប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមេសា បានបោះឆ្នោតជ្រើស លោក​ Shehbaz Sharif មេដឹកនាំបក្សប្រឆាំង ឱ្យធ្វើជានាយករដ្ឋមន្រ្តីប៉ាគីស្ថានថ្មី បន្ទាប់ពីសភាដកសេចក្តីទុកចិត្ត លោកImran Khan ពីតំណែងប្រមុខរដ្ឋាភិបាលមួយនេះ។



 
«លោក Shehbaz Sharif ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន»។ ប្រធានសភាស្តីទី លោក Sardar Ayaz Sadiq បានបញ្ជាក់បែបនេះ។ ក្នុងសុន្ទរកថានៅក្នុងសភាលើកដំបូង បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Sharif បានសន្យាបង្កើនប្រាក់ខែ ប្រាក់សោធននិវត្តន៍ និងកំណត់ប្រាក់អប្បបរមាសម្រាប់ពលករ។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានអះអាងថា លោកនឹងពន្លឿនគម្រោងច្រកសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន (CPEC) រួមទាំងរៀបចំទំនាក់ទំនងឡើងវិញជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូ ក្នុងនោះរួមទាំងឥណ្ឌាផង។ បើតាមលោក Sharif ប៉ាគីស្ថាន ចង់បានទំនាក់ទំនងល្អជាមួយឥណ្ឌា ប៉ុន្តែទំនាក់ទំនងប្រកបដោយសន្តិភាព មានបានលុះត្រាតែបញ្ហាកាស្មៀរ ត្រូវបានដោះស្រាយ។ 
 
មុនការបោះឆ្នោតសភានៅថ្ងៃទី១១ ខែមេសា សមាជិកសភាមកពីបក្ស Tehreek-e-Insaf ដែលជាបក្សរបស់លោក Imran Khan លាលែងពីតំណែងទ្រង់ទ្រាយធំ។ លោក Sharif ត្រូវបានសភាបោះឆ្នោតគាំទ្រ ១៧៤សំឡេង។ រដ្ឋាភិបាលថ្មីរបស់លោក Sharif នឹងមានអាណត្តិរហូតដល់ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ 
 
លោក Sharif ជាប្អូនប្រុសរបស់លោក Nawaz Sharif អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ នៅក្នុងឆ្នាំ២០១៨ លោកបានក្លាយជាសមាជិកសភា និងជាប្រធានបក្សសម្ព័ន្ធមូស្លីម-ណាវ៉ាស (PML-N) បន្ទាប់ពីបងប្រុសរបស់លោក ត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងក្នុងរដ្ឋាភិបាលមួយជីវិត ដោយសាររកឃើញកំហុសប្រព្រឹត្តអំពើពុករលួយ។ 
 
គួររម្លឹកថា ក្នុងរយៈពេល ៧៥ឆ្នាំមកហើយ គ្មាននាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបណា អាចកាន់តំណែងបានពេញមួយអាណត្តិរយៈពេល ៥ឆ្នាំឡើយ។ នីតិវិធីដកតំណែងលោក Imran Khan មានចាប់តាំងពីដើមខែមីនា មកម្លេះ ដោយសារតែលោកដោះស្រាយបញ្ហាអំពើពុករលួយ ជំងឺឆ្លងសកល និងអតិផរណាមិនបានល្អ៕ 
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com