អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Imran Khan បាត់បង់តំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក្រោយសភាបោះឆ្នោតដកទំនុកចិត្ត
11, Apr 2022 , 9:45 am        
រូបភាព
លោក Imran Khan បាត់បង់តំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក្រោយសភាបោះឆ្នោតដកទំនុកចិត្ត
លោក Imran Khan បាត់បង់តំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក្រោយសភាបោះឆ្នោតដកទំនុកចិត្ត
ដោយ ពុធ មីនា

សភាជាតិប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតដកទំនុកចិត្តលោក Imran Khan ពីតំណែងនាយករដ្ឋមន្ត្រី។ លោក Shehbaz Sharif មេដឹកនាំក្រុមប្រឆាំង ក្លាយជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្តពីលោក Khan។



រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Tehreek-e-Insaf (PTI) របស់លោក Imran Khan ត្រូវបានសភាជាតិដកទំនុកចិត្ត ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ខណៈដែលគ្មាននាយករដ្ឋមន្ត្រីណាមួយនៅប៉ាគីស្ថាន បានបញ្ចប់អាណត្តិដឹកនាំ៥ឆ្នាំពេញ នារយៈពេល៧៥ឆ្នាំចុងក្រោយ លោក Khan ជាមេដឹកនាំដំបូង ដែលត្រូវបានសភាបោះឆ្នោតដកទំនុកចិត្ត។

 កាលពីថ្ងៃសៅរ៍ សភាប៉ាគីស្ថានបានដំណើរការប្រជុំអស់រយៈពេលជាង១៤ម៉ោង  ដោយមានការពន្យារពេលជាច្រើន ប៉ុន្តែមួយម៉ោងក្រោយពាក់កណ្តាល អធ្រាត្រ សមាជិកសរុប១៧៤រូប ក្នុងចំណោម៣៤២រូប បានបោះឆ្នោតដកទំនុកចិត្តរដ្ឋាភិបាល ដែលដឹកនាំដោយអតីតកីឡាករគ្រីតឃីត ទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ និងគោលនយោបាយការបរទេសមិនច្បាស់លាស់។

លោក Shehbaz Sharif  ប្រធានសម្ព័ន្ធមូស្លីម-ណាវ៉ាស (PML-N) ដែលបច្ចុប្បន្នជាមេដឹកនាំក្រុមប្រឆាំងនៅក្នុងសភាជាតិ ជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី។ លោកជាប្អូនប្រុស របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif។

នៅមុនសភាប្រកាសលទ្ធផលបោះឆ្នោតដកទំនុកចិត្ត លោក Shehbaz Sharif បាននិយាយថា របបថ្មីនឹងមិនបណ្ដោយខ្លួន ឲ្យមាននយោបាយសងសឹកនោះឡើយ។ «ខ្ញុំមិនចង់ត្រលប់ទៅរកភាពជូរចត់នៃអតីតកាលទេ យើងចង់បំភ្លេចពួកគេ ហើយដើរទៅមុខ យើងនឹងមិនសងសឹក ឬប្រព្រឹត្តអំពើអយុត្តិធម៌ឡើយ យើងនឹងមិនបញ្ជូនមនុស្សទៅគុកដោយគ្មានហេតុផលច្បាប់ និងយុត្តិធម៌នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com