អន្តរជាតិ
អាល្លឺម៉ង់ ហូឡង់ និងស៊ុយអែត ផ្តល់លុយ២,៧លានដុល្លារឱ្យ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន
12, Apr 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។ រូបថត AFP
ដោយ:
រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន៣ ប្រកាសនៅថ្ងៃទី១១ ខែមេសា ថា បានផ្តល់ទឹកប្រាក់ទំហំ២,៧លានដុល្លារ (២,៣លានអឺរ៉ូ) ដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

 
អគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan នៅដើមខែមីនា ចាប់ផ្តើមបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលអាចត្រូវបានប្រព្រឹត្តឡើងនៅអ៊ុយក្រែន ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បច្ចុប្បន្ន ការស៊ើបអង្កេតនេះ កំពុងត្រូវបានដឹកនាំដោយរដ្ឋអាជ្ញាអ៊ុយក្រែន ជាមួយអ្នកជំនាញផ្នែកកោសល្យវិច្ច័យដែលត្រូវបានបញ្ជូនពីរដ្ឋសមាជិកអឺរ៉ុប (EU) ។ កាលពីសប្តាហ៍មុន EU ក៏បានប្រកាសផ្តល់ប្រាក់៧,៥លានអឺរ៉ូដើម្បីបណ្តុះបណ្តាលរដ្ឋអាជ្ញាអ៊ុយក្រែនឱ្យស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្គ្រាមនេះផងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock និងសមភាគីហូឡង់ Wopke Hoekstra នៅថ្ងទី១១ ខែមេសា ប្រកាសថា រដ្ឋាភិបាលរបស់ប្រទេសទាំងពីរនេះបានបរិច្ចាគប្រាក់១លានអឺរ៉ូរៀងៗខ្លួនដល់ ICC សម្រាប់ការស៊ើបអង្កេត។ ចំណែករដ្ឋមន្ត្រីការបរទេសស៊ុយអែត Ann Linde ប្រកាសថា ទីក្រុងស្តុកខុលបានផ្តល់ប្រាក់ប្រមាណ៥៣ម៉ឺនដុល្លារ។
 
«សមាជិករដ្ឋនីមួយៗពិតជាប្តេជ្ញាដើម្បីធ្វើ​​​​ឱ្យប្រាកដថា យុត្តិធម៌ត្រូវសម្រេចបាន ដោយយោងតាមទិដ្ឋភាពដ៏ឃោរឃៅ និងឧក្រិដ្ឋកម្មជាក់ច្បាស់ដែលយើងបានឃើញនៅលើកញ្ចក់ទូរទស្សន៍ដែលពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់»។ ប្រមុខការទូតហូឡង់ អះអាងបែបនេះ មុនបន្តថា ទស្សនៈរបស់រដ្ឋមន្ត្រីការបរទេស EU គឺ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ជាស្ថាប័នដែលល្អបំផុតដើម្បីនាំជនល្មើសប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែនមកកាត់ទោស។
 
ការ​ប្រកាសផ្ដល់លុយពីសំណាក់​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ហូឡង់ និង​ស៊ុយអែត ​ធ្វើ​ឡើង ​ក្រោយជំនួបរវាងអគ្គរដ្ឋអាជ្ញា ICC  ជាមួយ​បណ្តារដ្ឋ EU ​កាលពីថ្ងៃទី១០ ខែមេសា។ 
 
កន្លងមក រដ្ឋាភិបាលអ៊ុយក្រែន និងរដ្ឋ EU មួយចំនួនអះអាងថា រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូច្រានចោលការចោទប្រកាន់នេះ។ យ៉ាងណាមិញ ការសម្លាប់រង្គាលដែលត្រូវបានរកឃើញនៅក្នុងទីក្រុង Bucha និងការបាញ់មីស៊ីលទៅលើស្ថានីយ៍រថភ្លើងដែលបង្កឱ្យជនស៊ីវិលយ៉ាងតិចណាស់៥០នាក់ស្លាប់ក្នុងទីក្រុង Kramatorsk កាន់បង្ហាញតម្រុយបន្ថែមក្នុងដំណើរការស៊ើបអង្កេត៕
 

Tag:
 អ៊ុយក្រែន
  ICC
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com