អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក បញ្ជាបុគ្គលិកស្ថានកុងស៊ុលមិនចាំបាច់ទាំងអស់ចេញពីក្រុងសៀងហៃ
12, Apr 2022 , 8:29 pm        
រូបភាព
ទិដ្ឋភាពទីក្រុងសៀងហៃដែលកំពុងរងការវាយប្រហារដោយរលកជំងឺកូវីដ-១៩ ។ រូបថត Xinhua
ទិដ្ឋភាពទីក្រុងសៀងហៃដែលកំពុងរងការវាយប្រហារដោយរលកជំងឺកូវីដ-១៩ ។ រូបថត Xinhua
ដោយ:
ក្រសួងការបរទេសអាម៉េរិក ចេញបញ្ជាគ្រប់បុគ្គលិកមិនសំខាន់ប្រចាំស្ថានកុងស៊ុលសៀងហៃ និងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ឱ្យចាកចេញពីក្រុងនេះ ហើយណែនាំឱ្យប្រជាជនអាម៉េរិកពិចារណាឡើងវិញមុនធ្វើដំណើរមកចិន​។ ចំណាត់ការនេះ ធ្វើឡើងក្រោយព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអាម៉េរិកនៅចិន ខណៈរដ្ឋាភិបាលចិនអនុវត្តវិធានការបិទខ្ទប់ក្នុងក្រុងសៀងហៃយ៉ាងតឹងតែង។


ជាងពេល៣សប្តាហ៍ហើយ អាជ្ញាធរសៀងហៃនៅតែបន្តវិធានការបិទខ្ទប់ក្រុង ដែលបណ្តាលឱ្យផ្ទុះការតវ៉ាជាសាធារណៈជុំវិញកង្វះស្បៀងប្រើប្រាស់ និងគោលការណ៍ដ៏តឹងតែងបញ្ជូនអ្នកជំងឺកូវីដ-១៩ទៅព្យាបាលនៅមជ្ឈមណ្ឌលចត្តាឡីស័ក។ អាម៉េរិកវិញ ប្រាប់ឱ្យបុគ្គលិករបស់ខ្លួនចាកចេញ។
 
បើតាមអ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង​ ​​​ក្រសួងការបរទេសអាម៉េរិក បានបញ្ជាឱ្យបុគ្គលិកមិនសំខាន់ឱ្យចាកចេញ ក្រោយក្រុងសៀងហៃបន្តផ្ទុះករណីឆ្លងឥតថមថយ។ លើសពីនោះ អាម៉េរិក​ ក៏បានលើកឡើងពីក្តីបារម្ភអំពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនអាម៉េរិក ក្រោមការគ្រប់គ្រងពីមន្រ្តីរបស់ចិនដែរ។
 
បន្ថែមពីនេះ ​ក្រសួងការបរទេសអាម៉េរិក ស្នើឱ្យប្រជាជនខ្លួនពិចារណាឡើងវិញពីការធ្វើដំណើរទៅកាន់ចិន​ដោយសារតែការអនុវត្តច្បាប់តាមអំពើចិត្តរបស់អាជ្ញាធរ និងវិធានការរឹតបន្តឹងជំងឺកូវីដ-១៩។ នេះមិនមែនជាលើកដំបូងឡើយដែលអាម៉េរិកបង្ហាញក្ដីបារម្ភលើវិធានការដ៏តឹងរ៉ឹងរបស់អាជ្ញាធរចិនក្នុងការទប់ទល់ជំងឺកូវីដ-១៩។ 
 
ក្រសួងការបរទេសចិន បានរិះគន់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាម៉េរិកខាងលើនេះ ហើយអះអាងថា គោលនយោបាយចិន អនុវត្តតាមវិទ្យាសាស្រ្ត និងមានប្រសិទ្ធភាព។
នៅថ្ងៃទី១២ខែមេសា ក្រុងសៀងហៃបានបន្តរាយការណ៍ករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនជាង២៣ ៣៤២នាក់។​ គិតត្រឹមថ្ងៃទី១២ខែមេសា ចិនកត់ត្រាករណីឆ្លងសរុបជាង១៦ម៉ឺននាក់ និងស្លាប់ជាង៤ពាន់នាក់៕
 

Tag:
 អាម៉េរិក
  សៀងហៃ
© រក្សាសិទ្ធិដោយ thmeythmey.com