អន្តរជាតិ
រុស្ស៊ី បាញ់កម្ទេចប្រព័ន្ធការពារមីស៊ីល S-300 របស់អ៊ុយក្រែនដែលផ្តល់ដោយអឺរ៉ុប
12, Apr 2022 , 9:29 pm        
រូបភាព
ប្រព័ន្ធខែលការពារមីស៊ីល S-300។ រូបភាព៖ AFP
ប្រព័ន្ធខែលការពារមីស៊ីល S-300។ រូបភាព៖ AFP
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១១ ខែមេសា បានអះអាងថា យោធាខ្លួន បានបាញ់កម្ទេច​ប្រព័ន្ធប្រឆាំងមីស៊ីល S-300 នៅអ៊ុយក្រែនដែលជាជំនួយរបស់សមាជិកសហភាពអឺរ៉ុប។ ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ឈ្មោះប្រទេសអឺរ៉ុបណាឡើយ ប៉ុន្តែកន្លងមក ស្លូវ៉ាគី បានអះអាងថា ខ្លួនបានផ្តល់ប្រព័ន្ធប្រឆាំងមីស៊ីល S-300 ទៅអ៊ុយក្រែន។



 
ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា យោធាបានប្រើមីស៊ីល Kalibr ដើម្បីបាញ់កម្ទេចប្រព័ន្ធខែលមីស៊ីល S-300 របស់អ៊ុយក្រែន ដែលទុកនៅក្បែរក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យោធាអ៊ុយក្រែនចំនួន ២៥នាក់ ត្រូវបានវាយប្រហារផងដែរ។ 
 
«មីស៊ីលKalibr ដែលបាញ់ចេញពីលើសមុទ្រ បានកម្ទេចប្រព័ន្ធប្រឆាំងមីស៊ីល S-300»។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានសង្កត់ធ្ងន់បែបបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១១ ខែមេសា ដោយបន្ថែមថា ប្រព័ន្ធការពារមីស៊ីល Buk-M1 និង Osa AKM ក៏ត្រូវបានរុស្ស៊ីបំផ្លាញនៅក្នុងតំបន់ដូណេត្សផង។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថាជាសមាជិកសហភាពអឺរ៉ុបមួយណា។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីរូបនេះ បានបន្តថា យោធាខ្លួន បានបាញ់កម្ទេចយន្តហោះចម្បាំងអ៊ុយក្រែន Su-25 ចំនួន ២គ្រឿង នៅក្បែរក្រុង Izium និងឃ្លាំងស្តុកគ្រាប់កាំភ្លើង នៅក្បែរក្រុងភាគខាងត្បូង Mykolaiv។
 
កន្លងមក នាយករដ្ឋមន្រ្តីស្លូវ៉ាគី បានប្រកាសពីការបរិច្ចាគខែលការពារមីស៊ីល S-300 មួយគ្រឿង ខណៈអាម៉េរិក បានផ្ទេរប្រព័ន្ធខែលការពារមីស៊ីល Patriot ឱ្យស្លូវ៉ាគីវិញ។ យ៉ាងណាមិញ ស្លូវ៉ាគី ដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុប បានការពារថា ប្រព័ន្ធS-300 ដែលខ្លួនបរិច្ឆាគឱ្យអ៊ុយក្រែន មិនត្រូវបានបំផ្លាញឡើយ។ 
 
តាមតួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ចាប់តាំងពីបើកប្រតិបត្តិការយោធាពិសេសមក យន្តហោះចម្បាំង បូករួមឧទ្ធម្ភាគចក្រសរុបចំនួន ២៣០គ្រឿង និងប្រព័ន្ធការពារមីស៊ីលចំនួន ២៤៣គ្រឿងត្រូវបានបំផ្លាញ។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានកម្ទេចរថក្រោះ រួមទាំងរថពាសដែក ២១០០គ្រឿង និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចំនួន ២៣៩គ្រឿង៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com