អន្តរជាតិ
យ៉ាងហោច២៥នាក់ បាត់បង់ជីវិតដោយការអិលបាក់ដី និងទឹកជំនន់នៅហ្វីលីពីន
12, Apr 2022 , 5:28 pm        
រូបភាព
ដោយ:
គិតត្រឹមថ្ងៃទី១២ខែមេសា មនុស្សយ៉ាងតិច២៥នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយព្យុះកំបុតត្បូង​ Megi នៅហ្វីលីពីន។ ព្យុះនេះ បានបោកបក់កាត់ភាគកណ្តាល និងភាគខាងត្បូងហ្វីលីពីន។


តាំងពីថ្ងៃទី១០ខែមេសាមក ព្យុះកំបុតត្បូង Megi បានវាយប្រហារហ្វីលីពីនដោយមនុស្សច្រើនជាង១៧០០០នាក់ ត្រូវភៀសខ្លួន ហើយបំផ្លាញផ្ទះសម្បែង ​ផ្តាច់ផ្លូវ និងដាច់ចរន្តអគ្គិសនីជាដើម។ អាជ្ញាធរតំបន់បាននិយាយថា មនុស្សយ៉ាងតិច២១នាក់ បានបាត់បង់ជីវិត ក្រោយពីគ្រោះរអិលបាក់ដីបានវាយប្រហារភូមិជាច្រើនក្នុងខេត្ត Leyte ដែលជាតំបន់មួយដែលរងគ្រោះបំផុតដោយព្យុះនេះ។
 
បើតាមក្រុមជួយសង្រ្គោះ ភូមិ Kantagnos ក្នុងខេត្ត Leyte រងគ្រោះរអិលបាក់ដីដល់ទៅពីរករណី។អ្នកភូមិមួយចំនួន បានរត់គេចខ្លួនទាន់ ខណៈអ្នកខ្លះត្រូវបានអូសទាញចេញពីភក់ទាំងនៅមានជីវិតបាន។ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត ត្រូវបានសង្ស័យថា កំពុងជាប់ផុងនៅក្នុងភក់។
 
 អភិបាលក្រុង​ Baybay នៃខេត្ត Leyte ​លោក Carlos Cari ប្រាប់ទូរទស្សន៍ក្នុងស្រុក​​ DZMM Teleradyo ថា អាកាសធាតុដែលនៅតែបន្តអាក្រក់ កំពុងរារាំងដល់ក្រុមជួយសង្រ្គោះ។ ក្នុងហេតុការណ៍រអិលបាក់ដីនេះ​​​ ​ក្រុមយោធា ក៏បានចូលរួមជាមួយឆ្មាំឆ្នេរសមុទ្រ ​ប៉ូលិស ​និងក្រុមពន្លត់អគ្គិភ័យក្នុងប្រតិបត្តិជួយសង្រ្គោះដែរ។
 
លើសពីនេះ ទឹកជំនន់ជិត២០០កន្លែង ត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងទៀតនៅក្នុងខេត្តភាគកណ្តាល និងភាគខាងត្បូងរបស់ហ្វីលីពីនកាលពីចុងសប្តាហ៍មុន ដោយបង្ខំឱ្យគ្រួសារប្រហែល៣ម៉ឺនគ្រួសារចាកចេញពីផ្ទះផងដែរ។
 
ខ្យល់ព្យុះ Megi នេះជាព្យុះទីមួយហើយដែលបានវាយប្រហារប្រជុំកោះហ្វីលីពីនក្នុងឆ្នាំ២០២២នេះ។មហន្តរាយនេះ កើតឡើង៤ខែ​ពីព្យុះទីហ្វុងរ៉ៃដ៏ខ្លាំង បានបំផ្លាញតំបន់មួយចំនួនរបស់ហ្វីលីពីនដោយសម្លាប់មនុស្សជាង៤០០នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតគ្មានផ្ទះសម្បែង៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com