អន្តរជាតិ
រុស្ស៊ីថា អាម៉េរិកនិងអង់គ្លេសជួយអ៊ុយក្រែនបង្កើតព័ស្តុតាងចោទរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម
12, Apr 2022 , 6:29 pm        
រូបភាព
រណ្ដៅសាកសពរួមនៅទីក្រុង Bucha ត្រូវរកឃើញក្រោយការចាកចេញរបស់កងទ័ពរុស្ស៊ី។ រូបថត AFP
រណ្ដៅសាកសពរួមនៅទីក្រុង Bucha ត្រូវរកឃើញក្រោយការចាកចេញរបស់កងទ័ពរុស្ស៊ី។ រូបថត AFP
ទីក្រុងមូស្គូនៅថ្ងៃទី១១ ខែមេសា ចោទប្រកាន់អាម៉េរិក និងអង់គ្លេសថា កំពុងជួយអ៊ុយក្រែនរៀបចំព័ស្តុតាងក្លែងក្លាយចោទរុស្ស៊ីពីការធ្វើទុក្ខបុកម្នេញលើជនស៊ីវិលនៅអ៊ុយក្រែន ដើម្បីផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្នុងន័យបង្ខូចឈ្មោះរុស្ស៊ី និងចោទរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម។


ចាប់តាំងពីទាហានរុស្ស៊ីបានដកខ្លួនចេញពីទីប្រជុំជន និងភូមិនានាជុំវិញរដ្ឋធានីគៀវ ទាហានអ៊ុយក្រែនបានបង្ហាញសាកសពពលរដ្ឋជាច្រើនដល់អ្នកកាសែត។ បើតាមការអះអាងពីអ៊ុយក្រែន សាកសពប្រជាជនស៊ីវិលទាំងនេះ ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី។ ប្រទេសលោកខាងលិច ក៏បន្លឺសំឡេងថា សាកសពទាំងនេះ​ ជាព័ស្តុតាងយ៉ាងច្បាស់បញ្ជាក់ថារុស្ស៊ីបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម។
 
ក្រោយមានការចោទប្រកាន់បែបនេះ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខតបតថា រដ្ឋាភិបាលអ៊ុយក្រែន​ដែលកំពុងដឹកនាំដោយអាម៉េរិក បានក្លែងបន្លំព័ស្តុតាងមិនពិតនៃអំពើហិង្សាលើជនស៊ីវិល។ ខុសពីប្រទេសលោកខាងលិចនិងអ៊ុយក្រែន រុស្ស៊ីបានចាត់ទុកសកម្មភាពខ្លួនថា ជាវិធានការមួយដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងមូស្គូក្នុងការជួយសង្គ្រោះជនស៊ីវិល។ 
 
«អាម៉េរិកដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការរៀបចំរឿងបង្កហេតុ និងជនរងគ្រោះ បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីបង្កើត និងផ្សព្វផ្សាយព័ស្តុតាងមិនពិត»។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងបែបនេះនៅថ្ងៃទី១១ ខែមេសា។ បើតាមក្រសួងការពារជាតិរុស្ស៊ី ចារកម្មអង់គ្លេស ក៏កំពុងជួយអ៊ុយក្រែនក្នុងការរៀបចំការអះអាងក្លែងក្លាយថ្មីពីការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនៅភាគឦសាន។ យ៉ាងណាមិញ ក្រសួងការពារជាតិមិនបានផ្តល់ព័ស្តុតាងបញ្ជាក់ពីការចោទប្រកាន់នេះឡើយ។ 
 
«ការចោទប្រកាន់ក្លែងក្លាយថ្មីលើកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីពីបទប្រព្រឹត្តិអំពើឃោរឃៅលើប្រជាជនអ៊ុយក្រែន កំពុងត្រូវបានរៀបចំឡើងដោយរបបទីក្រុងកៀវ ក្រោមការដឹកនាំរបស់អង្គភាពពិសេសរបស់អង់គ្លេសនៅលើទឹកដីនៃតំបន់ Sumy »។ ក្រសួងការពារជាតិរុស្ស៊ីអះអាងបែបនេះ។
 
ទន្ទឹមនេះដែរ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងទៀតថា អ្នកកាសែតនៃប្រទេសលោកខាងលិចត្រូវបានអញ្ជើញទៅកាន់តំបន់ Sumy នៅភាគឦសានអ៊ុយក្រែន ដើម្បីផ្សព្វផ្សាយពីព័ស្តុតាងក្លែងក្លាយទាំងនេះ។ ក្រសួងនេះក៏បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នឹងផ្សាយព័ត៌មានក្លែងក្លាយបែបនេះក្នុងពេលឆាប់ៗ៕
 

Tag:
 រុស្ស៊ី
  អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com