អន្តរជាតិ
លោក ហ្សេលេនស្គី អញ្ជើញលោក ម៉ាក្រុង ទៅអ៊ុយក្រែនដើម្បីបានឃើញឧក្រិដ្ឋកម្មផ្ទាល់ភ្នែក
18, Apr 2022 , 10:39 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ស្វាគមន៍សមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នាជំនួបខែកុម្ភៈ។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ស្វាគមន៍សមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នាជំនួបខែកុម្ភៈ។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង ឱ្យទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន។​ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍​ CNN ដែលផ្សាយនៅថ្ងៃទី១៧ ខែមេសា លោក ហ្សេលេនស្គី​ លើកឡើងថា លោក ម៉ាក្រុង នឹងបានឃើញផ្ទាល់ឧក្រិដ្ឋកម្មអំឡុងការឈ្លានពានរបស់រុស្ស៊ី។ ខុសពីមេដឹកនាំលោកខាងលិចខ្លះ លោក ម៉ាក្រុង មិនបានប្រើពាក្យឧក្រិដកម្មដើម្បីហៅអ្វីដែលកើតឡើងនៅអ៊ុយក្រែនឡើយ ខណៈលោកបន្តទុកផ្លូវសម្រាប់ការចរចាជាមួយរុស្ស៊ី។ 

 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាម៉េរិក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា លោកបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ហើយបានប្រាប់មេដឹកនាំបារាំងរូបនេះឱ្យបានដឹងពីឧក្រិដ្ឋកម្មដែលកើតឡើងនៅអ៊ុយក្រែន និងបង្កដោយទាហានរុស្ស៊ី។
 
«ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ឱ្យគាត់យល់ពីអ្វីដែលកើតឡើងមិនមែនជាសង្រ្គាម ហើយក៏មិនមែនអ្វីក្រៅពីឧក្រិដ្ឋកម្មដែរ។។ ខ្ញុំអញ្ជើញគាត់ឱ្យមកអ៊ុយក្រែនតាមពេលវេលាសមរម្យ។ គាត់នឹងមកដើម្បីមើល។ ខ្ញុំជឿថា គាត់យល់។» ប្រមុខរដ្ឋអ៊ុយក្រែនប្រាប់ទូរទស្សន៍ CNN បែបនេះក្នុងការផ្សាយនៅថ្ងៃទី១៧ ខែមេសា។
 
តាមពិតទៅ លោក ហ្សេលេនស្គី មិនសប្បាយចិត្តឡើយចំពោះជំហររបស់សមភាគីបារាំងរបស់លោក ដែលមិនព្រមហៅអ្វីដែលបង្កដោយទាហានរុស្ស៊ីជាឧក្រិដ្ឋកម្ម ខណៈមេដឹកនាំលោកខាងលិចមួយចំនួនមានប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជាដើម សុទ្ធតែចោទរុស្ស៊ីចំៗនោះ។ ក្នុងកិច្ចសម្ភាសដដែល លោក ហ្សេលេនស្គី អះអាងថា លោក ម៉ាក្រុង មិនប្រើពាក្យនេះ ព្រោះវាអាចប៉ះពាល់ដល់ការចរចាជាមួយក្រុងមូស្គូ។
 
ទាក់ទងរឿងនេះ លោក ម៉ាក្រុង និយាយរួចហើយថា លោក​មិនចង់និយាយអ្វីច្រើនដែលមិនបានប្រយោជន៍អ្វីឡើយ។ ក្នុងកិច្ចសម្ភាសមួយកាលពីសប្ដាហ៍មុន លោកប្រធានាធិបតីបារាំងដែលកំពុងប្រមូលសំឡេងគាំទ្រសម្រាប់អាណត្តិទីពីរ លើកឡើងដែរថា​ ពាក្យឧក្រិដ្ឋកម្មមានន័យរបស់វា ដែលចាំបាច់ត្រូវកំណត់តាមច្បាប់ មិនមែនដោយអ្នកនយោបាយឡើយ។
 
មិនត្រឹមតែលោក ម៉ាក្រុង ឡើយ លោក ហ្សេលេនស្គី ក៏ថែមទាំងអញ្ជើញលោក បៃឌិន ឱ្យទៅអ៊ុយក្រែនដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា អ្វីៗស្ថិតក្នុងការសម្រេចរបស់ប្រធានាធិបតីអាម៉េរិកផ្ទាល់ ព្រោះមានបញ្ហាច្រើនត្រូវគិតគូររាបទាំងបញ្ហាសន្តិសុខផងដែរ។
 
មកទល់ពេលនេះ លោក ហ្សេលេនស្គី ទទួលមេដឹកនាំអឺរ៉ុបជាច្រើននៅទីក្រុងកៀវ ដែលជាទស្សនកិច្ចបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេស ឆែក ប៉ូឡូញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់អ៊ុយក្រែន៕ 
 

Tag:
 អ៊ុយក្រែន
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com