អន្តរជាតិ
ទីភ្នាក់ងារជនភៀសខ្លួន UN៖ ប្រជាជនអ៊ុយក្រែនភៀសខ្លួនទៅក្រៅប្រទេស កើនដល់៤,៨លាននាក់
18, Apr 2022 , 11:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ជនភៀសខ្លួនអ៊ុយក្រែនប្រមាណ៤,៨លាននាក់ហើយ បានចាកចេញពីប្រទេសគិតចាប់តាំងពីរុស្ស៊ីឈ្លានពានកាលពីខែកុម្ភៈកន្លងមក។ នេះបើតាមតួលេខរបស់ស្នងការអង្គការសហប្រជាជាតិ​ទទួល​បន្ទុកជនភៀសខ្លួន (UNHCR) ចេញនៅថ្ងៃទី១៦ ខែមេសា។ ខណៈការប្រយុទ្ធនៅតែបន្ត ប្រធាន​ទីភ្នាក់ងារ UNHCR សង្ឃឹមថា ស្ថានការណ៍នឹងធូរស្រាលជាងនេះ ហើយសន្ដិភាពនឹង​ត្រឡប់​ម​ក​វិញ​ឆាប់ៗ។

 
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ UNHCR តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រជាជនអ៊ុយក្រែន ចំនួន​៤,៨លាននាក់បានភៀសខ្លួន​ចេញពីប្រទេស។ ក្នុងនោះប្រជាជនចំនួនលើសពី៦៤​ម៉ឺននាក់​បាន​ចាក​ចេញ​អំឡុងខែកុម្ភៈ ជិត៣,៤លានបានចាកចេញក្នុងខែមីនា និងច្រើនជាង៨៣ម៉ឺននាក់ទៀតចាក​ចេញ​អំឡុងខែមេសា។​ ចំនួននេះ​បានបង្កជា​វិបត្តិ​ជនភៀសខ្លួន និងវិបត្តិ​មនុស្សធម៌​ដែលកើនឡោះងយ៉ាងរហ័សក្នុងប្រវត្តិសាស្រ្ត​។
 
ក្នុងចំណោមជនភៀសខ្លួនទាំង៤,៨លាននាក់នោះ ស្ត្រី និងក្មេងស្ត្រីមានជាង៩០ភាគរយ ឯណោះ ខណៈដែលបុរសចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំ ត្រូវចូលបម្រើកងទ័ព និងមិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ប្រទេសនោះឡើយ។
 
ទិន្នន័យ UNHCR ក៏បានបញ្ជាក់ចំនួនជនភៀសខ្លួនទៅប្រទេសជិតខាងនីមួយៗផងដែរ។ ប៉ូឡូញ​បាន​ទទួលជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេដល់ទៅជាង២,៧លាននាក់, រូម៉ានីទទួល៧៣ម៉ឺននាក់, ហុងគ្រីទទួល៤៥ម៉ឺននាក់, ស្លូវ៉ាគីទទួល៣៣ម៉ឺននាក់ និងបេឡារុសចំនួន២ម៉ឺននាក់ដែរ។ មនុស្ស៤៨​ម៉ឺននាក់ ក៏បានចេញទៅជ្រកកោននៅរុស្ស៊ីផងដែរ ឯម៉ុលដាវីដែលជាប្រទេស​ក្រីក្រមួយនៅ​អឺ​រ៉ុប​ក៏​បាន​ទទួលជនភៀសខ្លួនពីអ៊ុយក្រែនចំនួន៤២ម៉ឺននាក់។ 
 
ជុំវិញរឿងនេះ ប្រមុខទីភ្នាក់ងារ UNHCR លោក Filippo Grandi ​អំឡុងថ្ងៃបុណ្យ Easter បានបង្ហាញក្ដី សង្ឃឹមថា ស្ថានភាពក៏អាចនឹងប្រែរមកធូរស្រាលវិញ​សម្រាប់ប្រជាជនអ៊ុយក្រែន​ហើយសន្តិភាព​នឹង​អាចយកឈ្នះសង្គ្រាម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
 
ក្រៅពីនេះ អង្គការអន្តរជាតិចំណាកស្រុក (IOM) ក៏បានបញ្ជាក់ថា ក្រៅពីប្រជាជន​អ៊ុយក្រែន​៤,៨​លាននាក់ខាងលើនេះ ជនបរទេសនៅអ៊ុយក្រែច្រើនជាង២១ម៉ឺននាក់ដែលភាគច្រើនជានិស្សិត និង​អ្នក​ធ្វើការងារចំណាកស្រុកក៏បានភៀសខ្លួនទៅប្រទេសជិតខាងផងដែរ។ ចំណែកឯក្នុងស្រុកវិញ IOM ប៉ាន់ស្មានថា ប្រជាជន៧,១លាននាក់បានចាកចេញពីលំនៅឋានរបស់ពួកគេទៅកាន់ទីតាំងផ្សេងទៀតនៅអ៊ុយក្រែន៕
 
 
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com