អន្តរជាតិ
ប៉ាក់គីអាវ និងបេក្ខជន៣នាក់ទៀត បន្តប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន ទោះមានសង្ឃឹមតិច
18, Apr 2022 , 3:10 pm        
រូបភាព
ស្ដេចប្រដាល់ហ្វីលីពីន ម៉ាន់នី ប៉ាក់គីអាវ និងបេក្ខជន៣នាក់ទៀត នៅថ្ងៃទី១៧ ខែមេសា ប្រកាសបន្តប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីខែឧសភាខាងមុខ បើទោះជាការស្ទង់មតិបង្ហាញថា បេក្ខជនទាំង៤ ឈរនៅឆ្ងាយពីបេក្ខជន២នាក់ទៀតក្ដី។ បេក្ខជនទាំង៤ អះអាងថា ពួកគេនឹងបន្តធ្វើជាជម្រើសសម្រាប់ប្រជាជនហ្វីលីពីន។

 
ហ្វីលីពីន នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៩ ខែឧសភា ដើម្បីបន្តតំណែងពីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលចប់អាណត្តិ។ បេក្ខជាច្រើន នាំគ្នាប្រជែងកៅអីប្រធានាធិបតីនេះ ប៉ុន្តែមានតែបេក្ខជន២នាក់ប៉ុណ្ណោះដែលលេចធ្លោ មានលោក Ferdinand Marcos Jr កូនប្រុសមេដឹកនាំផ្ដាច់ការ Ferdinand Marcos និងអនុប្រធានាធិបតីបច្ចុប្បន្ន ឡេនី រ៉ូប្រេដូ ។ លោក Marcos ផ្ទាល់ ក៏នាំមុខលោកស្រី រ៉ូប្រេដូ ដាច់ឆ្ងាយក្នុងការស្ទង់មតិកន្លងមក។  
 
ទោះនៅឆ្ងាយពីបេក្ខជនសំខាន់ទាំង២ បេក្ខជន៤រូបមានតារាប្រដាល់ដែលបានចូលនិវត្តន៍ ម៉ាន់នី ប៉ាក់គីអាវ, អភិបាលក្រុងម៉ានី Francisco Domagoso, សមាជិកព្រឹទ្ធសភា Panfilo Lacson និង​អតីត​រដ្ឋមន្ត្រីការពារជាតិ Norberto Gonzales នៅតែបន្តប្រជែង ហើយបាន​ច្រានចោលការ​លើក​ឡើង​ដែលថា ពួកលោកនឹងបោះបង់ចោលការប្រជែងមួយនេះ។ បេក្ខជនទាំងបួនក៏សន្យាធ្វើការរួម​គ្នា​ប្រឆាំងការបង្កាច់បង្ខូច​ណាមួយផងដែរ។
 
ក្នុងសន្និសីទរួមគ្នានៅថ្ងៃទី១៧ ខែមេសា លោក Domagoso, លោក Lacson និងលោក Gonzales អះអាងថា នឹងរួមដៃគ្នាប្រឆាំងនឹងការការប៉ុនប៉ងណាមួយដែលព្យាយាមបង្វែរឆន្ទៈពិត​របស់​ប្រជាជន​ដូចជាការបង្ខិតបង្ខំ ឬការកំណត់ជម្រើសសម្រាប់ប្រជាជនក្នុងការរើសយកមេដឹកនាំថ្មី។
 
«ពួកយើងម្នាក់ៗនឹងបន្តជាមួយនឹងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរៀងៗខ្លួន ហើយនឹងខិតខំធ្វើ​យ៉ាងណាឱ្យមានភាពសក្ដិសមក្លាយជាជម្រើសសម្រាប់ប្រជាជនរបស់ពួកយើង»។ បេក្ខជនទាំងបីនាក់​បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ។
 
លោក ប៉ាក់គីអាវ ដែលត្រូវបានរំពឹងថានឹងចូលរួមសន្និសីទកាសែតខាងលើតែមិនបាន ចូលរួមទៅវិញ។ អ្នកនាំពាក្យរបស់លោក ក៏លើកឡើងស្រដៀងបេក្ខជនទាំង៣ ថា លោក ប៉ាក់គីអាវ នឹងមិនដកខ្លួន ចេញពីការប្រជែងយកតំណែងមេដឹកនាំនេះឡើយ ទោះបីមានការឃោសនាបង្ខូចដែលផ្តួចផ្តើមដោយ​បេក្ខជនផ្សេងទៀតក៏ដោយ។ 
 
អំឡុងសន្និសីទកាសែតរួមខាងលើ លោក Lacson បានសង្កត់ធ្ងន់ថា មានការប៉ុនប៉ងជាច្រើនដើម្បី​កំណត់អ្នកឈរឈ្មោះបោះឆ្នោតឱ្យមានត្រឹមតែ២រូបគឺលោក Marcos និងលោកស្រី រ៉ូប្រេដូ ហើយ​នេះ​ជាមូលហេតុដែលជំរុញឱ្យពួកលោកធ្វើសន្និសីទកាសែតរួមគ្នានេះ។ ទន្ទឹមនេះ លោក Domagoso ក៏​បានស្នើឱ្យលោកស្រី រ៉ូប្រេដូ​ ដកខ្លួន ចេញពីការប្រជែងធ្វើជាប្រធានាធិបតីហ្វីលីពីន ព្រោះ​លោកស្រី​ក៏​មិនអាចយកឈ្នះលោក Marcos ដែរ។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យអនុប្រធានាធិបតីហ្វីលីពីន Barry Gutierrez បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍មួយថា លោកស្រី រ៉ូប្រេដូ នឹងមិនបោះបង់ចោលការប្រជែងនេះឡើយ​ហើយ​ពេល​នេះ គឺជាពេលល្អសម្រាប់ការឃោសនាមុនការបោះឆ្នោតចូលមកដល់ក្នុងរយៈពេល​បី​សប្តាហ៍ទៀត៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com