រថយន្ត
អន្តរជាតិ
ក្នុងចំណោម​រថយន្ត៥គ្រឿងលក់ចេញនៅទីផ្សារឥណ្ឌា មាន​១គ្រឿងជាផលិតផលឥណ្ឌា
18, Apr 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
 
 
 
 
ធីតា រថយន្ត
 
កាលពីឆ្នាំ២០២១ បណ្តាក្រុមហ៊ុន​ផលិតឧបករណ៍​ដើម​ (OEMs) ឥណ្ឌា បាន​រួចចំណែក​១៤ភាគរយ​នៅ​លើទីផ្សារយានយន្ត។ គិតត្រឹម​ដើម​ឆ្នាំនេះ ផលិត​ផល​ក្រុមហ៊ុន Mahindra & Mahindra រួមទាំង Tata Motors ក៏បាន​ឡើង​ដល់​១៩,៥ភាគរយ​ផងដែរ។ កត្តានេះ បង្ហាញថា រាល់រថយន្ត៥គ្រឿងដែល​លក់​ចេញនៅ​ប្រទេសឥណ្ឌា មាន​១គ្រឿង​ជាផលិត​ផល​ក្នុង​ស្រុក។
 
ក្រុមហ៊ុន​យានយន្ត Mahindra & Mahindra និង Tata Motors បាន​ក្លាយជាចំណែក​ដ៏មាន​សក្តានុពល​សម្រាប់ទីផ្សារ​យានយន្តនៅឥណ្ឌា ដោយ​មាន​ការ​កើនឡើង​៥ភាគរយ ក្រោយពេល​វិបត្តិកូវីដ-១៩ បានធូរស្រាល ខណៈផលិត​ផល​បរទេស កាន់តែ​ថយ​ចុះជាលំដាប់។
 
ចំណោម​បណ្តាក្រុមហ៊ុន​ផលិតឧបករណ៍​ដើម​ (OEMs) ឥណ្ឌា ដែលមានកំណើនទីផ្សារ​១៤ភាគរយ​នៅ​ឆ្នាំ​២០២១ ហើយគិត​ត្រឹម​ដើម​ឆ្នាំ​២០២២នេះ កំណើន​ទីផ្សារ​យានយន្ត​ក្នុង​ស្រុក មានប្រមាណ១៩,៥ភាគរយ ប៉ុន្តែ​នៅតែទាបជាងកាលពី​ឆ្នាំ២០១២។
ផ្អែកតាម​តួ​លេខ​ខាងលើ​បង្ហាញថា ក្នុងចំណោម​រថយន្ត​៥គ្រឿងដែល​លក់នៅ​ក្នុង​ប្រទេសឥណ្ឌា មាន​មួយគ្រឿង​ជាផលិតផល​របស់ឥណ្ឌាផ្ទាល់ ជាពិសេស​រថយន្តរបស់ Tata Motors, M&M របស់ Mahindra & Mahindra និងផលិត​ផល​របស់​ Force Motors។
 
ទោះបីជាយ៉ាងណាក៏ដោយផលិត​ផលជប៉ុន Maruti Suzuki, Toyota, Honda និង Nissan នៅតែមាន​ចំណែក​ធំជាងគេនៅក្នុងទីផ្សារ​រថយន្តឥណ្ឌា ដោយមានចំនួន​៥១,៧៥ភាគរយ ខណៈ Hyundai, Kia របស់​កូរ៉េខាងត្បូង មាន​២១,៩១ភាគរយ។ 
 
ផលិត​ផលបន្ត​បន្ទាប់​​ផ្សេងទៀត​ដែលមាន​វត្តមាន​នៅទីផ្សារឥណ្ឌារួមមាន Volkswagen, Skoda Auto, Renault (អឺរ៉ុប), General Motors, Ford (អាម៉េរិក) និង MG Motors របស់ចិន ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com