អន្តរជាតិ
កូឡុំប៊ីចាប់បានមេដឹកនាំ​ឧក្រិដ្ឋជនគ្រឿងញៀននៃក្រុម Clan del Golfo
18, Apr 2022 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ ពុធ មីនា 
 
អាជ្ញាធរកូឡុំប៊ីបានកំណត់អត្តសញ្ញាណ និងឈាន​ដល់​ការ​ឃាត់ខ្លួន Fausto Emilio Palacios Arteaga មេឧក្រិដ្ឋជន​គ្រឿងញៀន​ដ៏​មានឥទ្ធិពល​នៃ​ក្រុម Clan del Golfo។ នេះបើតាម​ការអះអាង​របស់​លោក Diego Molano រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា។

 
លោក Molano បាន​អះអាងនៅលើ Twitter របស់ខ្លួន មេឧក្រិដ្ឋជន​គ្រឿងញៀន ដែលមានឈ្មោះហៅក្រៅថា Maldito Patrik ពិតជាត្រូវបាន​ចាប់ខ្លួន។ បុគ្គលរូបនេះ គឺជាមេដឹកនាំ​ក្រុមគ្រឿងញៀន​ដែលអាជ្ញាធរចង់ចាប់ខ្លួនបំផុត ដោយក្រុម​ Clan del Golfo មានមូលដ្ឋានធំនៅតំបន់ Sucre។
 
Clan del Golfo ឬ Gulf Clan ជាក្រុមឧក្រិដ្ឋជន​គ្រឿងញៀនដ៏ធំបំផុតមួយនៅកូឡុំប៊ី ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៦ ក្រោយ​ការ​រំលាយ​កងកម្លាំងស្វ័យ​ការពារនៅ​ក្នុង​ប្រទេស។ អតីតសមាជិក​ក្រុម​ទាហាន​ប៉ារ៉ា បាន​ចូល​រួមក្នុង​ក្រុម​ជាបន្ត​បន្ទាប់​ផងដែរ។
 
យោងតាម​ការផ្សាយ​របស់សារព័ត៌មាន UrduPoint News លោក Maldito Patrik បានចូលរួមជាមួយក្រុម Gulf Clan កាលពី​ឆ្នាំ២០១២ ហើយបានឈរជើងជាមួយ​ក្រុម Manuel Jose Gaitan ដែលមានមូលដ្ឋាននៅ​ក្រុង Santiago de Tolu នៃតំបន់ Sucre។
 
អាជ្ញាធរកូឡុំប៊ី ប្រកាសផ្តល់​ប្រាក់រង្វាន់ សម្រាប់​ការ​រាយការណ៍ពី​កន្លែងលាក់ខ្លួន​របស់​បុគ្គលរូបនេះផងដែរ។ ប្រតិបត្តិការតាមចាប់ខ្លួន Maldito Patrik ធ្វើឡើងក្រោម​បទចោទប្រកាសជាច្រើន ដូចជាការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ និង​អំពើ​សមគំនិត​ក្នុង​ការប្រព្រឹត្តឧក្រិដ្ឋកម្ម​ផ្សេងៗនៅ​ក្នុង​ប្រទេស។
 
កាលពីខែ​តុលា ឆ្នាំ២០២១ លោកប្រធានាធិបតី Ivan Duque Marquez បានប្រកាសពីការចាប់ខ្លួនមេដឹកនាំក្រុមជួញដូរគ្រឿងញៀន ឈ្មោះ Dairo Antonio Usuga ដែលត្រូវបានគេស្គាល់ថា Otoniel នា​អំឡុងប្រតិបត្តិការ Osiris ។
 
កូឡុំប៊ី រងការវាយប្រហារជាបន្ត​បន្ទាប់ពីសំណាក់ក្រុមឧទ្ទាម​គ្រឿងញៀន បើទោះបីជា​ស្តេចគ្រឿងញៀន Pablo Escobar បាន​ដួល​រលំ និងទទួលមរណភាពតាំងពី​ឆ្នាំ១៩៩៣មកក៏ដោយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com