អន្តរជាតិ
ប្រេសិតអាម៉េរិកថា អាម៉េរិកនិងកូរ៉េខាងត្បូង នឹងឆ្លើយតបដាច់ខាតនឹងទង្វើបង្កហេតុរបស់កូរ៉េខាងជើង
18, Apr 2022 , 9:59 pm        
រូបភាព
ប្រេសិតអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង Sung Kim ចាប់ដៃសមភាគីកូរ៉េខាងត្បូង។ រូបថត AFP
ប្រេសិតអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង Sung Kim ចាប់ដៃសមភាគីកូរ៉េខាងត្បូង។ រូបថត AFP
ប្រេសិតអាម៉េរិកសម្រាប់បញ្ហាកូរ៉េខាងជើង Sung Kim នៅថ្ងៃទី១៨ ខែមេសា បានទៅដល់ទីក្រុងសេអ៊ូលដើម្បីជួបជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងជុំវិញការឆ្លើយតបទៅនឹងការបាញ់មីស៊ីល និងកង្វល់ជុំវិញការសាកល្បងឡើងវិញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Sung អះអាងថា អាម៉េរិក និងកូរ៉េខាងត្បូង នឹងឆ្លើយតបទៅតាមសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។


តំណាងពិសេសរបស់អាម៉េរិក Sung Kim ចាប់ផ្ដើមទស្សនកិច្ច៥ថ្ងៃនៅកូរ៉េខាងត្បូង ស្របពេលដែលកូរ៉េខាងជើងត្រូវមើលឃើញថា​ ចាប់ផ្ដើមបាញ់មីស៊ីលឡើងវិញនៅក្នុងឆ្នាំ២០២២ នេះ។ ការមកដល់របស់មន្រ្តីអាម៉េរិកនេះ ក៏ស្របគ្នានឹងការចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាដែរ។ ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះ យោធាកូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែមេសាលើកឡើងថា សមយុទ្ធនេះ ជាការហ្វឹកហ្វឺនលើការការពារដោយប្រើប្រាស់កុំព្យូទ័រ មិនពាក់ព័ន្ធការប្រើកងទ័ពនោះទេ។
 
មុនការទៅដល់របស់មន្រ្តីអាម៉េរិក នៅចុងសប្តាហ៍មុន កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បងមីស៊ីលប្រភេទថ្មីក្នុងគោលបំណងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការសាកល្បងអាវុធថ្មីនេះ ក៏មានការចូលរួមពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនផងដែរ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Kim បានជួបជាមួយសមភាគីកូរ៉េខាងត្បូង Noh Kyu-duk ពាក់ព័ន្ធការសាកល្បងប្រព័ន្ធអាវុធខាងលើ និងការបាញ់មីស៊ីលបាលីស្ទិកកន្លងមក។ មន្រ្តីអាម៉េរិករូបនេះប្រាប់សមភាគីកូរ៉េខាងត្បូងក្នុងជំនួបថា អាម៉េរិកក៏មានក្ដីបារម្ភចំពោះសកម្មភាពរបស់កូរ៉េខាងជើងដែរ ហើយនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីឆ្លើយតបឱ្យដាច់ខាត និងទទួលខុសត្រូវទៅនឹងទង្វើនេះ។
 
​មុនជួបលោក Noh លោក Kim ប្រាប់អ្នកកាសែតថា លោកស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើស្ថានការណ៍របស់កូរ៉េខាងជើង។ លោក ក៏បានបន្តថា លោកបើកចំហរក្នុងការចរចាជាមួយកូរ៉េខាងជើងគ្រប់ទីកន្លែងនិងពេលវេលា និងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងបានបដិសេធសំណើរបស់ភាគីអាម៉េរិក និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា រក្សាគោលនយោបាយអរិភាពដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធាជាដើម។
 
ក្រៅពីជួបមន្រ្តីផ្នែកទទួលបន្ទុកចរចានុយក្លេអ៊ែរកូរ៉េខាងត្បូង លោក Kim​ ក៏ត្រូវនឹងជួបជាមួយក្រុមមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោត យូន សុកយ៉ល ដែលចូលកាន់តំណែងនៅខែឧសភាផងដែរ៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com