អន្តរជាតិ
អតីតអ្នកការទូតបារាំង ចង់ឃើញស្តង់ដាររួមរវាងវិបត្តិរុស្ស៊ី-អ៊ុយក្រែន និងអាម៉េរិក-អ៊ីរ៉ាក់
18, Apr 2022 , 10:59 pm        
រូបភាព
 ដោយ ពុធ មីនា

លោក Gérard Araud អតីតឯកអគ្គ​រដ្ឋទូតបារាំងប្រចាំសហរដ្ឋអាម៉េរិក និងជាអតីត​តំណាងអចិន្ត្រៃយ៍​របស់បារាំងប្រចាំអង្គការសហប្រជាជាតិ បាន​ប្រៀបធៀប​ការឈ្លានពាន​របស់រុស្ស៊ី ទៅ​លើ​អ៊ុយក្រែន ទៅនឹង​ប្រតិបត្តិការយោធាអាម៉េរិ​លើ​អ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។

 
«លោកខាងលិច​កំពុង​បង្រៀន​ពិភពលោកទាំងមូលអំពី​ការប្រើ​ប្រាស់​ស្តង់ដារពីរ។ ខ្ញុំហ៊ាននិយាយថា ការ​ឈ្លានពាន​លើអ៊ុយក្រែន មិនមែនជារឿងអាស្រូវ​ជាង​ការ​ឈ្លានពាន​លើអ៊ីរ៉ាក់​កាលពីឆ្នាំ២០០៣នោះឡើយ។ បារាំងបាន​ប្រឆាំង​ការឈ្លានពាន​អ៊ីរ៉ាក់​ដោយសហរដ្ឋអាម៉េរិក»។ លោក Araud បាន​លើកឡើង​យ៉ាងដូច្នេះ​ក្នុងបទសម្ភាសមួយ​ជាមួយ​សារព័ត៌មាន Global Times។
 
អតីតអ្នក​ការទូត​បារាំង​រូបនេះ បាន​កត់សម្គាល់ថា នារយៈពេល​៣០​ឆ្នាំចុងក្រោយនេះ ចិនមិនមានអន្តរាគមន៍យោធាណាមួយឡើយ ផ្ទុយទៅវិញ ​សហរដ្ឋអាម៉េរិក មាន​បញ្ជីអន្តរាគមន៍យោធាយ៉ាងវែងមួយ។
 
លោក Araud បានលើកឡើងថា ខណៈមហាអំណាចលោក​ខាង​លិច​នាំគ្នា​ថ្កោលទោសសកម្មភាព​របស់​ទីក្រុងមូស្គូ  ខណៈចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង មិនបាន​បោះឆ្នោត​ប្រឆាំង​រុស្ស៊ី ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។
 
លោក​បាន​រំលឹក​ផងដែរ ក្នុងនាមជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ លោកតែងតែ​ប្រឈមនឹងការអាក់អន់ចិត្តចំពោះលោកខាងលិចក្នុងចំណោមតំណាងប្រទេសអតីតលោក ដោយសារ​តែពួក​គេធ្លាប់​ស្ថិត​នៅ​ក្រោមអាណានិគម។
 
ជាមួយគ្នានេះ អតីតអ្នកការទូត​បារាំង បាន​ស្នើ​ឲ្យមេដឹកនាំលោក​ខាងលិចពិចារណា​ផ្លាស់ប្តូរអាកប្បកិរិយា​របស់ខ្លួន ហើយ​លោក​មិនយល់ស្របនោះឡើយ ដែល​ថា វិធានការនានា​របស់​សេតវិមាន ជា​សញ្ញា​នៃសេរីភាព​នៅក្នុងពិភពលោក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com