អន្តរជាតិ
អ៊ុយក្រែនថា បានឆ្លើយកម្រងសំណួរសុំចូល EU រួចហើយ
18, Apr 2022 , 6:19 pm        
រូបភាព
ដោយ:
អ៊ុយក្រែនបានបំពេញឯកសារសំណួរដើម្បីសុំចូលជាសមាជិកនៃសហភាពអឺរ៉ុប (EU) រួចហើយ។ លោក Ihor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន អះអាងបែបនេះនៅថ្ងៃទី១៧ ខែមេសា។ ការបំពេញឯកសារនេះ នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ EU ដើម្បីសម្រេចចិត្តទៅលើសំណើក្លាយជាសមាជិករបស់ទីក្រុងកៀវ។

 
អំឡុងទស្សនកិច្ចកាលពីថ្ងៃទី៨ ខែមេសានៅទីក្រុងកៀវ ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន បានប្រគល់​ឯកសារសំណួរសុំចូលជាសមាជិកភាពសហភាពអឺរ៉ុប (EU) ទៅឱ្យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោកស្រី វ៉ុន ដឺ លៃអេន ក៏សន្យាថា នឹងចាប់ផ្តើមដំណើរការនៃការក្លាយជាសមាជិក EU របស់អ៊ុយក្រែនឱ្យបានលឿនជាងនេះ ស្របពេលអ៊ុយក្រែនរាងការវាយប្រហារកាន់តែខ្លាំងពីសំណាក់រុស្ស៊ី។
 
«ថ្ងៃនេះ ខ្ញុំអាចនិយាយថា ឯកសារបានបំពេញរួចរាល់ដោយភាគីអ៊ុយក្រែនហើយ»។ លោក Ihor Zhovkva អនុប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន ប្រាប់ទូរទស្សន៍អ៊ុយក្រែនបែបនេះ នៅថ្ងៃទី១៧ ខែមសា។ លោក Zhovkva បន្ថែមថា គណៈកម្មការអឺរ៉ុប នឹងត្រូវចេញសេចក្តីណែនាំស្តីពីការព្រមព្រៀងគ្នានៃលក្ខខណ្ឌចាំបាច់សម្រាប់ក្លាយជាសមាជិកភាព។ 
 
លើសពីនេះ លោក Zhovkva ក៏បង្ហាញក្ដីសង្ឃឹមថា សេចក្តីណែនាំរបស់គណៈកម្មការអឺរ៉ុប នឹងមានសញ្ញាវិជ្ជមាន ដើម្បីអ៊ុយក្រែននឹងក្លាយជាប្រទេសបេក្ខភាពមួយ (candidate country)ក្នុងដំណើរការចូលជាសមាជិក EU របស់ខ្លួន។ ក្រុមប្រឹក្សាអឺរ៉ុប នឹងត្រូវប្រជុំនៅថ្ងៃទី២៣ និងទី២៤ ខែមិថុនាខាងមុខនេះ ដែលបេក្ខភាពរបស់អ៊ុយក្រែន ទំនងជាស្ថិតលើតុផងដែរ។
 
អ៊ុយក្រែន បានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ EU កាលពីខែមីនាក្នុងបំណងទទួលបានការការពារពីប្លុកមួយនេះ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមឈ្លានពានចូលប្រទេស។ ជាធម្មតាដើម្បីទទួលបានសមាជិកភាពអឺរ៉ុបត្រូវការប្រើពេលយូរ និងមានលក្ខណៈស្មុគស្មាញ។ 
 
ការណ៍បំពេញបែបបទសំណួរទាំងនេះ គ្រាន់តែជាចំណុចចាប់ផ្តើមក្នុងការចុះឈ្មោះជាសមាជិកប៉ុណ្ណោះ ហើយអ៊ុយក្រែននៅត្រូវឆ្លងកាត់ការបោះឆ្នោតពីក្រុមប្រឹក្សាអឺរ៉ុបថែមទៀតលើសំណើរបស់ខ្លួន៕
 
 
 
 
 

Tag:
 អ៊ុយក្រែន
  EU
© រក្សាសិទ្ធិដោយ thmeythmey.com