អន្តរជាតិ
ប៉ាគីស្ថាន ព្រមានតាលីបង់កុំឱ្យផ្តល់ជម្រកដល់ក្រុមជ្រុលនិយមនៅអាហ្វហ្កានីស្ថាន
19, Apr 2022 , 2:04 pm        
រូបភាព
ដោយ:
ប៉ាគីស្ថាន ចោទប្រកាន់អាហ្វហ្កានីស្ថានថា បានផ្តល់ជម្រកដល់ក្រុមក្រុមសកម្មប្រយុទ្ធដើម្បីវាយប្រហារខ្លួនពីទឹកដីអាហ្វហ្កានីស្ថាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃទី១៧ ខែមេសា បន្ទាប់ពីក្រុងកាប៊ុលបានចោទក្រុងអ៊ីស្លាម៉ាបាដបើកការវាយប្រហារតាមអាកាសសម្លាប់ប្រជាជននៅភាគខាងកើតអាហ្វហ្កានីស្ថាន។

 
ភាពតានតឹងនៅជាប់ព្រំដែនរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានកាន់តែយ៉ាប់ឡើង តាំងពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្កានីស្ថានជាថ្មីកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១​ ដោយទីក្រុងអ៊ីស្លាម៉ាបាដអះអាងថា ក្រុមសកម្មប្រយុទ្ធបើកការវាយប្រហារជាប្រចាំពីទឹកដីអាហ្វហ្កានីស្ថាន។ 
 
បើតាមក្រសួងការបរទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៤ ខែមេសា ទាហានប៉ាគីស្ថាន៧នាក់ ត្រូវបានសម្លាប់នៅក្នុងស្រុក Waziristan ខាងជើងដោយសា្នដៃភេរវករដែលកំពុងធ្វើប្រតិបត្តិការពីអាហ្វហ្កានីស្ថាន។ ក្រុងអ៊ីស្លាម៉ាបាដក៏បានជំរុញម្តងទៀតឱ្យក្រុងកាប៊ុលធ្វើសកម្មភាពប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលបើកការវាយប្រហារពីទឹកដីអាហ្វហ្កានីស្ថានផងដែរ។ 
 
«ប៉ាគីស្ថាន ជាថ្មីម្តងទៀត ថ្កោលទោសយ៉ាងខ្លាំងចំពោះភេរវករដែលធ្វលប្រតិបត្តិការដោយនិទណ្ឌភាពពីទឹកដីអាហ្វហ្កានីស្ថានដើម្បីធ្វើសកម្មភាពនៅប៉ាគីស្ថាន»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានប្រកាសបែបនេះនៅថ្ងៃទី១៧ ខែមេសា ដោយសង្កត់ធ្ងន់ថា ទីក្រុងអ៊ីស្លាម៉ាបាដស្នើសុំឱ្យទីក្រុងកាប៊ុលការពារតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មនៅក្នុងប៉ាគីស្ថាន។
 
ការព្រមានរបស់ទីក្រុងអ៊ីស្លាម៉ាបាដនេះធ្វើឡើង បន្ទាប់ពីមានការរាយការណ៍ថា កងទ័ពអាកាសប៉ាគីស្ថាននៅថ្ងៃទី១៥ ខែមេសា បានវាយប្រហារដោយទម្លាក់គ្រាប់បែកនៅខេត្ត Khost និងខេត្ត Kunar ភាគខាងជើងអាហ្វហ្កានីស្ថាន។ បើតាមមន្រ្តីក្រុងកាប៊ុល ការវាយប្រហារតាមអាកាសនេះបង្កឱ្យមនុស្សស្លាប់កើនដល់យ៉ាងហោចណាស់៤៥នាក់ រួមទាំងក្មេងៗ និងស្រ្តី។ 
 
ក្រោយការវាយប្រហារនេះ​ ប្រជាជនអាហ្វហ្កានីស្ថាននៅខេត្ត Khost និងខេត្តផ្សេងៗទៀត ក៏ចេញមុខតវ៉ា។ យ៉ាងណាមិញ ស្ថានទូតប៉ាគីស្ថាននៅទីក្រុងកាប៊ុលប្រកាសថា ទីក្រុងអ៊ីស្លាម៉ាបាដមិនបានបើកការវាយប្រហារនេះទេ ស្របពេលរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានចេញសេចក្តីព្រមានប៉ាគីស្ថានជុំវិញការវាយប្រហារនេះ។
 
«កុំសាកល្បងភាពអត់ធ្មត់របស់ជនជាតិអាហ្វហ្កានីស្ថានលើបញ្ហាបែបនេះ ហើយកុំបង្កើតកំហុសដដែលម្តងទៀត បើមិនដូច្នេះទេ វានឹងមានផលវិបាកដ៏អាក្រក់»។ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid ព្រមានប៉ាគីស្ថានបែបនេះនៅថ្ងៃទី១៦ ខែមេសា ដោយបន្ថែមថា ភាគីប៉ាគីស្ថានគួរតែដឹងថា ប្រសិនបើសង្គ្រាមចាប់ផ្តើម វាមិនមានប្រយោជន៍ដល់ភាគីណាទេ៕ 
 
 
 

Tag:
 ប៉ាគីស្ថាន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com