អន្តរជាតិ
អាម៉េរិក អង់គ្លេស កាណាដា និងអ៊ុយក្រែន ដើរចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ព្រោះមានរុស្ស៊ី
21, Apr 2022 , 3:32 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក កាណាដា អង់គ្លេស និងតំណាងប្រទេសមួយចំនួនទៀត ដើរចេញកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ។ រូបថត AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក កាណាដា អង់គ្លេស និងតំណាងប្រទេសមួយចំនួនទៀត ដើរចេញកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ។ រូបថត AFP
ដោយ:
មន្រ្តីហិរញ្ញវត្ថុជាន់ខ្ពស់នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ជាច្រើនបានដើរចេញពីកិច្ចប្រជុំ G20 នៅថ្ងៃទី២០ ខែមេសា ព្រោះតែវត្តមានមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី។ នេះជាការធ្វើពហិការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

 
នៅថ្ងៃទី២០ ខែមេសា កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G20 បានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ដោយមានការចូលរួមពីមន្រ្តីហិរញ្ញវត្ថុជាន់ខ្ពស់ G20 ដោយផ្ទាល់ផង ​ និងតាមប្រព័ន្ធវីដេអូផង។ ក្នុងនោះដែរ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរុស្ស៊ី Timur Maksimov បានចូលរួមដោយផ្ទាល់ ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov និងអភិបាលធនាគារកណ្តាលរុស្ស៊ីចូលរួមតាមប្រព័ន្ធវីដេអូ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ខណៈមន្រ្តីហិរញ្ញវត្ថុរុស្ស៊ីកំពុងនិយាយអំឡុងកិច្ចប្រជុំ G20 លោកស្រី ចាណេត យេលេន​ រដ្ឋមន្រ្តីរតនាគារអាម៉េរិក ក៏ងើបដើរចេញពីកិច្ចប្រជុំដូចដែលបានព្រមានកន្លងមក។ មន្រ្តីតំណាងមកពីអ៊ុយក្រែន អង់គ្លេស បារាំង និងកាណាដា ក៏បានចូលរួមធ្វើពហិការនេះដែរដែលជាការតវ៉ាប្រឆាំងនឹងទង្វើរបស់រុស្ស៊ីចំពោះអ៊ុយក្រែន ខណៈមន្រ្តីតំណាងប្រទេសផ្សេងទៀតដែលចូលរួមតាមប្រព័ន្ធវីដេអូបានធ្វើពហិការដោយបិទកាមេរ៉ា ពេលមន្រ្តីរុស្ស៊ីថ្លែងការណ៍។ស
 
ក្រោយការដើរចេញរបស់រដ្ឋមន្រ្តី G20 នេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៊ីបានជំរុញឱ្យកុំយកកិច្ចសន្ទនារវាងសមាជិករដ្ឋមកពាក់ព័ន្ធនឹងនយោបាយ ដោយអះអាងថា ធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធរូបិយវត្ថុសកល។​
 
«ការដើរចេញនេះមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់យើងទាំងអស់គ្នានោះទេ។ ខ្ញុំមានទំនុកចិត្តថា នេះនឹងមិនបំផ្លាញដល់កិច្ចសហប្រតិបត្តិការ ឬសារៈសំខាន់នៃវេទិកា G20 ឡើយ»។  រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati បានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំ។
 
កន្លងមក បណ្តាប្រទេសលោកខាងលិចរួមមានអាម៉េរិក និងសម្ព័ន្ធមិត្តបានទាមទារឱ្យដកសមាជិកភាពរបស់រុស្ស៊ីចេញពីក្រុម G20។ ប៉ុន្តែ ឥណ្ឌូណេស៊ីដែលជាប្រធានផ្លាស់វេន G20 ឆ្នាំនេះមិនយល់ព្រម ដោយបាន​អញ្ជើញ​សមាជិក​ទាំងអស់​​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​នេះ រួម​ទាំង​រុស្ស៊ីផងដែរ ខណៈ​អ៊ុយក្រែន​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ។
 
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនេះធ្វើឡើងក្រៅសន្និសីទពាក់កណ្តាលឆ្នាំដែលរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាសកល ដូចជាការកើនឡើងបំណុល និងវិបត្តិស្បៀងអាហារ ហើយក៏​ជា​ជំនួប​លើក​ដំបូងរវាងរដ្ឋមន្រ្តី G20 ផងដែរ ​ចាប់​តាំង​ពី​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ​បញ្ជាឱ្យមានប្រតិបត្តិការយោធាពិសេស​នៅអ៊ុយក្រែន ៕
 
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  G20
© រក្សាសិទ្ធិដោយ thmeythmey.com