អន្តរជាតិ
ស្រីលង្កា ទូទាត់លុយ២៦លានដុល្លារទិញធ្យូងថ្មពីរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិខ្វះថាមពល
22, Apr 2022 , 7:29 pm        
រូបភាព
ដោយ:
ស្រីលង្កាដែលកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច បានទូទាត់លុយដើម្បីធ្យូងថ្មពីរុស្ស៊ីចំនួន២នាវា តាមរយៈ



ការផ្ទេរទឹកប្រាក់២៦លានដុល្លារចូលក្រុមហ៊ុនពាណិជ្ជកម្មធ្យូងថ្ម SUEK AG ដែលមានសាខានៅសិង្ហបុរី។ មន្រ្តីរដ្ឋាភិបាលស្រីលង្កាប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា។ ចំណាត់ការទិញធ្យូងថ្មនេះ ទំនងជួយកាត់បន្ថយវិបត្តិខ្វះថាមពលដែលស្រីលង្កាកំពុងជួបប្រទះ។ 
 
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប្រជាជនស្រីលង្កាបានតវ៉ាពាសពេញប្រទេស ពីព្រោះរដ្ឋាភិបាលគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ និងកង្វះថាមពល និងទំនិញចាំបាច់ផ្សេងៗ។ លើសពីនេះ ប្រទេសដីកោះអាស៊ីខាងត្បូងនេះ ក៏ជួបបញ្ហាទូទាត់ការនាំចូលទំនិញសំខាន់ៗដូចជា ប្រេងឥន្ធនៈ និងស្បៀងអាហារផងដែរ ដោយសារកង្វះទុនបម្រុង។ 
 
បើតាមមន្រ្តីក្រសួងថាមពលស្រីលង្កា មន្រ្តីរដ្ឋាភិបាលបានព្យាយាមអស់រយៈពេលជាច្រើនថ្ងៃដើម្បីសម្រួលដល់ការទូទាត់ទិញធ្យូងថ្ម ដែលជាប់គាំងនៅឆ្នេរសមុទ្រប្រទេសនេះដោយសារតែមិនទាន់បង់ថ្លៃសេវា។ ក្រោយការធ្វើការយ៉ាងសកម្ម រដ្ឋមន្រ្តីថាមពលស្រីលង្កា Kanchana Wijesekera ប្រាប់ទីភ្នាក់ងារព័ត៌មាន​​ Reuters នៅថ្ងៃទី២១ ខែមេសា ការទូទាត់ទិញធ្យូងថ្មពីរុស្ស៊ី បានសម្រេចហើយ។
 
«យើងបានចំណាយសម្រាប់ធ្យូងថ្មចំនួន២កប៉ាល់»។ លោក Wijesekera ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះដោយបន្ថែមថា ការសម្រេចការទូទាត់នេះ គឺសំខាន់ដើម្បីធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពនៅក្នុងប្រទេសដែលកំពុងជួបបញ្ហាដាច់ភ្លើង។
 
បើតាមមន្រ្តីផ្នែកថាមពលរូបនេះ ធនាគារប្រជាជនដែលគ្រប់គ្រងដោយរដ្ឋ បានទូទាត់ទឹកប្រាក់ចំនួន ២៦ លានដុល្លារសម្រាប់ការទិញធ្យូងថ្មរុស្ស៊ីដែលសរុបប្រហែល១២ម៉ឺនតោន។ ទឹកប្រាក់នេះត្រូវបានផ្ទេរពីធនាគារទៅកាន់ក្រុមហ៊ុនពាណិជ្ជកម្មធ្យូងថ្ម SUEK AG ដែលមានសាខានៅសិង្ហបុរី។ ទន្ទឹមនេះ ការដឹកជញ្ជូនធ្យូងថ្មពីអាហ្រ្វិកខាងត្បូងដែលចំណាយទឹកប្រាក់ប្រមាណ៣០ទៅ៤០លានដុល្លារ នឹងត្រូវបានសម្រេចក្នុងរយៈពេលប្រហែល១ខែទៀត។
 
«ទំនិញទាំងនេះគឺគ្រប់គ្រាន់ដើម្បីដំណើរការរោងចក្រថាមពលទំហំ៩០០មេហ្កាវ៉ាត់ រហូតដល់ខែកញ្ញា»។ លោក Wijesekera លើកឡើងបែបនេះដោយបញ្ជាក់ថា ធ្យូងថ្មពីអាហ្វ្រិកខាងត្បូងត្រូវបានគាំទ្រដោយបណ្ណឥណទានចេញដោយធនាគារកណ្តាល។ 
 
គួរបញ្ជាក់ថា ជិត១ភាគ៣នៃតម្រូវការអគ្គិសនីប្រចាំឆ្នាំរបស់ស្រីលង្កា ត្រូវបានផ្គត់ផ្គង់ដោយរោងចក្រថាមពលដើរដោយប្រេង ហើយការផ្គត់ផ្គង់ពីវារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ក៏ជួយបំពេញតម្រូវការស្រដៀងគ្នាដែរ។ ថ្វីបើយ៉ាងនេះក្តី ការផលិតអគ្គិសនីប្រែប្រួលតាមរដូវកាល ហើយការធ្លាក់ភ្លៀងមិនគ្រប់គ្រាន់បានប៉ះពាល់ដល់ការផលិតថាមពលដែលបានមកពីវារីអគ្គិសនី៕
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com