អន្តរជាតិ
មេដឹកនាំកូរ៉េទាំងពីរ ឆ្លើយឆ្លងលិខិតគ្នា មុនប្រធានាធិបតីកូរ៉េខាងត្បូងចប់អាណត្តិ
22, Apr 2022 , 8:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ខាងឆ្វេង) កាន់ដៃលោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ខាងឆ្វេង) កាន់ដៃលោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២១ ខែមេសា បានតបលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលនឹងចប់អាណត្តិ។ ក្នុងលិខិតផ្ញើទៅលោក គីម លោក មូន បានជំរុញឱ្យកូរ៉េខាងជើងចូលតុចរចា ជាជាងប្រឈមដាក់គ្នា និងចាប់ផ្តើមកិច្ចពិភាក្សាជាមួយអាម៉េរិកឡើងវិញ។  ឯមេដឹកនាំកូរ៉េខាងជើង ចាត់ទុកកិច្ចខិតខំរបស់រដ្ឋបាលលោកមូន មានតម្លៃសម្រាប់ប្រទេសជាតិ។

 
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី១០ ខែឧសភា ជាពេលដែលលោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោត ត្រូវចូលកាន់តំណែងកំពូលនេះម្តង។ មុននឹងចប់ការងាររបស់ខ្លួន លោក មូន នៅថ្ងៃទី២០ ខែមេសា​ បានផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីជាការលាគ្នា។ 
 
«លោក មូន បានជំរុញឱ្យលោក គីម អនុវត្តកិច្ចពិភាក្សា ជម្នះសករាជការប្រឈមមុខលើឧបទ្វីបកូរ៉េ»។ លោកស្រី Park Kyung-mee អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ពីអត្ថន័យសំបុត្រលោក មូន ដោយបន្ថែមថា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានស្នើឱ្យលោក គីម រៀបចំឡើងវិញចំពោះកិច្ចពិភាក្សាជាមួយអាម៉េរិក និងរដ្ឋបាលកូរ៉េខាងត្បូងថ្មី ដើម្បីបញ្ចប់ភាពតានតឹងដែលបង្កដោយការបាញ់មីស៊ីល និងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរផង។ 
 
ក្នុងលិខិតនោះ លោក មូន បានបន្តថា វាមានទាំងពេលវេលាសោកស្តាយ និងការចងចាំល្អៗ។ បើតាមលោកមូន លោកជឿថា កន្លងមកកូរ៉េខាងពីរ បានសហការគ្នា និងបានធ្វើការជាមួយគ្នាដើម្បីកែប្រែវាសនាឧបទ្វីបកូរ៉េ។ 
 
ចំណែកលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានឆ្លើយតបថា លោកសរសើរលោក មូន ចំពោះការលំបាក និងការខិតខំ ដែលធ្វើឡើងសម្រាប់ជាប្រយោជន៍របស់ប្រទេស រហូតដល់ថ្ងៃចុងក្រោយនៃការកាន់តំណែង។ ក្នុងលិខិតចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA លោកគីម យល់ថា ទំនាក់ទំនងអន្តរកូរ៉េ អាចមានការអភិវឌ្ឍ និងកែលម្អ តាមការរំពឹងទុក និងក្តីប្រាថ្នា លុះតា្រតែមានកិច្ចខិតខំដោយឥតស្រាកស្រាន្ត រួមជាមួយក្តីសង្ឃឹម។ 
 
សូមបញ្ជាក់ថា ការផ្តោះប្តូរលិខិតនេះ ធ្វើឡើងស្របពេលឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹង ដោយសារក្រុងព្យុងយ៉ាង បានចាប់ផ្តើមសាកល្បងមីស៊ីលជាថ្មី។ កូរ៉េខាងជើង បានសាកល្បងមីស៊ីលចុងក្រោយ ជាប្រភេទមីស៊ីលបាលីស្ទិកអន្តរទ្វីប។
 
លោក មូន និងលោក គីម ជួបគ្នាដល់ទៅបីដង ដែលធ្វើឱ្យទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរខ្លាំង មុនប្រែទៅជាយ៉ាប់យ៉ឺននៅឆ្នាំ២០១៩ ៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com