ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានរដ្ឋសភាកម្ពុជា-ឥណ្ឌា រួមគ្នាជំរុញកិច្ចសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វប្បធម៌
22, Apr 2022 , 10:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហេង សំរិន និង លោក អំ បឺឡា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
ជំនួបរវាងសម្តេច ហេង សំរិន និង លោក អំ បឺឡា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
 ដោយ៖ ទេពញាណ 
 
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង លោក អំ បឺឡា (Om Birla) ប្រធានរដ្ឋសភាឥណ្ឌា បានបង្ហាញការប្តេជ្ញារួមគ្នាក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ឲ្យបានគ្រប់ជ្រុងជ្រោយ លើវិស័យនានា ដូ​ចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វប្បធម៌។ ប្រធានរដ្ឋសភានៃប្រទេសទាំង២ បានជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

 
ជាមួយគ្នានេះ សម្តេច ហេង សំរិន បានដាក់សំណើមួយចំនួន ទៅភាគីឥណ្ឌា រួមមាន ពន្លឿនការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទំាង២ បន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជួយស្តារបេតិកភណ្ឌប្រាសាទបាយ័ន និងប្រាសាទព្រះវិហារ។ លោក អំ បឺឡា សន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំានៅកម្ពុជា។ 
 
ក្រៅពីនេះ សម្តេច ហេង សំរិន និង លោក អំ បឺឡា បានបង្ហាញការប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភាប្រទេសទំាង២ ឲ្យកាន់តែស៊ីជម្រៅ។ 
 
បន្ទាប់ពីជួបសម្តេច ហេង សំរិន លោក អំ បឺឡា បានបន្តទៅជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែមេសា ដដែល។ លោក ក៏នឹងចូលគាល់ព្រះមហាក្សត្រផងដែរ។ 
ក្រោយបញ្ចប់ជំនួបនានា ប្រធានរដ្ឋសភាឥណ្ឌា និងគណៈប្រតិភូ នឹងទៅទស្សនកិច្ចនៅខេត្តសៀមរាប មុនចាកចេញពីកម្ពុជា។ ប្រធានរដ្ឋសភាឥណ្ឌា ធ្វើទស្សនកិច្ចនៅកម្ពុជា៤ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២៕   
 
 
 
 

Tag:
 សភាកម្ពុជា-ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com