អន្តរជាតិ
តៃវ៉ាន់ កំពុងអភិវឌ្ឍមីស៊ីលវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់សត្រូវ និងស្ទាក់មីស៊ីលប្រដេញ
22, Apr 2022 , 9:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​តៃវ៉ាន់ កំពុងតែអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពអាកាស ស្ទាក់មីស៊ីលប្រដេញ និងកម្ទេចដ្រូនសត្រូវ ដែលអាចវាយប្រហារលើទីតាំងយោធាតៃវ៉ាន់។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ Chung Shan នៅក្នុងសប្តាហ៍នេះ។

 
កាលពីឆ្នាំ២០២១ តៃវ៉ាន់ បានអនុម័តថវិកាការពារជាតិប្រមាណ ៨,២ពាន់លានដុល្លារបន្ថែមទៀតលើការ​ចំណាយក្នុងវិស័យយោធាសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ខណៈភាពតានតឹងរវាងដែនកោះនេះ និងចិនកំពុងតែក្តៅ។ នៅឆ្នាំ២០២១ យន្តហោះចម្បាំងចិនជាច្រើនគ្រឿងតែងហោះចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ជាញឹកញយ។ 
 
ជាមួយគ្នានេះ ​កាលពីខែមីនា​ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ដែរថា  តៃវ៉ាន់គ្រោងបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំបន្ថែមទៀតរហូតដល់ចំនួន៥០០គ្រាប់សម្រាប់ឆ្នាំ២០២២នេះ ដោយឆ្នាំកន្លងមក ផលិតបានត្រឹម ២០៧គ្រាប់ ប៉ុណ្ណោះ។
 
តាមរបាយការណ៍មួយផ្ញើទៅកាន់សភាតៃវ៉ាន់ក្នុងសប្តាហ៍នេះ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ​​ Chung Shan ​ដែលគ្រប់គ្រងដោយយោធា បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីសមត្ថភាពរបស់មីស៊ីល និងដ្រូនដែលអាចយកទៅប្រើប្រាស់ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ក្នុងរបាយការណ៍នោះ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ Chung Shan បានបង្ហាញពីព័ត៌មានរបស់មីស៊ីល Hsiung Sheng។ មីស៊ីល Hsiung Sheng ដែល​ត្រូវបានអ្នកជំនាញវាយតម្លៃថា ​វាអាចបាញ់បានរយៈចម្ងាយ ១ពាន់គីឡូម៉ែត្រ មានចំនួន ២ប្រភេទ ដោយប្រភេទទី១ ​ក្បាលគ្រាប់របស់មីស៊ីល មានសមត្ថភាពបំផ្ទុះខ្លាំងលើការកម្ទេចលេណដ្ឋាន និងបន្ទាយបញ្ជាការ ហើយប្រភេទទី២ មានសមត្ថភាពបញ្ចេញគ្រាប់ច្រើន ក្នុងការបំផ្លាញបន្ទាយទ័ពអាកាស។ 
 
បើតាមលោក​ Chieh Chung អ្នកស្រាវជ្រាវមូលដ្ឋានគោលនយោបាយជាតិក្នុងក្រុងតៃប៉ិ​ មីស៊ីល Hsiung Sheng មានសមត្ថភាពខ្លាំងអាចបាញ់ទៅដល់មូលដ្ឋានកងទ័ពរំដោះប្រជាជនចិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានភូមិភាគខាងកើតរួមទាំងក្បែរក្រុងសៀងហៃ និងខេត្តជឺចាំង។ បន្ថែមពីនេះ​ វាអាចជួយបង្កើនសមត្ថភាពកងទ័ពជាតិតៃវ៉ាន់ដោយការពន្យារពេល និងបង្អាក់ចលនាយោធាចិន នៅពេលលុកលុកតៃវ៉ាន់ ដែលធ្វើឱ្យពួកគេមិនអាចវាយប្រហារកោះតៃវ៉ាន់បានលឿន។
 
ចំណែកប្រព័ន្ធមីស៊ីលSky Bow III ត្រូវបានរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលបាលីស្ទិក ​មីស៊ីលប្រដេញ និងយន្តហោះចម្បាំងជាដើម។ ក្រៅពីមីស៊ីល​ ក្រសួងការពារជាតិតៃវ៉ាន់ កាលពីខែមីនា បានបញ្ជាក់ថា ​ដ្រូនប្រភេទ MQ-9 Reaper ដែលផលិតដោយអាម៉េរិក និងអាចបំពាក់មីស៊ីលហើយប្រតិបត្តិការក្នុងរយៈចម្ងាយឆ្ងាយ នឹងនាំចូលក្នុងដែនកោះខ្លួននៅឆ្នាំ២០២៥៕
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com