សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស៣៣នាក់ បានបាត់បង់ជីវិត និង៤៣នាក់ របួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅអាហ្វហ្កានីស្ថាន
23, Apr 2022 , 11:00 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
មនុស្សចំនួន៣៣នាក់ដោយរួមទាំងកុមារ បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅវិហារឥស្លាមមួយកន្លែង ស្ថិតនៅភាគខាងជើងអាហ្វហ្កានីស្ថានអំឡុងពិធីបួងសួងនៅថ្ងៃទី២២ ខែមេសា។ ហេតុការណ៍ដ៏រន្ធត់នេះ ​បានកើតឡើងមួយថ្ងៃ ក្រោយពីក្រុមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវលើការវាយប្រហារនៅទីក្រុងចំនួនពីររបស់អាហ្វហ្កានីស្ថាន នៅថ្ងៃទី២១ខែមេសា។



ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចពីឆ្នាំ២០២១​មក ​​ចំនួននៃហេតុការណ៍បំផ្ទុះគ្រាប់បែកបានធ្លាក់ចុះ ប៉ុន្តែក្រុមជីហាដ និងក្រុមរដ្ឋឥស្លាមនិកាយស៊ុននី នៅតែបន្តវាយប្រហារគោលដៅរបស់និកាយណាដែលពួកគេយល់ថាក្បត់សាសនា។

ស្ថិតក្នុងសប្តាហ៍នេះ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏រន្ធត់បានកើតឡើងជាច្រើនកន្លែងដោយគោលដៅនៅតាមសាលារៀន និងវិហារឥស្លាមស្ថិតក្នុងតំបន់ Shia​​។ អ្នកនាំពាក្យក្រុមតាលីបង់ លោក​ Zabihullah Mujahid បានសរសេរ តាមបណ្តាញសង្គម Twitter ថា ​កុមារស្ថិតក្នុងចំណោមអ្នកស្លាប់ចំនួន៣៣នាក់ក្នុងការបំផ្ទុះ នៅថ្ងៃទី២២ ខែមេសា នៅឯវិហារឥស្លាមមួយ ក្នុងខេត្ត Kunduz ភាគខាងជើង។

«យើងថ្កោលទោសឧក្រិដ្ឋកម្មនេះ…និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។»​ លោក Mujahid ​បានបញ្ជាក់បែបនេះដោយបន្ថែមថា ​មនុស្ស៤៣នាក់ទៀតបានរងរបួស។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ ​គេមិនទាន់ដឹងថាអ្នកណាជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារ។ ប៉ុន្តែ​ហេតុការណ៍បំផ្ទុះមួយចំនួនដោយមានមួយកន្លែងនៅក្រុង Kunduz និងមួយកន្លែងផ្សេងទៀតនៅវិហារឥស្លាម​ Shia ត្រូវបានទទួលខុសត្រូវដោយក្រុមប្រដាប់អាវុធ​ ISIL នៅថ្ងៃទី២១ខែមេសា។ ក្រុមប្រដាប់អាវុធដូចជា ក្រុម ISIL នេះមានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះក្រុមនិកាយស៊ូហ្វី ដែលពួកគេចាត់ទុកថាជាអ្នកក្បត់សាសនា។

កាលពីខែតុលាឆ្នាំ២០២១​ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅវិហារឥស្លាម​ Shia ក្នុងក្រុង Kunduz ក៏បានសម្លាប់មនុស្សយ៉ាងហោច៥៥នាក់ និងរបួសជាច្រើននាក់ ​ដែលជាការវាយប្រហារដោយក្រុម ISILដែរ។  ISIL​ ជាក្រុមនិកាយស៊ុននីដូចក្រុមតាលីបង់ដែរ ប៉ុន្តែក្រុមទាំងពីរជាគូរប្រជែងដ៏ជូរចត់។ ភាពខុសគ្នានៃមនោគមវិជ្ជាដ៏ធំបំផុតរវាងក្រុមទាំងពីរ គឺក្រុមតាលីបង់គ្រាន់តែចង់បណ្តេញកងកម្លាំងយោធាបរទេសចេញពីអាហ្វហ្កានីស្ថានតែប៉ុណ្ណោះ ខណៈក្រុម ISIL ចងគ្រប់គ្រងរដ្ឋឥស្លាមមួយតែម្តង៕

Tag:
 អាហ្វហ្កានីស្ថាន
  ហេតុការណ៍បំផ្ទុះគ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com