អន្តរជាតិ
លោក ពូទីន៖ របបក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងទ័ពនៅក្រុង Mariupol ទម្លាក់អាវុធឡើយ
23, Apr 2022 , 1:59 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែមេសា បានចោទរដ្ឋាភិបាលទីក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងយោធានៅក្រុង Mariupol ទម្លាក់អាវុធចុះឡើយ។ មកទល់ពេលនេះ កម្លាំងយោធាអ៊ុយក្រែន នៅក្នុងរោងចក្រដែក Azovstal មិនទាន់ទម្លាក់អាវុធឡើយ បើទោះរុស្ស៊ីបានហ៊ុមព័ទ្ធជិត និងគ្រប់គ្រងក្រុង Mariupol ទាំងស្រុងក៏ដោយ។



 
 
ក្រុង Mariupol ត្រូវបានរុស្ស៊ីប្រកាសគ្រប់គ្រងដោយជោគជ័យនៅថ្ងៃទី២១ ខែមេសា កន្លងមក។ បើទោះប្រកាសគ្រប់គ្រងក្រុងជាផ្លូវការក៏ដោយ ប៉ុន្តែកម្លាំងយោធាអ៊ុយក្រែន ដែលលាក់ខ្លួនក្នុងរោងចក្រដែក Azovstal មិនទាន់ទម្លាក់អាវុធឡើយ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទ ទីក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងយោធាខ្លួនទម្លាក់អាវុធ។ 
 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី២២ ខែមេសា លោក ពូទីនបានលើកឡើងថា កម្លាំងយោធាអ៊ុយក្រែនទាំងអស់ ដែលទម្លាក់អាវុធចុះ នឹងត្រូវបានធានាអាយុជីវិត យកចិត្តទុកដាក់ដោយផ្អែកលើច្បាប់អន្តរជាតិ និងផ្តល់ការព្យាបាល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំង។ 
 
«ប៉ុន្តែរបបក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងខ្លួនប្រើប្រាស់ឱកាសនេះឡើយ»។ ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ។ 
 
ក្នុងកិច្ចសន្ទនាដដែលនោះ លោក Michel បានជំរុញឱ្យមេដឹកនាំរុស្ស៊ី អនុញ្ញាតឱ្យមានការចូលទៅដល់នៃជំនួយមនុស្សធម៌ និងបើកច្រកចេញចំពោះប្រជាជនស៊ីវិល ដែលកំពុងជាប់នៅក្នុងក្រុង។ តាមការបញ្ជាក់របស់អភិបាលក្រុង Mariupol កន្លងមក ប្រជាជនស៊ីវិលជាប់ក្នុងក្រុង មានប្រមាណ ១០ម៉ឺននាក់ ដែលកំពុងប្រឈមនឹងកង្វះអគ្គិសនី ទឹក រួមទាំងអាហារ។ 
 
តាមរបាយការណ៍ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធមនុស្សអង្គការសហប្រជាជាតិ(UNCHR) មកទល់ពេលនេះ រុស្ស៊ី បានឈ្លានពានអ៊ុយក្រែនជិតពីរខែហើយ ដោយប្រជាជនស៊ីវិលប្រមាណ ១៤១៧នាក់ បានបាត់បង់ជីវិត ខណៈប្រជាជន ២០៣៨រងរបួស។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការខូចខាត៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com