អន្តរជាតិ
លោក ហ្សេលេនស្គី៖ រុស្ស៊ី អាចឈ្លានពានប្រទេសផ្សេងទៀត បន្ទាប់ពីអ៊ុយក្រែន
23, Apr 2022 , 3:58 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី២២ ខែមេសា បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គ្រាន់ជាដំណាក់កាលដំបូងប៉ុណ្ណោះ ហើយរុស្ស៊ីអាចឈ្លានពានលើបណ្តាប្រទេសផ្សេងទៀត នៅចំណុចបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមេបញ្ជាការរងរុស្ស៊ីមួយរូបអះអាងពីគម្រោងគ្រប់គ្រងពេញលេញនៅភាគខាងត្បូង និងតំបន់ដុនបាសអ៊ុយក្រែន។

 
តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី មេបញ្ជាការរងភូមិភាគកណ្តាលរបស់រុស្ស៊ី លោក Rustam Minnekayev បានអះអាងថា គោលបំណងមួយរបស់យោធារុស្ស៊ី គឺគ្រប់គ្រងពេញលេញនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន និងតំបន់ដុនបាស។ បើតាមលោក Minnekayev ការគ្រប់គ្រងភាគខាងត្បូងអ៊ុយក្រែន អាចធ្វើឱ្យរុស្ស៊ី មានផ្លូវឆ្ពោះទៅតំបន់រដ្ឋបាល Transnistria ដែលមេបញ្ជាការរងរូបនេះអះអាងថា មានការបង្រ្កាបលើប្រជាជននិយាយភាសារុស្ស៊ី ដោយ ម៉ុលដូវ៉ា (Moldova) និងប្រទេសលោកខាងលិច។
 
បន្ទាប់ពីការបញ្ជាក់ខាងលើ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានយល់ថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសផ្សេងទៀត បន្ទាប់ពីអ៊ុយក្រែន។ ក្នុងន័យនេះ លោក ហ្សេលេនស្គី បានជំរុញឱ្យប្រទេសផ្សេងទៀត ជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី។ 
 
«ពួកគេត្រូវតែជួយយើង ព្រោះអ៊ុយក្រែននៅសមភូមិមុខ។ ហើយតើប្រទេសណាដែលត្រូវរុស្ស៊ីឈ្លានពានបន្ទាប់?» ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងបែបនេះនៅក្នុងវីដេអូទៅកាន់ប្រជាជាតិ នៅថ្ងៃទី២២ ខែមេសា។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរលើបណ្តាញសង្គម Twitter ថា គោលបំណងរបស់រុស្ស៊ី មិនដូចលើកឡើងកន្លងមក ដែលចង់លុបបាត់របបណាហ្ស៊ីឡើយ ប៉ុន្តែជាការគ្រប់គ្រងតំបន់ភាគខាងត្បូង និងខាងកើតអ៊ុយក្រែន។ ពាក់ព័ន្ធទង្វើបែបនេះ ក្រសួងការពារជាតិអ៊ុយក្រែន បានហៅរុស្ស៊ីថា ជាប្រទេសចក្រពត្តិ។ 
 
បន្ទាប់ពីការអះអាងរបស់មេបញ្ជាការរងភូមិភាគកណ្តាលរុស្ស៊ី ក្រសួងការបរទេសម៉ុលដូវ៉ា បានកោះហៅអគ្គរដ្ឋទូតរុស្ស៊ី ដោយបង្ហាញពីក្តីបារម្ភជាច្រើន។ 
 
សូមបញ្ជាក់ថា ពេលនេះ រុស្ស៊ីបានផ្តល់ប្រតិបត្តិការយោធាខ្លួននៅតំបន់ដុនបាសវិញម្តង ដោយប្តេជ្ញាគ្រប់គ្រងតំបន់នេះពេញលេញ ខណៈអ៊ុយក្រែន កំពុងអំពាវនាវសុំជំនួយយោធាបន្ថែម។ ទន្ទឹមនេះ ប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត កំពុងដុតដៃដុតជើង បញ្ជូនអាវុធជាច្រើនលានដុល្លារឱ្យអ៊ុយក្រែន ទប់នឹងការឈ្លានពានរបស់រុស្ស៊ី៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com