អន្តរជាតិ
ប្រមុខUN នឹងជួបជាមួយលោកពូទីន និងហ្សេលេនស្គី ដោយផ្ទាល់ នៅសប្តាហ៍ក្រោយ
23, Apr 2022 , 8:19 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ​លោក​ អាន់តូនីញ៉ូ ​ហ្គូតេរ៉េស នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ​វ្ល៉ាឌីមៀ ពូទីន។ ស្របគ្នានេះ​​ លោកក៏នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក ​វ៉ូឡូឌីមៀ ​ហ្សេលេនស្គីផងដែរ។

 
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ​នេះជាលើកទីមួយហើយ ដែល​អគ្គលេខាធិការអង្គការសហប្រជាជាតិ អញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់។ លោកស្រី​ Eri Kaneko អ្នកនាំពាក្យរងលោក​ហ្គូតេរ៉េស​​ ថ្លែងប្រាប់នៅស​ន្និសីទសារព័ត៌មាន​ពីទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែមេសា​  អគ្គលេខាធិការនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នាថ្ងៃទី២៦ខែមេសាខាងមុន ក្នុងគោលបំណងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។
 
ប្រមុខ​ UN សញ្ជាតិព័រទុយហ្កាល់រូបនេះ ក៏នឹងអញ្ជើញទៅទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ព្រមទាំងរដ្ឋមន្រ្តីការបរទេស​ Dmytro Kuleba ​​​និងបុគ្គលិកនៅទីភ្នាក់ងារ​ UN លើការបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យអ្នកនាំពាក្យរបស់ UN ។
 
នៅក្នុងដំណើរទស្សនកិច្ចទាំងពីរនេះ​ លោក​ហ្គូតេរ៉េស មានបំណងពិភាក្សាពីជំហានដែលអាចធ្វើបាន នៅពេលឥឡូវនេះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយជួយប្រជាជនឱ្យទទួលបានសុវត្ថិភាព។ អ្នកនាំពាក្យរង​ បានបន្ថែមថា ​លោកហ្គូតេរ៉េស សង្ឃឹមនឹងអាចចរចាជាមួយរុស្ស៊ីពីអ្វីដែលអាចធ្វើបាន ដើម្បីនាំសន្តិភាពដល់អ៊ុយក្រែនឱ្យបានឆាប់រហ័ស។
ពាក់ព័ន្ធនឹងជំនួបនេះ​ លោក​ហ្គូតេរ៉េស បានស្នើសុំជួបមេដឹកនាំនៃប្រទេសទាំងពីរ តាមរយៈលិខិតពីរផ្សេងទៀតដែលប្រគល់ទៅឱ្យស្ថានបេសកកម្មអចិន្រ្តៃយ៍នៃប្រទេសទាំងពីរ​ប្រចាំអង្គការសហប្រជាជាតិ។
 
លោកស្រី Kaneko ​បានលើកឡើងទៀតថា ​អគ្គលេខាធិការ UN មិនមានការខកចិត្តខ្លាំងណាស់ណាទេ ដែលការអំពាវនាវរបស់លោក ឱ្យមានការឈប់បាញ់ មិនត្រូវបានគេយកចិត្តទុកដាក់ ប៉ុន្តែ អ្វីដែលសំខាន់នោះ​​ ការមិនមានកិច្ចព្រមព្រៀងផ្អាកបទឈប់បាញ់ បានបណ្តាលឱ្យជនស៊ីវិលមិនអាចចាកចេញពីតំបន់ឡោមព័ន្ធ ហើយជំនួយរបស់ UN និងដៃគូជំនួយដែលត្រៀមបញ្ជូនទៅកាន់តំបន់ឡោមព័ន្ធ ក៏មិនអាចធ្វើដំណើរទៅបាន។ ​បើតាមអ្នកនាំពាក្យរង ​លោក ហ្គូតេរ៉េស នឹងពិភាក្សាពីបញ្ហាទាំងនោះបន្ថែមទៀតអំឡុងទស្សនកិច្ចក្រុងម៉ូស្គូ។
 
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនលើកនេះ​ ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៤៥មកដែលបានសម្លាប់មនុស្ស ឬរបួសរាប់ពាន់នាក់។ ​មកទល់ពេលនេះ មនុស្សច្រើនជាង ១២លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេស៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com