អន្តរជាតិ
បុរសម្នាក់ឈ្នះក្តី៤៥ម៉ឺន​ដុល្លារ ពាក់ព័ន្ធនឹងក្រុមការងារ​ដែល​ចចេសធ្វើខួបកំណើតឲ្យគាត់
23, Apr 2022 , 10:19 pm        
រូបភាព
ដោយ: ធីតា
បុរសម្នាក់នៅរដ្ឋ​ Kentucky សហរដ្ឋអាម៉េរិក បាន​ឈ្នះក្តីនូវទឹកប្រាក់ចំនួន៤៥ម៉ឺន​ដុល្លារ ក្នុងសំណុំរឿង​មួយជុំវិញ​ការមិន​សប្បាយ​ចិត្ត​ ក្រោយ​ក្រុមហ៊ុន​បាន​រៀបចំពិធី​ខួប​កំណើតដ៏ភ្ញាក់ផ្អើល​​ជូនគាត់។

 
 
រឿងរ៉ាវបាន​កើតឡើងកាលពីអំឡុង​ឆ្នាំ២០១៩ ដោយ​លោក Kevin Berling បានស្នើ​កុំឲ្យមាន​ការ​រៀបចំខួបកំណើត​សម្រាប់គាត់ ព្រោះវាអាច​បណ្តាល​ឲ្យជំងឺ​ស្រឺត ថប់បារម្ភ របស់លោក​រើ​ឡើង​វិញ។ ជាពិសេស​លោក​មិន​ចង់​ឲ្យ​អនុស្សាវរីយ៍​អាក្រក់ៗកាលពីកុមារភាព​វិល​ត្រឡប់មក​វិញ។
 
 
យោងតាម​ការផ្សាយ​របស់ BBC លោក Kevin Berling បាន​ចោទថ្នាក់​ដឹកនាំ​​ក្រុមហ៊ុន​ថា មិន​គោរព​តាមការសម្រេច​ចិត្ត​របស់គាត់ និង​មានចេតនា​រើសអើង​ទាក់ទង​នឹង​ពិការភាព​ ដោយ​ពួក​គេ​បាន​រៀបចំពិធី​ខួប​កំណើត កាលពី​អំឡុងខែសីហា ឆ្នាំ២០១៩។
 
 
ពេលនោះ លោក Berling ខឹងយ៉ាងខ្លាំង ហើយ​លោក​បាន​ដើរចេញពីពិធី​ជប់លៀងអបអរ ដោយ​ទៅអង្គុយញ៉ាំបាយ​ក្នុងរថយន្តតែម្នាក់ឯង។ មួយថ្ងៃក្រោយមក លោក​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំងពីបណ្តាមិត្តរួមការងារនៅ Gravity Diagnostics ដែលមិនគោរពសន្តាន​ចិត្ត​ល្អ​របស់ពួក​គេ ហើយថាលោក​​បែរជាមានចរិត​ដូចក្មេងស្រី។
 
 
កាលពីថ្ងៃទី១១ ខែសីហា ក្រុមហ៊ុន​បាន​បញ្ចប់​លោកពីការងារដោយ​បង្ហាញពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាពការងារ។ ក្នុងពាក្យបណ្តឹង​របស់ខ្លួន លោក Berling បាន​រក្សាជំហរថា ការរៀបចំពិធី​​បញ្ញាក់ខួបកំណើត ពិតជាបាន​ធ្វើ​ឲ្យជំងឺ​ស្រឺត និងថប់បារម្ភ​របស់​លោក​រើឡើង​វិញ ហើយម្យ៉ាងទៀត លោកក៏បាន​ប្រាប់ពួក​គេមុន​ផងដែរ។
 
ក្នុង​សវនាការរយៈពេល​២ថ្ងៃ ចៅក្រម​បាន​កាត់ក្តីឲ្យ​លោកទទួលបាន​៤៥ម៉ឺន​ដុល្លារ ដោយ​៣០ម៉ឺន​ដុល្លារ​ពាក់ព័ន្ធ​នឹង​​ការបង្ក​ផល​អវិជ្ជមានផ្នែក​អារម្មណ៍ និង​១៥ម៉ឺន​ដុល្លារ​ទាក់ទងនឹងការ​បាត់​បង់​ប្រាក់ចំណូល​កន្លងមក។
 
លោកស្រី Julie Brazil ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់ Gravity Diagnostics បានអះអាង​ប្រាប់សារព័ត៌មានក្នុងស្រុក​ Link KNY ថា ការសម្រេច​បញ្ឈប់​ការងារ​លោក Berling ដោយ​ការព្រួយបារម្ភចំពោះ​ករណីហិង្សាដែលអាចកើតឡើង ហើយ​បុគ្គលិក​ទាំងអស់គឺជាជន​រងគ្រោះ​ក្នុងសំណុំរឿងនេះ មិន​មែនលោក Berling នោះឡើយ។
 
ទោះបីជាយ៉ាងណាក៏ដោយ លោក Tony Bucher មេធាវី​របស់​លោក Berling បាន​បញ្ជាក់ថា គ្មាន​ភស្តុតាងណាមួយ​បង្ហាញ​ថា កូនក្តីលោកគំរាម​កំហែង​បុគ្គលិក​ផ្សេងទៀតនោះឡើយ ហើយគាត់ពិតជារងការប៉ះទង្គិចធ្ងន់ធ្ងរ ដោយសារតែការ​បន្ត​រៀបចំពិធីខួបកំណើតទាំងមិនស្តាប់ហេតុផលគាត់។
 
លោក Bucher បាន​ស្នើឲ្យ​មាន​ការពិចារណាឲ្យ​បាន​ល្អិតល្អន់ទាក់ទង​នឹងបញ្ហា​ផ្លូវ​ចិត្ត ហើយ​ការ​បណ្តេញលោក Berling ចេញ ជាទង្វើនៃការរើសអើងមួយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com