អន្តរជាតិ
ការសិក្សា៖ វត្តមានប្លាស្ទិក បានទៅដល់សមុទ្រទឹកកកអាក់ទិកហើយ
24, Apr 2022 , 8:29 am        
រូបភាព
រូបភាព៖ Shutterstock
រូបភាព៖ Shutterstock
បច្ចុប្បន្ន ប្លាស្ទិកកំពុងសាយភាយទៅគ្រប់ទីកន្លែង សូម្បីតែប៉ូលខាងជើងនៃពិភពលោក​ក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការ​គំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ការសិក្សាស្រាវជ្រាវអន្តរជាតិមួយ បានបង្ហាញថា ជំនន់ប្លាស្ទិកបានទៅដល់គ្រប់កន្លែងនៃតំបន់​អាក់ទិក។ បរិមាណដ៏ច្រើននៃប្លាស្ទិកនៅមហាសមុទ្រ​អាក់ទិកត្រូវ​បានហូរតាមទឹក ​តាមខ្យល់ និងតាមការដឹកជញ្ជូនផ្សេងៗពីកន្លែងដែល​ជាទីប្រជុំជន​មនុស្សរស់នៅ។

 
សព្វ​ថ្ងៃ​នេះ សម្រាម​ប្លាស្ទិកមាន​ចន្លោះ​ពី ១៩ ទៅ ២៣លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ត្រូវ​បាន​ហូរចាក់ចូលទៅ​ក្នុង​ទឹក​ស្ទឹង ទន្លេ និងសមុទ្រ។ ដោយសារប្លាស្ទិកមានភាពធន់ខ្លាំង វាបានកកកុញនៅក្នុងទឹកពិសេសមហាសមុទ្រ។ តាមពិតប្លាស្ទិកអាចបំបែកបន្តិចម្តងៗ​ទៅជាបំណែកតូចៗ តែប្រើពេលយូរ ហើយភាគល្អិតរបស់វាអាចចូលទៅក្នុងចរន្តឈាម​របស់មនុស្ស សត្វបង្កឱ្យមានការប៉ះពាល់សុខភាព។ 
 
ការស្រាវជ្រាវអន្តរជាតិ ដែលចេញផ្សាយនៅលើទស្សនាវដ្តី Nature Reviews Earth & Environment បានបង្ហាញថា ជំនន់នៃប្លាស្ទិកបានហូរទៅដល់តំបន់អាក់ទិកហើយ។ សូម្បីតែ​ប៉ូលខាងជើងនៃពិភពលោកក្នុងតំបន់ទឹកកកអាក់ទិកក៏មិនអាចគេចផុតពីការគំរាមកំហែងនៃការបំពុលប្លាស្ទិកដែរ។ ប្លាស្ទិកយ៉ាងច្រើន ត្រូវបានរកឃើញនៅក្នុងទឹក នៅតាមមាត់​សមុទ្រ ឆ្នេរដាច់ស្រយាល ក្នុងទន្លេ និងសូម្បីតែនៅក្នុងទឹកកក និងព្រិល។ 
 
ប្រភពនៃប្លាស្ទិកសំខាន់ៗមួយចំនួន មានដូចជាកាកសំណល់ទូទៅរបស់មនុស្សតាមទីប្រជុំជន សំណល់ពីសហគមន៍តំបន់អាក់ទិក និងកម្ទេចកម្ទីប្លាស្ទិកពីកប៉ាល់ ជាពិសេសកប៉ាល់​នេសាទ រួមមានសំណាញ់នេសាទ និងខ្សែពួរផ្សេងៗដែលបង្កបញ្ហាធ្ងន់ធ្ងរដល់ជីវិតនៅក្នុង​ទឹក។ មិនថាការចោលសម្រាមប្លាស្ទិកដោយចេតនា ដោយអចេតនាក្តីទៅក្នុងមហាសមុទ្រ វាសុទ្ធតែបានរួមចំណែកដ៏ធំក្នុងការបំពុលទឹកទូទាំងពិភពលោក។ 
 
ការសិក្សាអំពីផលប៉ះពាល់នៃប្លាស្ទិកលើជីវិតក្នុងសមុទ្រតំបន់អាក់ទិកនៅមានតិចតួច​ណាស់។ ប៉ុន្តែព័ស្តុតាងនៃផលវិបាកនៅទីនោះ គឺស្រដៀងគ្នាទៅនឹងតំបន់ដទៃទៀតដូចជា​ ពពួកសត្វខ្លាឃ្មុំតំបន់ប៉ូល ឆ្មាទឹក ក្ដាន់ទឹកកក និងសត្វសមុទ្រដទៃទៀត បានទាក់ជាប់​ប្លាស្ទិកនឹងខ្លួនហើយងាប់។ ចំណែកសត្វដែលបានលេបប្លាស្ទិកចូលក្នុងក្រពះដោយ​អចេតនា ទំនងជានាំឱ្យមានការថយចុះនៃការលូតលាស់ និងការបន្តពូជ និងមានបញ្ហា​រលាកនៅក្នុងជាលិការបស់សត្វ។ ម៉្យាងវិញទៀត ប្លាស្ទិកគឺជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ប្រមាណ៤,៥ភាគរយនៃការ​បំភាយសកល ដែលប៉ះពាល់ដល់កម្ដៅផែនដីធ្វើឱ្យទឹកកក​រលាយកាន់តែលឿន។ 
 
ស្របពេលដែលស្ថានភាពបម្រែបម្រួលអាកាសធាតុកាន់អាក្រក់ តំបន់អាក់ទិកបានរងការ​កើនកម្ដៅលឿនជាងតំបន់ផ្សេងនៃ​ពិភពលោកចំនួន ៣ដងឯណោះ។ ឥឡូវវត្តមានប្លាស្ទិក​នឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អាក់ទិកបន្ថែមទៀត។ ហេតុនេះ មហាសន្និបាទ​បរិស្ថានរបស់អង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាប្លាស្ទិកសកលដែលជាជំហាន​ដំបូងដោះស្រាយបញ្ហប្លាស្ទិក។ ក្រោមសន្ធិសញ្ហានេះ គោលដៅកាត់បន្ថយការផលិត​ប្លាស្ទិកគឺជាវិធានការចម្បងដែលបានអនុម័ត៕ 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com