សុខភាព
អន្តរជាតិ
ការសិក្សា៖ ឆ្កែដែល​ស៊ីបន្លែ មាន​សុខ​ភាព​ល្អ​ជាងឆ្កែ​ដែល​ស៊ីសាច់
24, Apr 2022 , 8:59 am        
រូបភាព
ការសិក្សា៖ ឆ្កែដែល​ស៊ីបន្លែ មាន​សុខ​ភាព​ល្អ​ជាងឆ្កែ​ដែល​ស៊ីសាច់
ការសិក្សា៖ ឆ្កែដែល​ស៊ីបន្លែ មាន​សុខ​ភាព​ល្អ​ជាងឆ្កែ​ដែល​ស៊ីសាច់
ដោយ: ធីតា
យោងតាម​ការសិក្សាមួយនៅ​អង់គ្លេស សុនខដែល​ត្រូវបាន​ចិញ្ចឹម​ដោយ​​ចំណីអាហារ​បួសពោលគឺ​បន្លែ ធ្លាក់​ខ្លួន​ឈឺ​តិចជាង​សុនខ ដែលស៊ី​សាច់។ នេះជា​ដំណឹងល្អមួយ​សម្រាប់​បណ្តា​ម្ចាស់​សុនខ លើ​ការ​រៀបចំ​របបអាហារ​ដល់​សត្វជាទីស្រឡាញ់របស់ខ្លួន។

 
ចំពោះទ្រឹស្តី «បរិភោគអាហារបួស មានសុខភាពល្អ» ត្រូវបានក្រុម​អ្នក​ស្រាវជ្រាវវិទ្យាសាស្ត្រ​ផ្តល់​ការសន្និដ្ឋានថា មិន​ត្រឹមតែ​ប្រើសម្រាប់មនុស្សនោះឡើយ ប៉ុន្តែពេលនេះ គេអាចអនុវត្ត​បាន​ចំពោះសត្វ​ចិញ្ចឹម​ដ៏ស្មោះត្រង់បំផុត​ គឺ​ «ឆ្កែ»។
 
ការសិក្សាដែល​ដឹកនាំដោយ វេជ្ជបណ្ឌិត Simon Clegg ពី​សាកល​វិទ្យាល័យ Lincoln ចក្រភពអង់គ្លេស និង​ចេញផ្សាយនៅ​លើ​គេហទំព័រ Plos One បាន​ផ្តល់​ទម្រង់​សំណួរ​ទៅដល់​អ្នក​ចិញ្ចឹម​ឆ្កែចំនួន​២៥៣៦នាក់។ ពួក​គេ​ត្រូវស្ម័គ្រ​ចិត្ត​ឆ្លើយ​ទាក់ទង​នឹងព័ត៌មាននានាស្តីពី​របប​អាហារ​ ក៏ដូចជា​ស្ថានភាព​សុខភាពនៃសត្វជាទីស្រឡាញ់​របស់ខ្លួន។​ 
 
បន្ថែមពីលើនេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចំណាយ​ពេល​១ឆ្នាំ ដើម្បី​វិភាគ​លើ​ព័ត៌មាន​ពាក់ព័ន្ធ រួមទាំងការ​ចុះផ្សាយ​ទៅ​មន្ទីរបសុព្យាបាល និងវិធី​​ព្យាបាលផ្សេងៗ។ ចំណោម​ឆ្កែដែលស្ថិតក្នុងការសិក្សា ជាង​ពាក់កណ្តាល ស៊ីសាច់ជាប្រចាំ ហើយ១៣ភាគរយ​ ស៊ី​ផលិតផល​បន្លែជាពិសេស។
 
លទ្ធផលបាន​បង្ហាញថា បណ្តា​សុនខដែលស៊ីអាហារបួស ត្រូវបាន​នាំ​ទៅពេទ្យ​តិចជាង​សុនខ​ ដែលមាន​របបអាហារធម្មតា ដល់​ទៅ​៤ដង។ បើតាម​របាយការណ៍ជាក់​ស្តែងប្រចាំឆ្នាំ ៤៩ភាគរយ​នៃ​ឆ្កែដែលមានរបបអាហារធម្មតា ជួបបញ្ហា​សុខភាព ខណៈ​ឆ្កែដែលស៊ីអាហារបួស មាន​ត្រឹមតែ​៣៦ភាគរយ​ប៉ុណ្ណោះ។
 
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ មិនហ៊ាន​ណែនាំឲ្យ​អ្នក​ចិញ្ចឹម​បញ្ឈប់​ការផ្តល់សាច់ឆៅឲ្យ​ឆ្កែនោះដែរ ព្រោះវាជាអាហារមូលដ្ឋាន​ទៅហើយ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​បង្ហាញការសន្និដ្ឋានថា ការស៊ីសាច់ឆៅប្រឈម​ហានីភ័យច្រើន ដូចជា​កង្វះសារធាតុចិញ្ចឹម និងអតុល្យភាពផ្សេងៗដែលនាំឲ្យកើតជំងឺ ខណៈ​អាហារបួស ជារបបអាហារដែល​ប្រឈម​គ្រោះថ្នាក់តិច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com