អន្តរជាតិ
ប្រទេសទាំង១០ ត្រៀមខ្លួនបានល្អបំផុត ដើម្បីជួយបរិស្ថាននា​ពេលអនាគត
23, Apr 2022 , 10:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
របាយការណ៍ស្ថិតិអនាគតបៃតងឆ្នាំ ២០២២ បានធ្វើចំណាត់ថ្នាក់ប្រទេសចំនួន ៧៦ ដែល​មានសេដ្ឋកិច្ចសមស្របនឹងដំណើរកាត់បន្ថយកាបូនឱ្យនៅកម្រិតទាប នាថ្ងៃអនាគត។ ក្នុងនោះ ប្រទេសកំពូលចំនួន ១០​ ទទួលបានការវាយតម្លៃរៀបចំប្រទេសបានល្អបំផុត ក្នុងការជួយ​វិស័យបរិស្ថានប្រកបដោយនិរន្តរភាព ដែលភាគច្រើនគឺជាប្រទេសនៅ​ប៉ែកអឺរ៉ុប។

 
របាយការណ៍ស្ថិតិអនាគតបៃតងឆ្នាំ ២០២២ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីបច្ចេកវិទ្យា​របស់វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT)។ ការធ្វើចំណាត់ថ្នាក់នេះបានធ្វើឡើង​លើប្រទេសចំនួន ៧៦ ដែលត្រូវបានមើលឃើញថាមានសេដ្ឋកិច្ចសមស្របនឹងដំណើរកាត់​បន្ថយកាបូនឱ្យនៅកម្រិតទាបថ្ងៃអនាគត។ អ្នកជំនាញបានវាយតម្លៃប្រទេសនីមួយៗ​ពីវិធី និងកម្រិត​នៃការកាត់បន្ថយការបញ្ចេញកាបូន ការអភិវឌ្ឍថាមពលស្អាត និងគំនិតច្នៃប្រឌិត​ក្នុងវិស័យបរិស្ថាន។ ការសិក្សាក៏បានពិនិត្យមើលការការពារបរិស្ថាន និងគោលនយោបាយ​អាកាសធាតុរបស់រដ្ឋាភិបាលដែរ។ 
 
ជាលទ្ធផល គេបែងចែកបាន៤កម្រិតផ្អែកលើសមត្ថភាពដែលបណ្ដាប្រទេសធ្វើបាន។ ទី១គឺ​ក្រុមប្រទេសចំនួន២០ ដែលមានដំណើរការ និងការតាំងចិត្តបានល្អបំផុតកាត់បន្ថយកាបូនឱ្យ​នៅកម្រិតទាបនៅថ្ងៃអនាគត។ ក្រុមទី២ មានប្រទេសចំនួន២០ ដែលមានដំណើរការ និងការ​តាំងចិត្ត​ល្អ ដើម្បីឱ្យប្រទេសមានពណ៌បៃតង។ ក្រុមទី៣ ជាក្រុមប្រទេសចំនួន២០ ដែលមាន​ដំណើរការយឺត និងមិនសូវមានការតាំងចិត្តដើម្បីឱ្យប្រទេសមានពណ៌បៃតង។ ចុងក្រោយគឺ​ក្រុមប្រទេសចំនួន ១៦ ដែលមិនមានគោលដៅជួយបរិស្ថាននៅថ្ងៃអនាគត ដោយសារកង្វះ​ខាតការតាំងចិត្តអភិវឌ្ឍវិស័យបរិស្ថាន និងគំនិតច្នៃប្រឌិតផ្នែកសេដ្ឋកិច្ច។ 
 
តាមរបាយការណ៍ឆ្នាំ២០២២ ប្រទេសចំនួន ១០ដែលមានដំណើរការ និងការតាំងចិត្តល្អ​បំផុតក្នុងគម្រោងជួយបរិស្ថានដោយកាត់បន្ថយកាបូនឱ្យនៅកម្រិតទាបនាពេលអនាគតរួម​មាន៖ 
 
១, អ៊ីស្លង់ 
២, ដាណឺម៉ាក
៣, ហូឡង់
៤, អង់គ្លេស
៥, ន័រវែស 
៦,ហ្វាំងឡង់ 
៧, បារាំង 
៨, អាល្លឺម៉ង់ 
៩,ស៊ុយអែត 
១០,កូរ៉េខាងត្បូង។
 
ក្នុងចំណោមប្រទេសដែលធ្វើបានល្អផ្នែកបរិស្ថានភាគច្រើនជាប្រទេសអឺរ៉ុប គឺមានតែកូរ៉េ​ខាងត្បូងប៉ុណ្ណោះជាប្រទេសអាស៊ីស្ថិតក្នុងតារាងលំដាប់ទី១០ ខណៈជប៉ុនស្ថិតនៅលំដាប់​ទី១៩។ 
 
គួរបញ្ជាក់ថា អ៊ីស្លង់បានជាប់ចំណាត់ថ្នាក់លេខ ១ ព្រោះប្រទេសនេះបានផលិតថាមពល​អគ្គិសនីចេញពីប្រភពកកើតឡើងវិញ ខណៈការផលិតទទួលបានច្រើនជាងការប្រើប្រាស់​ទៅទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com