អន្តរជាតិ
អ្នក​ជំនាញ​ថា ចិន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង J-20 ក្នុង​តំបន់​អាស៊ី​​ដើម្បី​ទប់ទល់​យន្តហោះ​ចម្បាំង​អាមេរិក US F-35s
24, Apr 2022 , 1:01 pm        
រូបភាព
ចិន​បង្ហាញ​ចម្បាំង​ប្រភេទ J-20 របស់​ខ្លួន​នៅ​ខេត្ត Guangdong ប្រទេស​ចិន ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦
ចិន​បង្ហាញ​ចម្បាំង​ប្រភេទ J-20 របស់​ខ្លួន​នៅ​ខេត្ត Guangdong ប្រទេស​ចិន ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦
ដោយ: VOA
ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ - អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ចិនបាន​ដាក់​ពង្រាយយន្តហោះ​ចម្បាំង​នៅ​ក្នុងតំបន់​ដែនសមុទ្រ​ជិត​ៗរបស់​ខ្លួន​ដើម្បី​ទប់ទល់​នឹងសកម្មភាព​យោធា​អាមេរិក​ដែល​កំពុង​កើន​ឡើងនៅ​ទ្វីបអាស៊ី។

 
យន្តហោះ​ចម្បាំងចិន​ដែល​ផលិត​ក្នុង​ស្រុក Chengdu J-20 ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួននៅ​ភាគ​ខាង​ត្បូង​សម្រាប់​បេសកកម្មនៅតំបន់​សមុទ្រ​ចិន​ខាង​ត្បូងនិង​ខាង​កើត​និង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ នេះ​បើតាម​ការឲ្យ​ដឹង​របស់​ក្រុម​អ្នក​ជំនាញ​និងសេចក្តីរាយការណ៍​ព័ត៌មាន​នានា​ពី​ទ្វីបអាស៊ី។
 
យន្តហោះ​ចម្បាំង​ប្រភេទ J-20 បាន​ចាប់ផ្តើម​ការហ្វឹកហ្វឺនជា​ប្រចាំ​និងហោះ​យាមល្បាតនៅ​ក្នុង​តំបន់​សមុទ្រ២។ នេះ​បើតាម​ការចេញ​ផ្សាយ​របស់​របស់​សារព័ត៌មាន Global Times ដែល​គ្រប់គ្រង​ដោយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃទី១៣ ខែ​មេសា​នេះ។ សេចក្តីរាយការណ៍​នោះ បាន​ដក​ស្រង់​សម្តី​លោក Ren Yukun ប្រធាន​ក្រុម​អធិការកិច្ច វិន័យ​និងការគ្រប់គ្រង​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​យន្តហោះ​ក្នុង​ស្រុក​របស់​ចិន​ ដែល​បាន​ផលិត​យន្តយោះ​ចម្បាំង J-20 នេះ។
 
លោក Gregory Poling ជា​នាយក​នៃ​គំនិត​ផ្តួចផ្តើមតម្លាភាព​ស្តីពី​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រនិង​ការសិក្សា​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ជាក់​ថា «​ជា​ការសន្មតនេះ​ជាការបង្ហាញ​នូវអ្វី​ដែល​ចិនអាច​ទប់ទល់ជាមួយអាមេរិកជុំវិញ​បញ្ហា​កោះតៃវ៉ាន់​ឬ​នៅតំបន់​សមុទ្រ​ចិន​ខាងកើត»។
 
រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បាន​ប្រើ​នាវា​ចម្បាំង​ឆ្លងកាត់​ជា​ញឹក​ញាប់​នៅក្នុងតំបន់សមុទ្រ​ដែល​មានជម្លោះនៅ​អាស៊ី​នោះ បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ២គ្រឿងទៅកាន់សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ខែ​មករា​កន្លង​ទៅ។
 
ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង​ បាន​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទF-35s របស់​អាមេរិក​ហើយ​ប្រទេស​សិង្ហបុរី​និង​ថៃ​អាច​ទិញយន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ដែរ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​វិទ្យុអាស៊ីសេរី។ក្រុមហ៊ុន​ការពារ​ជាតិ​អាមេរិកLockheed Martin ជា​អ្នក​ផលិតយន្តហោះ​ចម្បាំង​ប្រភេទ F-35s ។
 
អ្នកវិភាគមួយ​ចំនួន​លើក​ឡើង​ថា ការធ្វើ​សកម្មភាព​ថ្មី​ៗ​របស់​សហរដ្ឋ​អាមេរិក បានជំរុញ​ឲ្យ​ចិន​ដាក់​ពង្រាយការហោះហើរយន្តហោះ​ចម្បាំងJ-20s របស់​ខ្លួន។ មន្ត្រី​ចិន​ បាន​ចាត់ទុករដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ជា​អតីត​សត្រូវ​នៅ​ក្នុង​សង្គ្រាម​ត្រជាក់​នោះ ជា​គូប្រជែងដែល​មានឥទ្ធិពល​មួយ​ដែល​ចង់រាំងខ្ទប់​ការពង្រីក​ឥទ្ធិពលរបស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រជិត​ខាង​របស់​ប្រទេសនេះ។
 
រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និយាយ​ថា តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវតែ​ស្ថិតនៅ​ជាផ្លូវទឹក​សម្រាប់​នាវាចរណ៍​អន្តរជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com