ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីព្រឹទ្ធសភាអាម៉េរិក ចូលជជែកជាមួយលោក កឹម សុខា ពីដំណើរការសវនាការ
24, Apr 2022 , 3:19 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា និង លោក Paul Grove កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា_
ជំនួបរវាងលោក កឹម សុខា និង លោក Paul Grove កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា_
ដោយ៖ ទេពញាណ 
 
លោក Paul Grove មន្រ្តីគណៈកម្មាធិការត្រួតពិនិត្យនៃព្រឹទ្ធសភាអាម៉េរិក បានចូលជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

 
លោក កឹម សុខា ផ្តល់ព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោកថា៖«ក្នុងជំនួបនេះ យើង បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជាបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កន្លងមក បច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាបញ្ហាតំបន់ និងក្នុងពិភពលោកផងដែរ។ ជាពិសេសលោក បានសម្តែងនូវកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យបច្ចុប្បន្ននៅកម្ពុជា និងបានពិភាក្សាអំពីដំណើរការសវនាការករណីនៃការចោទប្រកាន់មកលើរូបខ្ញុំពីបទគប់គិតជាមួយអង្គការ ឬ រដ្ឋបរទេស ដែលក្នុងនោះមានសហរដ្ឋអាម៉េរិកផងដែរ»។
 
ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងដូចរាល់ដងថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋបរទេស ជាពិសេសជាមួយសហរដ្ឋអាម៉េរិក តាំងពីឆ្នាំ១៩៩៣មក គឺដើម្បីឧត្តមប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋខ្មែរ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ។
 
ក្នុងអំឡុងនៃការបំពេញទស្សនកិច្ចនៅកម្ពុជា លោក Paul Grove បានជួយមន្រ្តីកម្ពុជាមួយចំនួន រួមមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសធារណការ និងដឹកជញ្ជូន និង លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។ តាមរយៈទំព័រហ្វេសប៊ុក លោក កឹម សុខា បង្ហាញការមើលឃើញថា វត្តមានរបស់លោក Paul Grove នៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់។
 
ចំពោះសំណុំរឿងរបស់លោក កឹម សុខា តុលាការភ្នំពេញ បានដំណើរការសវនាការអស់ចំនួន៣៧លើកហើយ ដោយពុំទាន់បានឈានទៅធ្វើសេចក្តីសម្រេចអ្វីឡើយ។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេល១ព្រឹកប៉ុណ្ណោះ សម្រាប់ការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក។ លោក ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 កឹម សុខា
  អាម៉េរិក
  Paul Grove
© រក្សាសិទ្ធិដោយ thmeythmey.com